ជាតិ
យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៧​
22, Dec 2016 , 10:14 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន បាន​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច​ត្រៀម​ចាប់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាង​៥​ពាន់​នាក់ នៅ​ទូទាំងប្រទេស ដើម្បី​នាំខ្លួន​ពួកគេ​ចូល​មណ្ឌល​កែប្រែ​បន្សាប​សារធាតុ​ញៀន​។​


​ថ្លែង​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្តីពី យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅ​ព្រឹក​ថ្ងៃទី​២២ ធ្នូ នេះ លោក កែ គឹមយ៉ាន បាន​និយាយថា អ្នកប្រើប្រាស់​គ្រឿងញៀន​ជាង​៥​ពាន់​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​រួចរាល់​ហើយ ដោយ​ក្នុងនោះ​មាន​អ្នក​កំពុង​ប្រើប្រាស់​សារធាតុ​ញៀន​ជាង​៣​ពាន់ នៅក្នុង​រាជធានី​ភ្នំពេញ ។​
 
​បើតាម​លោក កែ គឹមយ៉ាន ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នឹង​បើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើកទីមួយ​នេះ រយៈពេល​៦ ខែ ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទូទាំងប្រទេស​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​ផែន​ប្រឆាំង​គ្រឿងញៀន​លើកទីមួយ ដោយ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន​ដឹកនាំ​ផ្ទាល់​និង​លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជា​អនុប្រធាន​។ នេះ​បើតាម​ផែនការ​រដ្ឋាភិបាល​ចុះ​ថ្ងៃទី​១៣ ធ្នូ​នេះ​។​
 
​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន ៤,១៩១ ករណី ក្នុងនោះ​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ជាង​១​ពាន់​ករណី​។ ចាប់ខ្លួន​ជនសង្ស័យ​សរុប​៩,៨០២ នាក់ ក្នុងនោះ​អ្នកប្រើប្រាស់​មាន​គ្រឿងញៀន ៣,៦១១​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​១៧៥​គីឡូក្រាម​។ បើតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តួលេខ​នៃ​ការ​សម្រង់​អ្នកប្រើប្រាស់​គ្រឿងញៀន មាន​ចំនួន​១៨,៥៥៤​នាក់ កើនឡើង​៤,២៤២​នាក់ ស្មើនឹង​២៩,៦៣​ភាគរយ ធៀប​នឹង​ពេលមុន​៕
 

Tag:
 កែ គឹមយ៉ាន​
  ស ខេង​
 ​គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com