ជាតិ
គ​.​ជ​.​ប ត្រៀម​បង្កើត​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ពិសេស ដើម្បី​អនុវត្ត​សេចក្តីសម្រេច​ស្ថាពរ​
29, Dec 2016 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ត្រៀម​បង្កើត​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ពិសេស ក្រោយពេល គ​.​ជ​.​ប បញ្ចប់​ការត្រួតពិនិត្យ​ពាក្យបណ្តឹង​ជំទាស់​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ពីថ្ងៃ​ទី ៣ ដល់​ថ្ងៃទី​១៤ ខែមករា ខាងមុខ​។​



​លោក ម៉ៅ សុភា​រិ​ទ្ធ អគ្គលេខាធិការរង គ​.​ជ​.​ប និយាយថា ក្រុម​ចុះឈ្មោះ​ពិសេស ត្រូវ​ចុះ​អនុវត្ត​សេចក្តីសម្រេច​ស្ថាពរ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់ គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ មុនពេល គ​.​ជ​.​ប ផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ 

​អគ្គលេខាធិការរង គ​.​ជ​.​ប រូបនេះ បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ពី​មូលហេតុ​នាំ​ឲ្យ គ​.​ជ​.​ប បង្កើត​ក្រុមការងារ​ចុះឈ្មោះ​ពិសេស​ទៀត ដោយសារ​ច្បាប់​ពុំ​អនុញ្ញាត​ឲ្យ​ក្រុម​ចុះឈ្មោះ​ធម្មតា ពីមុន (​ក្រុម​ចុះឈ្មោះ​បោះឆ្នោត លើកដំបូង ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ខែ​៣០ ខែវិច្ឆិកា​) ចុះ​អនុវត្ត​សេចក្តីសម្រេច​ស្ថាពរ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់ គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ឡើយ​។​

​ហេតុនេះ លោក​បញ្ជាក់​ផ្អែក​តាមច្បាប់​ក្នុង​កិច្ចប្រជុំ​ត្រៀម​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​លើកដំបូង នៅ​ថ្ងៃទី​២៨ ធ្នូ​ថា ពួកគេ​ជា​ក្រុមការងារ​ដែលមាន​សិទ្ធិ​ចុះ​អនុវត្ត​សេចក្តីសម្រេច​ស្ថាពរ​អំពី ការ​លុបឈ្មោះ ឬ​កែតម្រូវ​ឈ្មោះ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​របស់ គ​.​ជ​.​ប តែមួយគត់​។ យ៉ាងណា លោក​ពុំទាន់​អាច​បញ្ជាក់​ពី​ចំនួន​ក្រុម​ចុះឈ្មោះ​ពិសេស​បានឡើយ ដោយសារ​គ​.​ជ​.​ប ពុំទាន់​ដឹង​ពី​ចំនួន​អ្នកប្តឹង​ជំទាស់​ប៉ុន្មាន​នាក់ មុនពេល​គេ​ប្រតិបត្តិ​ការដោះស្រាយ​ស្ថាពរ​។​

​សំឡេង​លោក ម៉ៅ សុភា​រិ​ទ្ធ ពន្យល់​ក្នុង​កិច្ចប្រជុំ នាទី​ស្នាក់ការ​គ​.​ជ​.​ប​៖




​ឱកាស​នេះដែរ លោក ទេព នីថា អគ្គលេខាធិការ​គ​.​ជ​.​ប បាន​ថ្លែង​បញ្ជាក់​ក្នុង​កិច្ចប្រជុំ នៅ​ថ្ងៃទី​២៨ ធ្នូ​នេះ​ថា គ​.​ជ​.​ប បាន​រកឃើញ​ឈ្មោះ​ខុស​ជាង ២៣​ម៉ឺន​នាក់ ដោយ​ក្នុងនោះ​ឈ្មោះ​ស្ទួន​ជិត​២​ម៉ឺន​នាក់ និង​ឈ្មោះ​ខុស​ប្រក្រតី ដែល​ត្រូវ​លុបចេញ​ចំនួន​៨​ពាន់​នាក់ ក្រោយពី​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​រួចមក​។​

​ជាមួយគ្នា​ដែរ លោក  ហ៊ីង ឫទ្ធី សមាជិក​គ​.​ជ​.​ប បាន​អាន​សារ​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​បិទ​ផ្សាយ​តាម​ឃុំ​សង្កាត់ នាពេលខាងមុខ​។ ករណី​ខុស​បញ្ជី​បោះឆ្នោត ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​រូបនេះ បញ្ជាក់ថា អ្នក​បាន​ចុះឈ្មោះ​បញ្ជី​ឈ្មោះ​ឆ្នោត អាច ប្តឹង​ជំទាស់​មកពី​ក្រុមប្រឹក្សាឃុំ​សង្កាត់ គ​.​ជ​.​ប ឬ​ក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យ​ពិនិត្យ និង​កែតម្រូវ ទិន្នន័យ​បោះឆ្នោត​ឡើងវិញ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី ១៤ ខែមករា ខាងមុខ​។​

​សំឡេង​លោក  ហ៊ីង ឫទ្ធី​៖




​គួរបញ្ជាក់​ជូន​ថា ក្រោយ​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៧,៨៧៣,១៩៤ ស្នើ​នឹង​៨១​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​គ្រប់​បោះឆ្នោត​ចំនួន ៩,៦៦៤,២១៦ លាន​នាក់​។ ចំនួន​ដែល​ចុះឈ្មោះ​បាន​ក្នុង​បញ្ជី​ថ្មី​នេះ ថយចុះ​ជិត ២​លាន​នាក់ ធៀប​ទៅនឹង ៩​លាន ២ សែន​នាក់​ដែល គ​.​ជ​.​ប បាន​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ កាលពី​ឆ្នាំ​២០១២ ៕


Tag:
 គ​.​ជ​.​ប​
  ម៉ៅ សុភា​រិ​ទ្ធ​
  ហ៊ីង ធី​ឫទ្ធិ​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com