ជាតិ
តុលាការ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំរឿង​ឃាតកម្ម​លោក កែម ឡី​
28, Dec 2016 , 11:19 pm        
រូបភាព
​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បិទ​បញ្ចប់​ដំណើរការ​ស៊ើបសួរ​ក្នុង​រឿងក្តី​ឃាតកម្ម​លើ កែម ឡី ហើយ​។ បន្ទាប់មក  ចៅក្រម​ស៊ើបសួរ នឹង​បញ្ជូន​សំណុំ​រឿងនេះ ទៅកាន់​ព្រះរាជអាជ្ញា ដើម្បី​សន្និដ្ឋាន​ស្ថាពរ​។​



​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បិទ​បញ្ចប់​ដំណើរការ​ស៊ើបសួរ​ក្នុង​រឿងក្តី​ឃាតកម្ម​លើ កែម ឡី ក្រោយ​ការ​ស៊ើបសួរ ប្រមូល​ភស្តុតាង​ដែល​ទាក់ទិន​ហើយ​។  លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ក្នុង​លិខិត​ជូន​ព័ត៌មាន​ស្តីពី​ការបិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំរឿង ចំ​ថ្ងៃទី​២៣ ខែធ្នូ ដូច្នេះ​ថា​៖«​ក្រោយ​ការ​ស៊ើបសួរ​ប្រមូល​ភស្តុតាង​ដែល​ទាក់ទិន​ហើយ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំ​រឿងនេះ​»​។​

​លោក លី សុផាន់​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​តាម​តេ​ឡេ​ក្រាម​ថា បន្ទាប់ពី​ការបិទ​បញ្ចប់​ការ​ស៊ើបសួរ​ដល់​ភាគី​ដើម​បណ្តឹងរដ្ឋប្បវេណី ជនជាប់ចោទ និង​ព្រះរាជអាជ្ញា ចៅក្រម​ស៊ើបសួរ នឹង​បញ្ជូន​សំណុំរឿង​ទាំងមូល​ទៅកាន់​ព្រះរាជអាជ្ញា ដើម្បី​សន្និដ្ឋាន​ស្ថាពរ​។​

​តាម​មាត្រា ២៤៦ នៃ​ក្រមនីតិវិធី​វិ​ព្រហ្មទណ្ឌ ក្រោយពី​ទទួលបាន​សំណុំរឿង​ពី​ចៅក្រម​ស៊ើបសួរ​រួចហើយ ក្នុង​រយៈពេល ១៥ ថ្ងៃ ព្រះរាជអាជ្ញា ត្រូវ​បង្វិល​សំណុំរឿង​នោះ​ទៅ​ចៅក្រម​ស៊ើបសួរ​វិញ ដោយ​ភ្ជាប់​ជាមួយនឹង​ដីកា​សន្និដ្ឋាន​ស្ថាពរ ក្នុងករណី​ដែល​ពិនិត្យឃើញថា សំណុំរឿង​នោះ មិនចាំបាច់​ស៊ើបសួរ​បន្ថែមទៀត​។ បន្ទាប់មក មាត្រា ២៤៧ នៃ​ច្បាប់​ដដែល​នេះ ក៏​តម្រូវ​ឲ្យ​ព្រះរាជអាជ្ញា ស្នើ​ទៅ​ចៅក្រម​ស៊ើបសួរ​ឲ្យ​ចេញ​ដីកា​ដំណោះស្រាយ​ណាមួយ ក្នុងចំណោម​ដីកា​ដំណោះស្រាយ​ទាំងពីរ​ប្រភេទ​។ ទី ១ ដីកា​បញ្ជូនទៅ​ជំនុំជម្រះ ក្នុងករណី​ចៅ​ក្រ​ស៊ើបសួរ យល់ថា អំពើ​របស់​ជន​ត្រូវ​ចោទ​នោះ ជា​បទឧក្រិដ្ឋ បទមជ្ឈិម ឬ​បទលហុ​។ ទី ២ ដីកា​លើកលែង​ការចោទប្រកាន់ ប្រសិនបើ​ចៅក្រម​ស៊ើបសួរ​យល់ថា អំពើ​នោះ មិនមែនជា​បទឧក្រិដ្ឋ បទមជ្ឈិម ឬ​បទលហុ​។​

​ទាក់ទង​នឹង​ឃាតកម្ម​លើ​លោក កែម ឡី នេះ ក្រសួងមហាផ្ទៃ​បាន​បើក​ការស៊ើបអង្កេត​តាម​ចម្លើយ​ជនសង្ស័យ​ដែល​អះអាង​បាញ់សម្លាប់​លោក កែម ឡី អស់​រយៈពេល​ច្រើន​ខែ​មកហើយ​។ តាមរយៈ​ការ​ស៊ើប​សង្កេត អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ជួប សម្លាប់ ដែល​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី នេះ មាន​ចេតនា​ឆ្លើយ​បំភ្លៃ​សមត្ថកិច្ច​។ 

​អ្នកស្រាវជ្រាវ និង​ជា​អ្នកវិភាគ លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្តា​ម៉ា​ត​មួយ នា​ស្ថានីយ៍​សាំង​កាល់​តិច Caltex ក្បែរ​ស្តុ​ប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ ។ ភ្លាមៗ​ក្រោយ​ឃាតកម្ម​ទៅលើ​លោក កែម ឡី សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឃាតករ ដែល​បាន​អះអាងថា​ឈ្មោះ ជួប សម្លាប់​។ ប៉ុន្តែ ជាង​៥​ខែ​ហើយ ដែល​គ្រួសារ​សព​លោក កែម ឡី នៅតែ​ទាមទា​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន លោក កែម ឡី ព្រមទាំង​បញ្ចេញ​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ​របស់​ហាង​សាំង​កាល់​តិច​នោះ​ផង ៕


Tag:
 កែម ឡី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com