ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ខៀវ កាញារីទ្ធ កុំ​ឲ្យ​បារម្ភ​ពី​ឥទ្ធិពល​រដ្ឋាភិបាល ពេល​សម្តេច​ជួប​អ្នកកាសែត​
28, Dec 2016 , 6:13 pm        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​អ្នកកាសែត​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី ១៤ ខែមករា ចាប់ពី​ឆ្នាំ ២០១៧ ទៅ ។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែល​បាន​ថ្លែង​នៅក្នុង​វេទិកា​និពន្ធ​នាយក​លើក​ទី ១៣ ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា កាលពី​ថ្ងៃទី ២៦ ខែធ្នូ កន្លងទៅ​។​



​គម្រោង​របស់​សម្តេច ហ៊ុន សែន ជួប​អ្នកកាសែត​នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧ នេះហើយ ទើប​ធ្វើ​ឲ្យ​អ្នក​មួយចំនួន បារម្ភ​ពី​ឥទ្ធិពល​របស់​រដ្ឋាភិបាល​មកលើ​អ្នកកាសែត​ខ្មែរ ដែល​លោក ខៀវ កាញារីទ្ធ យកមក​បរិយាយ​នៅលើ​ទំព័​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី ២៨ ខែធ្នូ​។ សំណេរ​របស់លោក​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន មាន​ខ្លឹមសារ​បែបនេះ​ថា​៖«​នៅ​អាមេរិក​ប្រធានាធិបតី​អាមេរិក​មានកម្ម​វិធី​ជួប​អ្នកកាសែត​ប្រចាំឆ្នាំ អត់​មាន​ឮ​អ្នក​ស្រែក​បារម្ភ​អី​សោះ​។ ដល់​នាយករដ្ឋមន្ត្រី​ខ្មែរ​ទទួលយក​សំណូមពរ​អ្នកកាសែត​សូម​មាន​កម្មវិធី​ដូចគ្នានេះ ស្រាប់​តែមាន​អ្នក​បារម្ភ​ថា​រដ្ឋាភិបាល​អាច​ជះឥទ្ធិពល​មកលើ​អ្នកកាសែត​ស្រុក​ខ្មែរ​»​។​
 
​មិន​ត្រឹមតែ​លើកឡើង​ដូច្នេះ​ទេ លោក កាញារីទ្ធ ក៏​សរសេរ​ហាក់​ឌឺដង​ទៅ​អ្នក​បារម្ភ​នោះ​យ៉ាងនេះ​ទៀតថា​៖« ចុះ​មើលងាយ​អ្នកកាសែត​ខ្មែរ​ដល់​បែប​ហ្នឹង​? សូមអ្នក​បារម្ភ​កុំ​បារម្ភ​អី ពួកយើងខ្ញុំ​មិន​ហ៊ាន​អញ្ជើញ​ក្រុម​លោក​ទៅ​ទេ ព្រោះ​បើ​ចៅហ្វាយនាយ​លោក​ដឹង​គេ​ច្បាស់​ជា​ផ្តាច់​លុយ​អត់​អី​ចិញ្ចឹម​ប្រពន្ធ​កូន​ហើយ ។ យោគយល់​គ្នា​ប៉ុណ្ណឹង​គ្រប់គ្រាន់​ទេ​»?

ការអត្ថាធិប្បាយរបស់លោករដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ពីចំណុចខាងលើ ធ្វើឡើងបន្ទាប់ពី​វិទ្យុសំឡេងសហ​រដ្ឋ​អាមេរិក(VOA) បានចុះ​ផ្សាយ​នូវ​អត្ថបទ​មួយមានចំណងជើងថា« លោក ហ៊ុន សែន ប្រកាស​ជួប​អ្នក​សារ​ព័ត៌មាន តែ​អ្នកជំនាញ​បារម្ភ​ថា វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​វិជ្ជាជីវៈ​នេះ»​។ 
 

Tag:
 ខៀវ កាញារីទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com