ជាតិ
កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ទី​២​រៀបចំ​ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​រួម​អាស៊ាន​-​ចិន​
27, Dec 2016 , 8:59 pm        
រូបភាព
​សៀមរាប​៖ សិក្ខាសាលា​ស្តីពី​ការសម្តែង​សិល្បៈ​រួម​អាស៊ាន​-​ចិន ត្រូវបាន​ធ្វើឡើង​មុន​មួយថ្ងៃ នៃ​ការចាប់ផ្តើម​ព្រឹត្តិការណ៍​សម្តែង​រួម​ដ៏​ធំ​មួយ ដែល​គ្រោង​ធ្វើឡើង​នៅ​បរិវេណ​ប្រាសាទបាយ័ន​។ ព្រឹត្តិការណ៍​ដ៏​ធំ​នេះ គឺមាន​ការចូលរួម​ពី​សិល្បករ សិល្បការិនី ក្នុងប្រទេស​អាស៊ាន​-​ចិន ដែល​នឹង​មក​សម្តែង​រួមគ្នា​បង្កើតជា​ផ្ទាំងទស្សនីយភាព​ដ៏​អស្ចារ្យ ដែល​គេ​រំពឹងថា​នឹងមាន​ការផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​កាន់តែច្រើន​នៅ​ទូទាំង​សកលលោក​។​



​សិក្ខាសាលា​ដែលមាន​ការចូលរួម​ពី​សិល្បករ សិល្បការិនី ប្រទេស​អាស៊ាន​-​ចិន ត្រូវបាន​រៀបចំឡើង​នៅ​សណ្ឋាគារ​សុខា​អង្គរ នា​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦​។ នៅ​ទីនោះ ពួកគេ​នឹង​ជជែក​ពិភាក្សាគ្នា​លើ​ការងារ​មួយចំនួន​ដែល​ទាក់ទង​នឹង​វិស័យ​វប្បធម៌ សិល្បៈ ក៏ដូចជា​ហាត់​សម​សម្តែង​រួមគ្នា​លើ​ទម្រង់​សិល្បៈ​មួយចំនួន​។​

​លោកស្រី សឿង រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​សិក្ខាសាលា​នៅពេល​នោះបាន​លើកឡើងថា ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​រួម​អាស៊ាន​-​ចិន ក្រោម​ប្រធានបទ «​ក​រត​ភា្ជ​ប់​ក្នុង​ភាព​ចម្រុះ​គ្នា​» គឺមាន​ភាព​ពិសេស ដោយសារ​មានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​អាស៊ាន​-​ចិន​។ លោកស្រី​បន្តថា ព្រឹត្តិការណ៍​នេះ​ផ្តល់​សារប្រយោជន៍​ច្រើន​ក្នុង​ការបង្កើន​ទំនាក់ទំនង​យុវជន​ចិន​-​អាស៊ាន ហើយ​វា​នឹង​ផ្តល់​ឳ​កាស​ឲ្យ​អ្នកសិល្បៈ​ទាំងអស់ ចូលរួម​ពិភាក្សា ស្វែងយល់​ពីគ្នា រៀន​ពីគ្នា បង្កើត​មិត្តភាព យោគ​ជ័យ និង​ស្វែងយល់​ពី​វប្បធម៌​ពីគ្នា​ទៅវិញទៅមក​។​



​លោកស្រី សឿង រដ្ឋ​ចា​វី បាន​សង្កត់​ទៀតថា​៖« សារសំខាន់​ជាងគេ​គឺ​កម្ពុជា​។ ក្រៅពី​ផ្សព្វផ្សាយ​ពី​វិស័យ​វប្បធម៌ ទេសចរណ៍ ជាពិសេស​នោះ​ផ្នែក​នយោបាយ ក្នុងន័យ​ថា​កម្ពុជា​កំពុង​ជួយ​ជំរុញ​ពង្រឹង​ទំនាក់ទំនង​កម្ពុជា​-​ចិន និង​អាស៊ាន​-​ចិន កម្ពុជា​ចំណេញ​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​»​។​

​អគ្គនាយក​បច្ចេកទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ហាប់ ទូច បាន​ឲ្យ​ដឹង​ដែរ​ថា ក្រសួង​វប្បធម៌​ពិតជា​មានចិត្ត​សប្បាយរីករាយ​ណាស់ ដែល​បានឃើញ​ការសម្តែង​រួមគ្នា​របស់​សិល្បករ សិល្បការិនី​ចម្រុះ​។ លោក​បន្ថែមថា វា​ជា​ឳ​កាស​ដើម្បី​ពង្រឹង​វិស័យ​វប្បធម៌ ហើយ​មាន​ឳ​កាស​បង្ហាញជូន​សាធារណជន​ឲ្យ​បានឃើញ​សិល្បៈ​ចម្រុះ​នេះ​នៅលើ​ទឹកដី​ដ៏​អច្ឆរិយៈ​របស់​ខ្មែរ​។​



​តាម​ការបញ្ជាក់​របស់​លោក ហាប់ ទូច ក្នុងការ​សម្តែង​រួមគ្នា​ដែល​គ្រោង​ធ្វើ​នៅ​យប់​ថ្ងៃទី​២៨ ធ្នូ នៅ​ប្រាសាទបាយ័ន កម្ពុជា​ក៏មាន​ឆាក​ដ៏​អស្ចារ្យ​ដើម្បី​យកមក​សម្តែង​ផងដែរ ក្នុងនោះ​មាន​របាំ​កូរ​សមុទ្រ​ទឹកដោះ ដែល​របាំ​នេះ​មាន​អត្ថន័យ​ធំធេង​ក្នុង​វប្បធម៌ និង​សង្គម​រស់នៅ​នាពេល​បច្ចុប្បន្ន​។​

​គួររម្លឹកថា ការ​ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​រួម​អាស៊ាន​-​ចិន​ដែល​ធ្វើ​នៅពេលនេះ គឺជា​លើក​ទី​២​ហើយ ហើយ​កម្ពុជា​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ទាំង​២​លើក​។ លើក​ទី​១ ត្រូវបាន​ធ្វើឡើង​អំឡុង​ឆ្នាំ​២០០៦ ដើម្បី​អបអរ​ខួប​លើក​ទី​១៦ នៃ​ទំនាក់ទំនង​អាស៊ាន​-​ចិន ហើយ​ទទួលបាន​ជោគជ័យ​លើសពី​ការរំពឹងទុក​។ ភាពខុសគ្នា​ជាមួយ​ព្រឹត្តិការណ៍​លើក​ទី​២ គឺថា​លើក​ទី​១ វា​គ្រាន់តែ​ជាការ​សម្តែង​សិល្បៈ​រួមគ្នា​តែប៉ុណ្ណោះ ដោយ​ពុំមាន​សិក្ខាសាលា​ដូចដែល​បានរៀបចំ​នៅពេលនេះ​នោះទេ​។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​គំនិត​ផ្តួចផ្តើម​របស់​សម្តេច ហ៊ុន សែន ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​កិច្ចសន្ទនា​ដៃគូ អាស៊ាន​-​ចិន និង​ទទួលបាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​កំពូល​បណ្តា​ប្រទេស​ជា​សមាជិក​៕


Tag:
 សិល្បៈ​រួម​អាស៊ាន​-​ចិន​
  បាយ័ន
© រក្សាសិទ្ធិដោយ thmeythmey.com