ជាតិ
សង្គម​ស៊ីវិល នៅ​បារម្ភ​ពី​អនាគត​ព្រៃឈើ​នៅ​កម្ពុជា​
27, Dec 2016 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ តំណាង​អង្គការ​បរិស្ថាន​ក្រៅ​រដ្ឋាភិបាល​ពាក់ព័ន្ធ នៅតែ​បារម្ភ​ចំពោះ​អនាគត​នៃ​ធនធាន​ព្រៃឈើ​ក​ម្ពុ​ជា ខណៈ​ពួកគេ​អះអាងថា​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅតែ​បន្ត​កើត​មាន។ ទោះជា​មន្ត្រី​រដ្ឋាភិបាល អះអាងថា កម្ពុជា​បានការ​ពារ​ព្រៃឈើ​ប្រសើរ​ជាង​មុន ប៉ុន្តែ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ នៅតែ​ស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ​សហការគ្នា ក្នុង​ការងារ​ការពារ​ព្រៃឈើ​កម្ពុជា​។​



នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យុវជន​ខ្មែរ និង​ការអភិវឌ្ឍន៍​សង្គម អ្នកស្រី ស៊ុំ កល្យាណ បាន​លើកឡើងថា កាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​នៅតែ​កើតមាន​កម្ពុជា ទោះបីជា​រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ស្តីពី តំបន់​ការពារ​ព្រៃឈើ​ក្តី​។ អ្នកស្រី បញ្ជាក់​បែបនេះ ក្នុង​វេទិកា​សន្តិភាព​ស្តីពី មរតក​ធនធានធម្មជាតិ​កម្ពុជា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ នៅ​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង (AII)​។ តំណាង​គណៈកម្មាធិការ​រៀបចំ​វេទិកា​រូបនេះ បារម្ភ​ពី​ការបាត់បង់​ធនធាន​ព្រៃឈើ ដោយសារ​ភាពខ្វះ​ចន្លោះ​ការគ្រប់គ្រង និង​ការទាញយក​ផល​ធនធានធម្មជាតិ​ហួស​កម្រិត​ដោយ​ខុសច្បាប់ និង​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​សហការគ្នា ការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា​។ អ្នកស្រី​ស៊ុំ កល្យាណ បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ត្រូវ​សហការ​ទាំងអស់គ្នា ដើម្បី​ការពារ​ធនធានធម្មជាតិ​។ បើ​យើង​ចាប់ផ្តើម​ពេលនេះ យើង​នឹង​អាច​ថែរក្សា​ធនធានធម្មជាតិ​យើង​បាន តែបើ​យើង​បន្ត​ព្រងើយកន្តើយ​ទៅ​ត​ទៀត​នោះ វា​នឹង​អាច​បាត់បង់​»​។



លោក ឃៀង សុ​ជីវី ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​អង្គការ FORUM SYD នៃ​ប្រទេស   ស៊ុយអែត ក៏​លើកទ្បើង​ពី​កង្វល់​ស្រដៀង​នេះដែរ​។ ក្រៅពី​បង្ហាញ​ផលប៉ះពាល់​ដល់​បរិស្ថាន ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ លោក ឃៀង សុ​ជីវី ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ពង្រឹងសមត្ថភាព​ស្ថាប័ន និង​ត្រូវមាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​ទ្រទ្រង់​សកម្មភាព​ការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ 



ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក ស្រ៊ី គឹម​យី តំណាង​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និយាយថា រដ្ឋាភិបាល តាមរយៈ​ក្រសួងបរិស្ថាន បានចេញ​យុទ្ធសាស្ត្រ​នានា ដើម្បី​ការពារ​ធនធានធម្មជាតិ ក្នុងនោះ​មានការ​ធ្វើ​ទំនើបកម្ម​ស្ថាប័ន កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព​។ លោក ស្រ៊ី គឹម​យី បន្តថា វិធានការ​គ្រប់គ្រង​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​នេះ នៅតែ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់ សម្រាប់​ធានា​ដល់​ការការពារ​ជីវៈចម្រុះ និង​ការថែរក្សា​បរិស្ថាន ដើម្បី​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ជាស​កល​។ មន្ត្រី​ក្រសួងបរិស្ថាន​រូបនេះ បញ្ជាក់​បន្ត​យ៉ាងនេះ​ថា​៖«​រាជរដ្ឋាភិបាល​បានរៀបចំ​វិធានការ​ច្បាប់​គោលនយោបាយ និង​ការគ្រប់គ្រង​គម្រោង​វិនិយោគ​ទាំងទ្បាយ ក្នុង​គោលដៅ​ថែរក្សា និង​អភិវឌ្ឍ​ធនធានធម្មជាតិ​បរិស្ថាន​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​»​។​



បើតាម​របាយការណ៍​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា កម្ពុជា​ជា​ប្រទេស​លំដាប់ថ្នាក់​ទី ០៣ ដែលមាន​អត្រា​កាប់បំផ្លាញ​ព្រៃឈើ​ខ្ពស់បំផុត​លើ​ពិភពលោក​។ ក្នុង​ឆ្នាំ​២០១៤  កម្ពុ​ជាមាន​ដី​គ្មាន​គម្រប​ព្រៃឈើ​ចំនួន​ជិត ៥០​ភាគរយ ស្របពេល​ដង់ស៊ីតេ​ព្រៃឈើ​បាន​ធ្លាក់ចុះ​ពី ៤២ ភាគរយ​មក ១៦ ភាគរយ​៕






© រក្សាសិទ្ធិដោយ thmeythmey.com