ជាតិ
លោក អេង ឆៃអ៊ាង ពុំទាន់​ពេញចិត្ត​ការបំភ្លឺ​របស់លោក ម៉ម ប៊ុនហេង​
29, Dec 2016 , 5:44 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ រដ្ឋសភា ពុំទាន់​ពេញចិត្ត​នឹង​ការបំភ្លឺ​របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ឡើយ ទោះបីជា​រដ្ឋមន្ត្រី​រូបនេះ ខំ​ចំណាយពេល​អាន​ចម្លើយ​ត្រៀម​ទុក​មុន​ចំនួន ៩​ទំព័រ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខាភិបាល​ជូន​រដ្ឋសភា​ក្តី​។​



​តប​នឹង​ការកោះហៅ​ឲ្យ​បំភ្លឺ​ផ្ទាល់មាត់​ក្នុង​សភាពេញអង្គ​នៅ​ព្រឹក​ថ្ងៃទី​២៩ ធ្នូ​នេះ លោក ម៉ម ប៊ុនហេង បាន​អាន​ចម្លើយ​ចំនួន​៩​ទំព័រ ដែលមាន​រយៈពេល​ជាង ៣០​នាទី  ឆ្លើយតប​សំណួរ​ទាំង​១០ របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ទាក់ទង​នឹង​បញ្ហា​ប្រើប្រាស់​ជំនួយ​ក្នុង​ការទិញ​មុង​ការពារ​ជំងឺគ្រុនចាញ់​របស់​គម្រោង​មូលនិធិ​សកល​(Global Fund)​នោះ លោក ម៉ម ប៊ុនហេង បាន​និយាយថា ក្រសួង​ពុំមាន​កាតព្វកិច្ច​ដោះស្រាយ​ជាមួយ Global Fund នោះទេ ព្រោះ​វា​ជា​សមត្ថកិច្ច​ផ្តាច់មុខ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បានធ្វើការ​ជាមួយ​មូលនិធិ​សកល ក្នុងការ​ស៊ើបអង្កេត​ក​រ​ណី​នេះ​។

​បន្ថែម​ពីលើ​នេះ​ការដោះដូរ​មន្ទីរពេទ្យ និង​បញ្ហា​ផ្សេងទៀត លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា ក្រសួង​បាន​អនុវត្តន៍​ដោយ​តម្លាភាព តាម​នីតិវិធី​របស់រ​ដ្ឋ ដោយមាន​ការចូលរួម​របស់​គណៈកម្មការ​អន្តរក្រសួង​។ លោក ម៉ម ប៊ុនហេង បានស្នើ​ឲ្យ​ប្តឹងទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងករណី​រកឃើញថា​មានការ​ដោះដូរ ឃុបឃិត ឬ​អំពើពុករលួយ​។ ករណី​ផ្សេងៗ​ទៀត លោក​រដ្ឋមន្ត្រី​ក៏​អះអាង​ដូចគ្នា​ថា ក្រសួង​បំពេញ​តាម​នីតិវិធី​ច្បាប់​ដែល​រដ្ឋ​មាន​។

​ប៉ុន្តែ​ការបកស្រាយ​ទាំង​អម្បាលម៉ាន​នេះ​លោក អេង ឆៃអ៊ាង មិនទាន់​ពេញចិត្ត​នឹង​ការបំភ្លឺ​នេះ​ទេ ។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូបនេះ បាន​ចោទ​ជា​សំនួ​រថា ហេតុអ្វី​បានជា​ក្រសួងសុខាភិបាល​មិន​បង្ហាញ​របាយការណ៍​ចំណាយ​ថវិកា​ទិញ​សម្ភារៈ និង​ការដោះដូរ​មន្ទីរពេទ្យ​ជា​សាធារណៈ​លើ​គេហទំព័រ ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​?

​លោក​ឡើង​សួរថា​៖«​មូលនិធិ​សកល​គេ​អ្នកផ្តល់ជំនួយ​ឲ្យ​ក្រសួងសុខាភិបាល​ចាត់ចែង ហើយ​អ្នកធ្វើ​ឲ្យ​បាត់​មូលនិធិ គឺជា​មន្ត្រី​ក្រសួងសុខាភិបាល ដូចនេះ​ក្រសួងសុខាភិបាល​ក៏ដូចជា​ក្រ​សូង​នានា​របស់​រដ្ឋ​ដែរ​តែងតែមាន​សវនកម្ម​ផ្ទៃក្នុង ដើម្បី​ស៊ើបអង្កេត​មើល​រឿង​ហ្នឹង ថា តើ​បាត់​យ៉ាងម៉េច ដាក់ទណ្ឌកម្ម​យ៉ាងម៉េច​? បើ​ខ្លួន​ថា​វា​ហួស​សមត្ថកិច្ច​ក្នុងការ​ដាក់ទណ្ឌកម្ម នោះបាន​គេ​រុញ​ឬ​ប្តឹងទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​គេ​ចាត់វិធានការ​ថែមទៀត​។ ប៉ុន្តែ​មកដល់​នេះ យើង​អត់​ឃើញ​មាន​មន្ត្រី​ណា​ជាប់គុក​ផង​ហ្នឹង គឺ​វា​ស្ងាត់​ទៅវិញ​ទៅ​»​។​

​ជាការ​ឆ្លើយតប លោក ម៉ម ប៊ុនហេង នៅតែ​បកស្រាយ​ដូច​ខ្លឹមសារ​ដែល​ត្រៀម​ទុក​មុន​ជូន​តំណាងរាស្ត្រ ៨១​រូប​នៅក្នុង​សភា​ដដែល​។ លោក​បញ្ជាក់ថា ករណី​ទាំងនេះ ក្រសួង​បានធ្វើការ​ជាមួយ​ក្រុមការងារ​អន្តរក្រសួង និង​ប្រកាស​ឲ្យ​ដេញថ្លៃ​ទិញ​ថ្នាំពេទ្យ​ជាស​កល​។

​លោក អេង ឆៃអ៊ាង និង​លោក ម៉ម ប៊ុនហេង មិន​ផ្តល់​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន ក្រោយ​សភា​បញ្ចប់​ការ​ស្តាប់​ចម្លើយ​បំភ្លឺ នៅថ្ងៃនេះ​ឡើយ​។ តែ​លោក អេង ឆៃអ៊ាង  បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា ចម្លើយ​របស់លោក ម៉ម ប៊ុនហេង មិន​បង្ហាញ​ពី​ការទទួលខុសត្រូវ​ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​ទាល់តែសោះ ចំពោះ​ភាព​ច​ម្រូ​ង​ចម្រាស​នៃ​ការបាត់​លុយ​មូលនិធិ​សាកល​ក្នុង​ការទិញ​មុង, ​ការលក់​ឬ​ដោះដូរ​មន្ទីរពេទ្យ និង​មន្ទីរពេទ្យបង្អែក និង​ការដេញថ្លៃ​ទិញ​ថ្នាំពេទ្យ​នេះ​៕


Tag:
 ​អេង ឆៃអ៊ាង​
  ម៉ម ប៊ុនហេង​
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com