ជាតិ
CNRP អន្តរាគមន៍​ទៅ​ក្រសួង​ចំនួន​៣ ដើម្បី​រក​យុត្តិធម៌​ជូន​ស្ត្រី​រកស៊ី​ផ្លូវភេទ​
25, Jan 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិត​៣​ដាច់ដោយឡែក​គ្នា ទៅកាន់​ក្រសួង​ពាក់ព័ន្ធ​រក​យុត្តិធម៌​ជូន​ស្ត្រី​រកស៊ី​ផ្លូវ​ម្នាក់ ដែល​បាន​លង់ទឹក​ស្លាប់​កាលពីដើម​ខែមករា ដោយសារ​រត់គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ ដែល​លើក​ហេតុផល​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ ។ គណបក្ស​សង្គ្រោះ​ជាតិ យល់ឃើញថា ការដេញ​ចាប់​ស្ត្រី​រក​ផ្លូវភេទ​ពី​សំណាក់​សន្តិសុខ​ទាំងនេះ ក៏​អាច​ប្រព្រឹត្តិ​ខុសច្បាប់​ដែរ​។



​លិខិត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រធានរដ្ឋសភា​សម្ដេច ហេង សំរិន បាន​ពិនិត្យ​និង​ចុះហត្ថលេខា​នោះ​គឺ​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង​ក្រសួង​កិច្ចការនារី ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ស្ត្រី​រងគ្រោះ​ស្លាប់​ម្នាក់​ឈ្មោះ ប៉ែន សុគន្ធា​។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ បង្កើត​គណៈកម្មការ​អ​ព្យា​ក្រឹត្យ​ក្នុងការ​ស៊ើបអង្កេត​លើ​ករណីនេះ​ជាបន្ទាន់ ដើម្បី​រក​យុត្តិធម៌​ក្នុង​សំណុំរឿង​ស្ត្រី​រងគ្រោះ​ខាងលើនេះ​។ ចំណែក​លិខិតស្នើ​ទៅ​ក្រសួងយុត្តិធម៌​នោះ សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង និង​ឈានទៅដល់​ការចោទប្រកាន់​ទៅលើ​ក្រុម​សន្តិសុខ​ទាំងនោះ ដើម្បី​បញ្ចប់​វប្បធម៌​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា ។ ជាពិសេស​អំពើហិង្សា​ដែល​ប្រព្រឹត្តិ​ដោយ​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ ចំពោះ​ពលរដ្ឋ​កន្លងមក​។ សម្រាប់​លិខិត​ផ្ញើ​ទៅ​ក្រសួង​កិច្ចការនារី​វិញ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​ស្ថាប័ន​មួយ​នេះ ជួយ​អន្តរាគមន៍​ក្នុងករណីនេះ ដើម្បី​ការពារ​សិទ្ធិ សេចក្ដីថ្លៃថ្នូរ​និង​តម្លៃ​របស់​ស្ត្រី​ទូទៅ ឲ្យ​ចៀស​ផុតពី​អំពើហិង្សា​។ ជាពិសេស​ការ​គាំពារ​ស្ត្រី​រកស៊ី​ផ្លូវភេទ​។​

​លិខិត​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ទៅ​ក្រសួង​ពាក់ព័ន្ធ​ទាំង​៣​នោះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ចាំបាច់​ណាស់​ត្រូវ​រក​យុត្តិធម៌​ជូន​អ្នករងគ្រោះ​។ បើទោះបីជា​ករណីនេះ​មានការ​សម្របសម្រួល​ផ្នែក​សំណង​រដ្ឋប្បវេណី​ពី​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ និង​សាច់ញាតិ​ជនរងគ្រោះ​ហើយក៏​ដោយ​។ ប៉ុន្តែ​តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ការយល់ព្រម​ទទួលយក​សំណង​រដ្ឋប្បវេណី គឺ​ពុំទាន់​អនុភាព​រំលត់​បណ្ដឹងអាជ្ញា​ឡើយ​។ ដូច្នេះ​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​ត្រូវតែ​មានទោស​ទៅតាម​បញ្ញត្តិ​ច្បាប់​ដែល​មានចែង​ក្នុង​មាត្រា​១៩៩ និង​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​»​។​

​ស្ត្រី​រកស៊ី​ផ្លូវភេទ​នាង ប៉ែន សុគន្ធា បាន​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃទី​១ មករា បន្ទាប់ពី​រូបនាង​បាន​រត់គេច​ពី​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ ដែល​បាននាំគ្នា​តាម​ចាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ នៅ​ម្ដុំ​សួនច្បារ​ខាងក្រោយ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ក្នុង​គោលបំណង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​។ ដោយសារតែ​រត់គេច​ពី​ការ​តាម​ចាប់​របស់​ក្រុម​សន្តិសុខ​ទាំងនោះ នាង ប៉ែន សុគន្ធា បាន​រត់​ឡើងលើ​ទូក​ទេសចរណ៍​មួយ ហើយ​ប្រុង​លោ​តទៅ​ទូក​មួយទៀត ទើប​បណ្ដា​ឲ្យ​នាង​ដួល​រអិល​ធ្លាក់ចូល​ទឹក​។ ប៉ុន្តែ​មុនពេល​ស្ត្រី​រកស៊ី​ផ្លូវភេទ​រូបនេះ​លង់ទឹក​ស្លាប់​នោះ ត្រូវបាន​អ្នក​នៅ​កន្លែងកើតហេតុ​និយាយថា ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ ដែល​បាន​ដេញតាម​ចាប់​នាង ហាម​មិន​ឲ្យ​អ្នកដទៃ​នៅ​ទីនោះ​ជួយសង្គ្រោះ​នាង ប៉ែន សុគន្ធា ឡើយ​។ ត្រង់ចំណុច​នេះ គណបក្ស​សង្គ្រោះ​ជាតិ យល់ឃើញថា ក្រុម​សន្តិសុខ​ទាំងនោះ​មាន​ចេតនា​ឲ្យ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ខាងលើនេះ​លង់ទឹក​ស្លាប់​៕


Tag:
 CNRP
 ​ ស្ត្រី​រកស៊ី​ផ្លូវភេទ​
 ​ រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com