ជាតិ
CNRP គ្រោង​កោះហៅ​លោក ទៀ បាញ់​,​លោក វេ​ង សាខុន និង​លោក អ៊ិត សំហេង ចូល​បំភ្លឺ​
31, Jan 2017 , 11:19 pm        
រូបភាព
ពីឆ្វេងទៅ​ស្តាំ៖ លោក ទៀ បាញ់ លោក វេង សាខុន និង​លោក អ៊ិត សំហេង
ពីឆ្វេងទៅ​ស្តាំ៖ លោក ទៀ បាញ់ លោក វេង សាខុន និង​លោក អ៊ិត សំហេង
ដោយ:
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​លិខិត​ជូន​ប្រធានសភា​ឲ្យ​កោះហៅ​រដ្ឋមន្ត្រី​៣​រូប ចូល​បំភ្លឺ​ផ្ទាល់មាត់​លើ​បញ្ហា​ការងារ​មួយចំនួន ក្នុង​វិមាន​រដ្ឋសភា នាពេល​ខាងមុខនេះ​។​ ​លោក សុន ឆ័យ បាន​​​ឲ្យ​ដឹង​​ថា គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​បា​​ន​ឯកភាពគ្នា​រួចរាល់​ហើយ​ថា នឹងដាក់​លិខិត​កោះហៅ​រដ្ឋមន្ត្រី​៣​រូប ក្នុងនោះ រួមមាន លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។



​អ្នកតំណាងរាស្ត្រ​មកពី​គណបក្សប្រឆាំង​រូបនេះ បាន​បន្ត​ថ្លែង​ក្នុង​សន្និសីទកាសែត នាទី​ស្នាក់ការ​កណ្តាល CNRP ថា ពួកគេ​ត្រៀម​ដាក់​សំណួរ​មួយចំនួន​សួរ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទាក់ទង​នឹង​តួនាទីរបស់​កងទ័ព​បម្រើ​ជាតិ និង​ពលរដ្ឋ​​, នីតិវិធី​ដំឡើង​យស​សក្តិ​កងទ័ព​ទាំងចាស់ និង​ក្មេង និងការ​ចំណាយ​ថវិកា​ទិញ​សម្ភារៈ​យោធា ជាដើម​។​

​ដោយឡែក​សំណួរ​សួរ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម​វិញ លោក សុន ឆ័យ និយាយថា អ្នកតំណាងរាស្ត្រ​នឹងដាក់​សំណួរ​ដែលជា​បញ្ហា​ប្រឈម​របស់​កសិករ​មួយចំនួន ដូចជា ការដោះស្រាយ​បញ្ហា​ជំពាក់​លុយ​ធនាគារ​ធ្វើ​កសិកម្ម​, ការរក​ទីផ្សារ​លក់​ផលិតផល​, ការចំណាយ​ទិញ​ជី ប្រេង ថ្នាំ​គីមី​ថ្លៃ​លើស​ទីផ្សារ​, ការធ្វើ​កសិកម្ម​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​ការគ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ​ទាំង​រដូវប្រាំង និង​វស្សា ទូទាំងប្រទេស​។​

​ដូចគ្នា​ដែរ ចំពោះ​ការ​សួរ​លោក អ៊ិត សំហេង​វិញ លោក សុន ឆ័យ បង្ហើប​ឲ្យ​ដឹង​ទៀតថា លោក អ៊ិត សំហេង ត្រូវ​ឆ្លើយបំភ្លឺ​ការងារ​របស់​ក្រសួង​ការងារ​ចំនួន​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ពលករ​ក្រៅប្រទេស ពិ​សេ​សេ ថៃ និង​កូរ៉េខាងត្បូង​, ការងារ​ធានា​សុវត្ថិភាព​លករ ការបណ្តុះបណ្តាល​ជំនាញ​ដល់ក​ម្មករ និង​ការជួយ​សម្រួល​លិខិតស្នាម​ការងាររដ្ឋបាល​ពលរ​កនៅ​បរទេស ជាដើម​។ លោក​បញ្ជាក់ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​រដ្ឋមន្ត្រី​មក គឺ​មិនមែន​មក​ស្តី​ឲ្យ មក​បន្ទោស​ទេ​។ យើង​ចង់​ឲ្យ​មក​បំភ្លឺ​ប្រាប់​ប្រជាជាតិ​អំពី​សកម្មភាព​ការងារ​ទាំងនេះ​»​។​

​បើតាម​លោក សុន ឆ័យ លិខិត​កោះអញ្ជើញ​រដ្ឋមន្ត្រី​ទាំងបី​រូបនេះ នឹង​ត្រូវដាក់​បញ្ជូនទៅ​ប្រធានរដ្ឋសភា​នៅ​ដើមខែ​កុម្ភៈ​។ លោក សុន ឆ័យ បញ្ជាក់ថា ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចុះ​ពិនិត្យ​តាម​មូលដ្ឋាន​ផងដែរ ដើម្បី​ប្រមូល​បញ្ហា​ពលរដ្ឋ​រាយការណ៍​ជូន​រដ្ឋាភិបាល​ដោះស្រាយ​ទៀតផង​៕


Tag:
 យឹម សុវណ្ណ​
  សុន ឆ័យ​
  ទៀ បាញ់​
  អ៊ិត សំហេង​
  វេ​ង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com