ជាតិ
​​​ន​យោ​បាយ​ជាតិ​
ករណី​លោក កែម ឡី​៖​សម្ដេច ហេង សំរិន បដិសេធ​សំណើ​លោក អេង ឆៃអ៊ាង ដែល​កោះហៅ​សម្ដេច ស ខេង
22, Dec 2016 , 4:46 pm        
រូបភាព
 
​ភ្នំពេញ​៖ ប្រធានរដ្ឋសភា​សម្ដេច ហេង សំរិន បាន​ច្រានចោល​សំណើ​ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា​លោក អេង ឆៃអ៊ាង ដែល​កោះហៅ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​សម្ដេច ស ខេង មក​សាកសួរ​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​ឃាតកម្ម​លោក កែម ឡី​។​


​តាមរយៈ​លិខិត​របស់​អ្នកនាំពាក្យ​រដ្ឋសភា ចុះ​ថ្ងៃទី​២២ ធ្នូ​នេះ បាន​បញ្ជាក់ថា​៖«​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានសម្រេច​មិន​បញ្ជូន​លិខិត​នេះ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​អញ្ជើញ សម្តេច​ក្រឡាហោម មក​បំភ្លឺ​ទេ ដោយហេតុថា ករណី លោក កែម ឡី នេះ​បាន​ធ្លាក់​ទៅក្នុង​សមត្ថកិច្ច​របស់​តុលាការ​តាំងពី​ដំណាក់កាល​ដំបូង និង​តាំងពី​យូរ​មកហើយ​។ ហើយ​ទាំង​រដ្ឋសភា និង​ទាំង​រាជរដ្ឋាភិបាល សុទ្ធតែ​ពុំមាន​សិទ្ធិ​អ្វី​ជ្រៀត​ជ្រែកចូល​កិច្ចការ​របស់​តុលាការ​ឡើយ​»​។ 
 
​ទាក់ទង​នឹង​ការលើកឡើង​របស់​ប្រធានរដ្ឋសភា​នេះ លោក អេង ឆៃអ៊ាង មិនអាច​ទទួលយក​ហេតុផល​ខាងលើនេះ​បានឡើយ​។ លោក​ថា ការបកស្រាយ​របស់​ប្រធានរដ្ឋសភា​នេះ ហាក់ដូចជា​ផ្ទុយ​ពី​តួនាទី​គណៈកម្មការ​រដ្ឋ​សភា ដែល​ត្រូវមាន​ភារកិច្ច​សួរនាំ​នីតិប្រតិបត្តិ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត​និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ដែរ​។ ខ្ញុំ​ឆ្ងល់​ថា តើ​អគ្គលេខា​រដ្ឋសភា គាត់​បកស្រាយ​តាម​មាត្រា​ច្បាប់ ឫ​បញ្ញត្តិ​ណា ដែល​មិន​ឲ្យ​គណៈកម្មការ​រដ្ឋសភា​កោះហៅ​រដ្ឋមន្ត្រី​មក​បកស្រាយ គ្រាន់តែ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ ព្រោះ​រដ្ឋសភា គឺជា​អ្នក​ចាំ​សាកសួរ​ដេញដោល​។ ហើយ​អ្វីដែល​ខ្ញុំ​មិន​យល់​នោះ រដ្ឋសភា​បែ​ជា​មក​ឆ្លើយ​បដិសេធ​ការកោះហៅ​សម្ដេច​ក្រឡាហោម ជំនួស​នីតិប្រតិបត្តិ ឫ​នាយករដ្ឋមន្ត្រី​ទៅវិញ​»​។​
 
​ប៉ុន្តែ​បើទោះជា​មិនអាច​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មក​សាកសួរ​ក្តី ក៏​លោក អេង ឆៃអ៊ាង មិន​បញ្ឈប់​ការរក​យុត្តិធម៌​ជូន​លោក កែម ឡី ឡើយ​។ បើតាម​លោក ឆៃអ៊ាង លោក​នឹង​កោះហៅ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​មក​សួរនាំ​ករណី​ឃាតកម្ម​លោក កែម ឡី នេះ​។​
 
​អ្នកស្រាវជ្រាវ និង​ជា​អ្ន​វិភាគ លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្តា​ម៉ា​ត​មួយ នា​ស្ថានីយ៍​សាំង​កាល់​តិច Caltex ក្បែរ​ស្តុ​ប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ ។ ភ្លាមៗ​ក្រោយ​ឃាតកម្ម​ទៅលើ​លោក កែម ឡី សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឃាតករ ដែល​បាន​អះអាងថា​ឈ្មោះ ជួប សម្លាប់​។ ប៉ុន្តែ ជាង​៥​ខែ​ហើយ ដែល​គ្រួសារ​សព​លោក កែម ឡី នៅតែ​ទាមទា​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន លោក កែម ឡី ព្រមទាំង​បញ្ចេញ​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ​របស់​ហាង​សាំង​កាល់​តិច​នោះ​ផង ៕
 

Tag:
 កែម ឡី​
 ​ហេង សំរិន​
 ​ស ខេង​
  អេង ឆៃអ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com