ជាតិ
គ​.​ជ​.​ប ប្រកាសថា ឈ្មោះ​ពលរដ្ឋ​ខុស​ជាង​២៣​ម៉ឺន​នាក់ ក្នុង​បញ្ជី​បោះឆ្នោត​
28, Dec 2016 , 12:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ពិនិត្យឃើញថា ឈ្មោះ​ប្រជាពលរដ្ឋ​ខុស​ជាង​២៣​ម៉ឺន​នាក់ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​គជប នឹង​ពិចារណា​លុបចេញ​។​



​ថ្លែង​ក្នុង​សន្និសីទកាសែត​ថ្ងៃទី​២៨ ធ្នូ​នេះ អគ្គលេខាធិការ​គ​.​ជ​.​ប លោក ទេព នីថា បាន​បញ្ជាក់ថា ក្រោយពី​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​រួចមក គ​.​ជ​.​ប ឃើញ​មានឈ្មោះ​ខុស​ជាង​២៣​ម៉ឺន​នាក់ ដោយ​ក្នុងនោះ​ឈ្មោះ​ស្ទួន​ជិត​២​ម៉ឺន​នាក់ និង​ឈ្មោះ​ខុស​ប្រក្រតី ដែល​ត្រូវ​លុបចេញ​ចំនួន​៨​ពាន់​នាក់​។ បើតាម​លោក ទេព នីថា គ​.​ជ​.​ប នឹង​ពិភាក្សាគ្នា​ម្ដងទៀត នៅ​ថ្ងៃទី​៣០​ធ្នូ មុននឹង​សម្រេច​ថា តើ​គួរតែ​លុបឈ្មោះ​ទាំងនេះ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត ឬ​យ៉ាងណា​?

​លោក ទេព នីថា និយាយថា គ.ជ.ប បាន​​ពិនិត្យ​​ឃើញ​​​​ឈ្មោះ និងអត្តញ្ញាណ​​​​ដែល​​​ស្ថិតក្នុង​​​ទិន្នន័យ​​​ដែលបញ្ជូន​​​មក ​​គ.ជ.ប ជាង​​ ២០ម៉ឺននាក់​​​នោះ មាន ខុស​​ឈ្មោះ​​ ខុសថ្ងៃ​​​ខែឆ្នាំ​កំណើត ​​ខុសស្នាមផ្តិត​​​មេដៃ ខុស​​អត្តសញ្ញាណ​​បណ្ណ ពេលចុះ​​ឈ្មោះ​​ក្នុងបញ្ជី​​​បោះឆ្នោត​​។ គ​.​ជ​.​ប​ ចាត់ទុក​ករណី​ខុស​ឈ្មោះ​និង​ឈ្មោះ​ស្ទួន​នេះ អាចមកពី​បញ្ហា​បច្ចេកទេស និង​ភាពខ្វះ​ចន្លោះ​របស់​មន្ត្រី​បច្ចេកទេស គ.ជ.ប​។​

​គ​.​ជ​.​ប នឹង​បិទ​ផ្សាយ​ឈ្មោះ​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​រួច នៅតាម​ការិយាល័យ​ចុះឈ្មោះ​កន្លងមក នៅ​ថ្ងៃទី​៣ ដល់​១៤ មករា ដើម្បី​ឲ្យ​ពួកគេ​ត្រួតពិនិត្យ​ឈ្មោះ​រៀងខ្លួនៗ​។ ហើយ​ពួកគេ​អាចដាក់​ពាក្យ​មក គ​.​ជ​.​ប ឲ្យ​កែតម្រូវ​បាន បើសិនជា​ពួកគេ​រកឃើញ​ភាពមិន​ត្រឹមត្រូវ​នៃ​ឈ្មោះ​ខ្លួន​។​

​សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៧,៨៧៣,១៩៤ ស្នើ​នឹង​៨១​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​គ្រប់​បោះឆ្នោត​ចំនួន ៩,៦៦៤,២១៦ លាន​នាក់​។ ចំនួន​ដែល​ចុះឈ្មោះ​បាន​ក្នុង​បញ្ជី​ថ្មី​នេះ ថយចុះ​ជិត ២​លាន​នាក់ ធៀប​ទៅនឹង ៩​លាន ២ សែន​នាក់​ដែល គ​.​ជ​.​ប បាន​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ កាលពី​ឆ្នាំ​២០១២ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សមាជិក​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត គជប ធ្លាប់បាន​បញ្ជាក់ថា មូល​ហេតុដែល​ពលរដ្ឋ​ចុះឈ្មោះ​មិន​គ្រប់​ចំនួន​តាម​ការប៉ាន់ស្មាន​ស្ថិតិ​នោះ បណ្ដាលមកពី ពលរដ្ឋ​ដែល​ចំណាកស្រុក​បម្រើ​ការងារ​នៅក្រៅ​ប្រទេស​ទាំង​ស្របច្បាប់ និង​ខុសច្បាប់​នោះ​មាន​ចំនូ​ន​ជាង​១​លាន​នាក់​។ ចំណែក​ពលរដ្ឋ​ពលរដ្ឋ​មិនអាច​ទៅ​ចុះឈ្មោះ​បាន​នោះ មកពី កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ជាប់ពន្ធនាគារ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅតាម​មន្ទី​ពេទ្យ ជន​ចាស់ជរា ឬ​ជនពិការ ដែល​ពិបាកធ្វើ​ដំណើរការ និង​ករណី​ទទួលមរណភាព​ជាដើម​។ បើតាម​លោក សូ សុផាត ពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មួយចំនួន ក៏​ពុំ​សូវ​យកចិត្តទុកដាក់​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត បើទោះជា​មានការ​ជំរុញ និង​បង្កលក្ខណៈ​ងាយស្រួល​យ៉ាងណាក៏ដោយ​។ តែ​យ៉ាងណា​សមាជិក គ​.​ជ​.​ប រូបនេះ ចាត់ទុក​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី ប្រព្រឹត្តិ​ទៅដោយ​សុវត្ថិភាព និង​លទ្ធផល​ល្អ​៕


Tag:
 ទេព នីថា
  គជប​
 ​ ពលរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com