ជាតិ
ក្រសួងបរិស្ថាន គ្រោង​លក់​កាបូន​នៅ​ព្រៃ​ឡង់ និង​ភ្នំក្រវាញ​
29, Dec 2016 , 11:39 pm        
រូបភាព
​ក្រសួងបរិស្ថាន​កំពុង​ចរចា​លក់​កាបូន នៅ​តំបន់​ព្រៃ​២​កន្លែង​ទៀត គឺ​ព្រៃ​ឡង់ និង​តំបន់​ភ្នំក្រវាញ​។ កម្ពុជា​បាន​លក់​កាបូន នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ជា​លើកដំបូង​ទៅ​ឲ្យ​ក្រុមហ៊ុន Disney កាលពី​ខែសីហា​កន្លងទៅ​ក្នុងតម្លៃ​៣​លាន​ដុល្លារ​។



សូមស្ដាប់សំឡេង៖




​ក្រសួងបរិស្ថាន កំពុង​ចរចា​លក់​កាបូន នៅ​តំបន់​ព្រៃ​ធម្មជាតិ​ពីរ​កន្លែង​ទៀត​ជាមួយ​វិនិយោគិន​បរទេស គឺ​នៅ​តំបន់ការពារធម្មជាតិ​ព្រៃ​ឡង់ និង​តំបន់​ភ្នំក្រវាញ​។ នេះ​ជាការ​បញ្ជាក់​របស់លោក សាយ សំ​អាល់ នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​២១ ធ្នូ​កន្លងទៅ​។ លោក​រដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ​ថា​៖«​យើង​កំពុងតែ​ច​ចារ​នៅ​ភ្នំក្រវាញ់ និង​នៅ​ព្រៃ​ឡង់​។ ពីរ​បន្ថែមទៀត​»​។

​រដ្ឋមន្ត្រី​វ័យក្មេង​រូបនេះ ក៏​ស្នើ​ឲ្យ​ថ្នាក់​ខេត្ត​ខិតខំ​កសាង​សមត្ថភាព​ដែរ ស្រប​ពេលដែល​ក្រសួង​មានបំណង​ទម្លាក់​ថវិកា​ដែល​បានមកពី​ការវិនិយោគ​នេះ ប្រគល់​ទៅ​ឲ្យ​ថ្នាក់​ខេត្ត​ជា​អ្នកចាត់ចែង​ដែរ​។  លោក សាយ សំ​អាល់​បញ្ជាក់​ដូច្នេះ​ថា​៖«​បើសិនជា​ខេត្ត​មាន​សមត្ថភាព​គ្រប់គ្រង មាន​សម​ត្ថិ​ភាព​យក​ថវិកា​នេះ​ទៅ​លើកស្ទួយ​ជីវភាព​ប្រជា​ខ្លួនឯង មាន​សមត្ថភាព​យក​ថ​វិកា​នេះ​ទៅ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ក្រសួង​នឹង​ប្រគល់ជូន​។ ហើយ​វា​អាស្រ័យ​លើ​សមត្ថភាព​ខេត្ត​អស់ហ្នឹង​»​។​

​សូមបញ្ជាក់ថា កម្ពុជា បាន​ចុះហត្ថលេខា​លក់​ឥណទាន​កាបូន នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ទៅ​ឲ្យ​ក្រុមហ៊ុន Disney ក្នុងតម្លៃ​៣​លាន​ដុល្លារ រយៈពេល​២​ឆ្នាំ​។ ដែនជម្រកសត្វព្រៃ​កែវ​សីមា​គឺជា​ជម្រក​របស់​ពពួកសត្វ​ព្រៃ និង​រុក្ខជាតិ​ជាង​៦០​ប្រភេទ​ដែលជា​ប្រភេទ​កំពុង​រងគ្រោះ និង​ជិត​ផុត​ពូជ​។ ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ផ្ទៃដី​ប្រមាណ​២៩២,០០០​ហិច​តា ស្ថិត​នៅជាប់​ខេត្តមណ្ឌលគិរី និង​ក្រចេះ​។

​បើតាម​លោក សាយ សំ​អាល់ ថវិកា​ដែល​បានមកពី​ការលក់​កាបូន​នេះ គឺ​មួយផ្នែក​បាន​ទៅ​សហគមន៍​ដើម្បី​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ មួយផ្នែក​យកទៅ​អភិរក្ស​ព្រៃឈើ និង​មួយផ្នែក​ចូលមក​ក្រសួង​ដើម្បី​ចាត់ចែង​ការងារ​អភិរក្ស​ព្រៃឈើ​៕


Tag:
 ​កាបូន​
 ​ សាយ សំ​អាល់​
 ​ បរិស្ថាន​
  ​ព្រៃ​ឡង់​
© រក្សាសិទ្ធិដោយ thmeythmey.com