ជាតិ
ស្ថានីយ៍​បណ្តុះ​កូនឈើ​៨​ហិកតា​កន្លែង​បណ្តុះ​ពូជឈើ​ប្រណិតៗ​នៅ​កម្ពុជា​
22, Dec 2016 , 7:39 am        
រូបភាព
 
​សៀមរាប​៖ ស្ថានីយ៍​បណ្តុះ​កូនឈើ​៨​ហិកតា គឺជា​កន្លែង​មួយ​ក្នុងចំណោម​ទីតាំង​៤​ទៀត ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ ស្ថានីយ៍​នេះ​មាន​ផ្ទៃដី​៨​ហិកតា សម្រាប់​បណ្តុះ​ពូជឈើ​ប្រណិតៗ​ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​។​


​លោក និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ស្ថានីយ៍​បណ្តុះ​កូនឈើ​៨​ហិកតា ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៨ ក្រោយ​ទីតាំង​នេះ​គ្រប់គ្រង​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​។ នៅក្នុង​ស្ថានីយ៍​នេះ មាន​បណ្តុះ​ពូជឈើ​ប្រណិតៗ​រួមមាន គ្រញូង បេង នាងនួន ឆ្នង់ ច្រេះ ជើងចាប ។​ល​។ ដែល​សរុប​ទាំងអស់​មាន​ប្រមាណ​១០​ប្រភេទ​។​
 
 
​តាម​លោក និ​ន ចាន់​សា​មៀន​ដដែល ក្នុង​មួយឆ្នាំៗ​សួន​បណ្តុះ​កូនឈើ​៨​ហិកតា បាន​បណ្តុះ​កូនឈើ​ប្រណិត​ចំនួន ២​ម៉ឺន​កូន ហើយ​នៅ​ឆ្នាំនេះ​បាន​បង្កើន​បរិមាណ​ដល់​ទៅ ២៥០០០​កូន​។ គោលដៅ​ចំណង​សម្រាប់​ការបណ្តុះ គឺ​ផ្តោតលើ​ការដាំ​ឡើងវិញ​នៅលើ​ផ្ទៃដី​ក្នុង​ឧទ្យាន​អង្គរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ចាន់​សា​មៀន​។​
 
​យ៉ាងណាក៏ដោយ គោលបំណង​ខាងលើ​ក៏មាន​ការប្រែប្រួល​ដែរ ដោយ​ក្នុងនោះ​ទាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប អង្គការ និង​ស្ថាប័ន​មួយចំនួន តែង​សុំ​កូនឈើ​ទៅ​ដាំ​នៅ​កន្លែង​ផ្សេងៗ​ទៀត​ក្រៅពី​តំបន់​អង្គរ​ផងដែរ​។ លោក ចាន់​សា​មៀន​បន្ថែម​។​
  
 
​នាយកដ្ឋាន​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា មាន​ស្ថានីយ៍​បណ្តុះ​កូនឈើ​ចំនួន​៤​ទីតាំង​ផ្សេងៗ​គ្នា​។ ទីមួយ ស្ថានីយ៍​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ ដែល​បណ្តុះ​ពូជឈើ​លេខ​១ និង​លេខ​២ មាន​គគីរ កកោះ​។​ល​។ ទី​ពីរ ស្ថានីយ៍​បណ្តុះ​កូនឈើ​មណ្ឌល​បី ដែល​បណ្តុះ​ពូជ​កូនឈើ​ហូប​ផ្លែ​។ ទី​បី ស្ថានីយ៍​បណ្តុះ​កូនឈើ​៨​ហិកតា ដែល​បណ្តុះ​ពូជឈើ​ប្រណិត​។ និង​ទី​បួន ស្ថានីយ៍​សួន​គ្រឿងទេស ដែល​អភិរក្ស​គ្រឿងទេស​សរុប​ទាំងអស់​មាន​ចំនួន ៧៣​ប្រភេទ ហើយ​ស្ថានីយ៍​នេះ​ពុំ​មានការ​ចែកចាយ​កូន​សម្រាប់​ដាំ​នៅ​កន្លែង​ផ្សេងទៀត​នោះទេ​។​
 
​គួរ​បញ្ជាក់ថា ស្ថានីយ៍​ចំនួន​៣​របស់​នាយកដ្ឋាន​ព្រៃឈើ​ដោយ​មិន​រាប់បញ្ចូល​សួន​គ្រឿង​ទេសច បាន​បណ្តុះ​កូនឈើ​ចំនួន ៧០​ពាន់​ដើម​ជា​រៀងរាល់ឆ្នាំ​។ ហើយ​កូនឈើ​ទាំងអស់ ត្រូវមាន​អាយុកាល​ចំនួន ២​ឆ្នាំ​ទើប​អាច​យកទៅ​ដាំ​បាន​៕








Tag:
 ព្រៃឈើ​
  និ​ន ចាន់​សា​មៀន​
  អាជ្ញាធរ​ជាតិ​អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com