ជាតិ
​សិក្ខាសាលា​ស្ដីពី​៖ “​ហេតុអ្វី​ត្រូវការ​ការសិក្សាអប់រំ​?”
22, Dec 2016 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
“​អ្វីដែល​យើង​ដឹង​មិន​សំខាន់​! តែ​អ្វីដែល​សំខាន់​តើ​យើង​បានធ្វើ​វា​ឬ​នៅ​?” នេះ​ជា​សំណួរ​លោក កែវ ឡង់ឌី ដែលជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល អគ្គនាយករង​ប្រតិបត្តិ និង​អគ្គនាយក​អប់រំ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន បាន​សួរ​ទៅកាន់​សិស្សានុសិស្ស​នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងឋានៈ​លោក​ជា​វាគ្មិន​នៅក្នុង​កម្មវិធី​សិក្ខាសាលា​មួយ​ស្ដីពី “​ហេតុអ្វី​ត្រូវការ​ការសិក្សាអប់រំ​” ដែល​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សាលប្រជុំ សូវ ហុង​គុយ នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង​។សិក្ខាសាលា​នេះ​គឺ​បង្កើតឡើង​ក្នុង​បំណង​ជំរុញ​ឱ្យ​សិស្សានុសិស្ស​មាន​កម្លាំងចិត្ត​ក្នុងការ​សិក្សា ព្រោះ​បើ​សិស្សយ​ល់ពី​តម្លៃ​នៃ​ការសិក្សា នោះ​ពួកគាត់​នឹង​ខិតខំ​ជម្នះ​រាល់​ឧបសគ្គ​ទាំងអស់​ក្នុងកំលុងពេល​ពួកគាត់​កំពុង រៀន​។ នេះ​ជាការ​អះអាង​របស់លោក កែវ ឡង់ឌី​។​



​សូម​ជម្រាបជូន​ថា វាគ្មិន​រូបនេះ​បានលើកឡើង​នៅ​ចំពោះមុខ​សិស្សានុសិស្ស​ដែលមាន​វត្តមាន​នៅក្នុង អង្គសិក្ខាសាលា​នោះ ប្រមាណ​ជិត​៨០០​នាក់​ថា ការសិក្សាអប់រំ​ធ្វើឱ្យ​យើង​បានដឹង បាន​ស្គាល់ បាន​យល់​នូវ​រឿងរ៉ាវ​ជាច្រើន ប៉ុន្តែ​អ្វីដែល​ដឹង​ហើយ ឮ​ហើយ​មិន​ព្រម​យកមកអនុវត្ត គឺ​លទ្ធផល​ស្មើនឹង​សូន្យ ពោល​គ្មាន​ប្រយោជន៍​អ្វី​ទាំងអស់​ចំពោះ​ខ្លួនឯង គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល​។​



​លោក កែវ ឡង់ឌី បាន​ថ្លែង​បន្ថែមថា មនុស្ស​យើង​គ្រប់រូប​កើតមក​សុទ្ធតែ​ជាប់​មកជា​មួយ​នូវ​ចរិត​ព្រៃ​ដូចៗ​គ្នា​។ ចរិត​ព្រៃ​ទាំងនោះ​អាចជា​ចរិត​កោងកាច ព្រហើន ក្អេងក្អាង អំនួត ឫក អឿ ឈ្លើយ និង​ចរិត​អសីលធម៌​ផ្សេងៗ​ទៀត​ជាដើម​។ ពោល​មនុស្ស​មិនអាច​លះ​ចោល​ចរិត​ពី​កំណើត​នេះ​បាន​ដោយ​ងាយៗ​ឡើយ គឺ​មានតែ​អ្នកមានចំណេះដឹង​ប៉ុណ្ណោះ​ដែល​អាច​គ្រប់គ្រង​លើ​វា​បាន​។ ដូចនេះហើយ​បានជា​យើង​ចាំបាច់​ត្រូវការ​ការសិក្សាអប់រំ ពីព្រោះ​វា​មិន​ត្រឹមតែ​អាច​ផ្លាស់ប្ដូរ​បុគ្គលិកលក្ខណៈ​ខ្លួនឯង​ផ្ទាល់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ផ្លាស់ប្ដូរ​ពិភពលោក​បានដែរ​។ នេះ​ជា​ហេតុផល​សំខាន់​ដែល​សាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើតឱ្យមាន​កម្មវិធី​សិក្ខាសាលា​នេះ​ឡើង​។

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​៥ ហើយ​ដែល​គណៈ​គ្រប់គ្រង​នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំ​សិក្ខាសាលា​ស្ដីពី “​ហេតុអ្វី​ត្រូវការ​ការសិក្សាអប់រំ​” នេះ​ឡើង​។ ក៏​គួរ​ជម្រាបជូន​ដែរ​ថា ក្នុង​មួយឆ្នាំ​គឺមាន​ការរៀបចំ​ឱ្យមាន​សិក្ខាសាលា​នេះ​ឡើង​ចំនួន​ពីរដង ក្នុង​បំណង​ចែករំលែក​ចំណេះដឹង​ដល់​សិស្ស​ថ្នាក់​ទី​១១ នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង និង​សម្រាប់​សិស្សានុសិស្ស​ទូទៅ​នៃ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង​៣​សាខា ដើម្បីឱ្យ​ពួកគេ​យល់ថា ហេតុអ្វី​ពួកគាត់​ចាំបាច់​ត្រូវការ​ការសិក្សាអប់រំ​? ប្រសិនបើ​ពួកគាត់​មិនបាន​សិក្សាអប់រំ តើ​ពួកគាត់​នឹង​ជួប​បញ្ហា​អ្វីខ្លះ​? ជាងនេះទៅទៀត ចង់ឱ្យ​សិស្ស​យល់ថា រវាង​អ្នកមាន​ការសិក្សាអប់រំ​ខ្ពស់ និង​អ្នក​គ្មាន​សិក្សាអប់រំ តើ​មាន​ការគិត ឬ​ការ​វិនិច្ឆយ​ខុសគ្នា​យ៉ាងណា​?



(​អត្ថបទ​សាលា​)


© រក្សាសិទ្ធិដោយ thmeythmey.com