អន្តរជាតិ
អ៊ុង​សាន ស៊ូ​ជី​៖ ពី​វីរៈនារី​ប្រជាធិបតេយ្យ​ទៅជា​ខ្លាក្រដាស (​ភាគ ២)
31, Dec 2016 , 11:59 am        
រូបភាព
​ការ​ប្រែ​ក្លាយខ្លួនជា​មេដឹកនាំ​ជាក់ស្តែង​របស់​មី​យ៉ាន់​ម៉ា របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ដំណើរការ​ប្រជា​ធិ​តេ​យ្យូ​ប​នីយកម្ម​នៅ​មី​យ៉ាន់​ម៉ា​។ ប៉ុន្តែ​ប្រទេស​នេះ​ប្រឈមមុខ​បញ្ហា​ច្រើន​ជាពិសេស​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម និង​ជម្លោះសាសនា​។   ថ្វីបើ​មានអំណាច​ក្នុង​ដៃ​ក៏ដោយ លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​សន្យា​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ជាពិសេស​ជម្លោះ​ប្រដាប់អាវុធ​នោះ​ក៏​មិនមាន​លទ្ធភាព​ដោះស្រាយ​បានដែរ​។ ដូច្នេះហើយ​គេ​រិះគន់ថា លោកស្រី មិន​ខុសពី​ប្រែកាយ​ពី​វីរៈនារី​ប្រជាធិបតេយ្យ​ទៅជា​ខ្លាក្រដាស​ឡើយ​។​



-​លោកស្រី ស៊ូ​ជី បាន​ត្រឹម​សន្យា តែ​មិនអាច​ដោះស្រាយ​បញ្ហា​ក្នុងស្រុក​បាន
​កាលពី​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ បាន​សន្យា​ដោះស្រាយ​បញ្ហា​ធំៗ​របស់​ប្រទេស​ដូចជា ការកសាង​ប្រទេស លុបបំបាត់​អំពើពុករលួយ បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​នៅក្នុង​ស្រុក​ជាដើម​។ ប៉ុន្តែ​ចាប់ពី​ពេល​ឈ្នះឆ្នោត​បង្កើត​រដ្ឋាភិបាល​មក​នោះ គេ​មិនឃើញ​មាន​លទ្ធផល​ជា​ដុំកំភួន​ពី​សំណាក់​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅឡើយ​ទេ​។

-​មិនអាច​បញ្ឈប់​ការប្រយុទ្ធ​គ្នា ព្រោះ​កងទ័ព​ស្ថិតក្នុង​ដៃ​យោធា​
​ជា​ការពិត​មិនអាច​ប្រកែក​បាន យោធា​មី​យ៉ាន់​ម៉ា នៅតែមាន​ឥទ្ធិពល​ក្នុង​នយោបាយ និង​វាសនា​អនាគត​របស់​ប្រទេស​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​។ និយាយ​ឲ្យ​ខ្លី​ទៅ រដ្ឋាភិបាល​ស៊ីវិល ត្រូវ​ចាំមើល​ទឹកមុខ​របស់​ក្រុម​យោធា​នៅពេល​មានរឿង​អ្វីមួយ​កើតឡើង បើទោះជា​មេទ័ព​មី​យ៉ាន់​ម៉ា​ធ្លាប់​ប្រកាសថា ខ្លួន​ស្ថិតក្រោម​រដ្ឋាភិបាល​ក៏ដោយចុះ តែ​ការពិត​មិន​ដូច្នោះ​ឡើយ​។

​ឧទាហរណ៍​ជាក់ស្ដែង គឺ​ករណី​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ឧទ្ទាម និង​កងទ័ព​រដ្ឋាភិបាល​។ កងទ័ព​មី​យ៉ាន់​ម៉ា ហាក់ដូចជា​មិន​ស្ដាប់​បញ្ជា​របស់​រដ្ឋាភិបាល​ឡើយ ខណៈដែល​រដ្ឋាភិបាល​ស៊ីវិល បានត្រឹមតែ​អំពាវនាវ​ឲ្យ​មាន​ការឈប់​បាញ់​ប៉ុណ្ណោះ​។ កងទ័ព​មី​យ៉ាន់​ម៉ា នៅតែ​បន្ត​ប្រតិបត្តិការ​វាយ​បង្ក្រាប​ក្រុម​ឧទ្ទាម ចំណែកឯ​លោកស្រី ស៊ូ​ជី ឯណេះ​ព្យាយាម​រក​ច្រកចេញ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នេះ តាមរយៈ​ការប្រមូល​ក្រុម​ឧទ្ទាម​ដើម្បី​ចរចា​រក​សន្តិភាព​។​

​មកដល់​ត្រឹមនេះ គេ​ក៏​មិនអាច​ទម្លាក់​ការទទួលខុសត្រូវ​ទាំងអស់​លើ​រដ្ឋាភិបាល​ស៊ីវិល​នេះដែរ ដ្បិត​អំណាច​បញ្ជា​ទ័ព​នៅតែ​ស្ថិត​ដៃ​ប្រមុខ​កងទ័ព​។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ បានផ្ដល់​អំណាច​យ៉ាងច្រើន​ដល់​អគ្គបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា ជាពិសេស​សិទ្ធិ​នៃ​ការដឹកនាំ​ប្រទេស​ក្នុងស្ថានភាព​អាក្រក់​ជាដើម​។ ក្នុងស្ថានភាព​បែបនេះ ប្រធានាធិបតី​ត្រូវ​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន ហើយ​អំណាច​ដឹកនាំ​រដ្ឋ​ទាំងបី ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ប្រមុខ​យោធា​។

​សន្និសីទ Palong សតវត្សរ៍​ទី​២១ គឺជា​ការប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​មិ​យ៉ាន់​ម៉ា ក្នុងការ​ដោះស្រាយ​ជម្លោះ​បង្ហូរឈាម​ដែល​អូសបន្លាយ​ជាង​កន្លះ​សតវត្សរ៍​មកហើយ​នោះ​។ ប៉ុន្តែ​សន្និសីទ​ដ៏​ធំ​នេះ បញ្ចប់​ទៅដោយ​គ្មាន​បាន​ផល​អ្វី​ទាំងអស់​។ ចំណុចខ្សោយ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​សន្និសីទ​នេះ​បរាជ័យ​ជាពិសេស​ការ​ការ​ផាត់​ចោល​ក្រុម​ឧទ្ទាម​តូចៗ​ចេញពី​សន្និសីទ​ស្វែងរក​សន្តិភាព​នេះ និង​ការមិន​សហការ​ពី​សំណាក់​យោធា​ផងដែរ​។

-​វិបត្តិ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ធ្វើ​ឲ្យ​រដ្ឋាភិបាល​ស៊ូ​ជី បាក់មុខ​?
​ងាក​មក​បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​វិញ រដ្ឋាភិបាល​ស៊ី​ល​មី​យ៉ាន់​ម៉ា​កំពុង​ក្រពុល​ខ្លាំង​លើ​បញ្ហា​នេះ​។ តទៅ​នេះ បញ្ហា​រ៉ូ​ហ៊ីង​យ៉ា មិនមែនជា​រឿង​ផ្ទាល់ខ្លួន​របស់​មី​យ៉ាន់​ម៉ា​ទៀតឡើយ​។ សហគមន៍​អន្តរជាតិ និង​សមាជិក​អាស៊ាន​ខ្លះ ចាប់ផ្ដើម​បង្កើន​ការដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោកស្រី ស៊ូ​ជី ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ដែល​សហគមន៍​អន្តរជាតិ​ព្រមាន​ថា​អាច​ក្លាយជា​អំពើ​ប្រល័យពូជសាសន៍​ទៀតផង​។​

​ក្នុងនាម​ជា​សមាជិក​អាស៊ាន ម៉ាឡេស៊ី ចេញមុខ​ចេញ​មាត់​ខ្លាំង រិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​លោកស្រី ស៊ូ​ជី ។ បញ្ហា​នេះ ក៏បាន​បង្ក​ទៅជា​ជម្លោះ​ពាក្យសម្ដី​រវាង​រដ្ឋាភិបាល​ណៃ​ពិដោរ និង​ក្រុង​កូរ​ឡា​ឡាំ​ពួរ​ទៀតផង​។ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​សម្តែង​ការមិនសប្បាយចិត្ត​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​កូរ​ឡា​ឡាំ​ពួរ​ដែល​បាន​ដឹកនាំ​ការប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​កូរ​ឡា​ឡាំ​ពួរ​ប្រឆាំង​មី​យ៉ាន់​ម៉ា​រឿង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ​។

​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ចោទ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថា​ជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា និង​ធ្វើ​ដើម្បី​ផលប្រយោជន៍​នយោបាយ​ក្នុងស្រុក​របស់ខ្លួន​ប៉ុណ្ណោះ​។ លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​ដឹកនាំ​បាតុកម្ម ដែលមាន​ការចូលរួម​ពី​ប្រជាជន​ម៉ាឡេស៊ី​រាប់ពាន់នាក់ និង​បាន​លើកឡើងថា មី​យ៉ាន់​ម៉ា ត្រូវតែ​បញ្ឈប់​ការបង្ក្រាប​បង្ហូរឈាម​នោះ​។ លោក ថែមទាំង​ប្រើពាក្យ​វាយប្រហារ​ខ្លាំង​ទៅកាន់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ផងដែរ​។

​ជាងនេះទៅទៀត​នោះ មន្ត្រីរដ្ឋបាល​លោកស្រី ស៊ូ​ជី ថែមទាំង​អះអាង​ទៀតថា ឥរិយាបថ​របស់លោក​នាយករដ្ឋមន្ត្រី ណា​ជីប ប៉ះពាល់​មិន​ត្រឹមតែ​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​នោះទេ តែ ប៉ះពាល់​ដល់​តំបន់​អាស៊ាន​ទាំងស្រុង​តែម្តង​។ ការប៉ះពាល់​ដល់​អាស៊ាន​នោះ​គឺ អាស៊ាន បានកំណត់​រួចទៅហើយ​នៅក្នុង​ធម្មនុញ្ញ​របស់ខ្លួន ដោយ មិន​អនុញ្ញាត​ឲ្យ​រដ្ឋ​សមាជិក​ណាមួយ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​សមាជិក​ផ្សេងទៀត​បានឡើយ​។

​ជុំវិញ​បញ្ហា​នេះដែរ ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ក៏​អញ្ជើញ​រដ្ឋមន្ត្រីការបរទេស​ការបរទេស​អាស៊ាន​ទាំង​១០ មក​ប្រជុំ​បិទទ្វារ​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន ដើម្បី​រៀបរាប់​ពី​ស្ថានការណ៍​នៅ​រដ្ឋ Rakhine នៅ​ថ្មីៗ​នេះ​។ អំឡុង​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ក៏​ឆ្លៀត​វាយប្រហារ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​បានប្រកាស​ចំៗ​ថា បញ្ហា​រ៉ូ​ហ៊ីង​យ៉ា ជា​បញ្ហា​រួម​របស់​អាស៊ាន​៕ 


Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com