អន្តរជាតិ
មហាយក្ស​ចិន​បង្ហាញ​គម្រោង​សង់​នាវា​ដឹក​យន្តហោះ​ទី ៣ ដែលមាន​សមត្ថភាព​ខ្លាំង​ជាង​មុន​
15, Feb 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងការពារជាតិ​ចិន​បានបង្ហាញ​ផែនការ​សាងសង់​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទី ៣ ដែលមាន​ការកែសម្រួល​និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ជាង​នាវា​មុនៗ​។ ការបន្ត​សាងសង់​នាវា​ដឹក​យន្តហោះ​នេះ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ទំនើបកម្ម​យោធា​ចិន​ជាពិសេស​ពង្រឹង​អំណាច​ទ័ពជើងទឹក​តែម្តង​។ យ៉ាងណាក៏ដោយ នាវា​ដឹក​យន្តហោះ​ថ្មី​ដែល​ត្រូវ​ផលិត​ក្នុងស្រុក​នេះ​នៅ​ប្រឈម​បញ្ហា​ច្រើន និង​មិនទាន់​អាច​បំពាក់​បច្ចេកវិទ្យា​ទំនើប​ដូច​នាវា​អាមេរិក​ឡើយ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ចិន​ចម្លង​ពី​គេ​ច្រើន​ដែរ​ក្នុង​គម្រោង​សាងសង់​នាវា​នេះ​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​សារព័ត៌មាន​ចិន South China  Morning Post បាន​ផ្សាយ​ពី​គម្រោង​សាងសង់​នាវា​ដឹក​យន្តហោះ​មួយទៀត​របស់​ចិន​កាលពី​ថ្មីៗ​កន្លងទៅនេះ​។ នាវា​ថ្មី​ដែល​គេ​មិនទាន់​ដាក់ឈ្មោះ​នេះ នឹង​ក្លាយជា​នាវា​ដឹក​យន្តហោះ​ទី​បី​របស់​ចិន និង​ជានា​វាទី​ពីរ ដែល​ចិន​សម្រេច​ផលិតឡើង​ដោយ​ខ្លួនឯង​។

​យោងតាម​ប្រភព​យោធា​ដែល​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន​ចិន​ខាងលើ នាវា​ដឹក​យន្តហោះ​ទី​បី​នេះ​នឹងមាន​កែលម្អ​និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ច្រើន​ដើម្បី​សម្រួល​ដល់​ការបំពេញ​ប្រតិបត្តិការ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ កងទ័ព​រំដោះប្រជាជន​ចិន​មិនទាន់​អាច​បំពាក់​បច្ចេកវិទ្យា​ទំនើប​សម្រួល​ការហោះ​ឡើង​នៃ​យន្តហោះ​ចម្បាំង ដោយ​ប្រព័ន្ធ​«​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច​»​ឡើយ​។

​ត្រឡប់មកវិញ នាវា​ដឹក​យន្តហោះ​ថ្មី​ទី​បី​របស់​ចិន នឹងមាន​ទម្ងន់​ធ្ងន់​រហូតដល់ ៨៥០០០​តោន និង​ទទួលបាន​ការកែលម្អ​មួយចំនួន​ដួច​ជា ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​សម្រាប់​សម្រួល​ដល់​ការហោះ​ឡើង​នៃ​យន្តហោះ​ម្បាំ​ង ដែល​ខុសពី​នាវា​ពីរ​មុន​មានដូចជា​នាវា  Liaoning  និង​នាវា Shandong​។

​តាម​ប្រភព​យោធា​ដដែល នាវា​ទី​បី នឹងមាន​បំពាក់​បច្ចេកវិទ្យា​សម្រួល​ឲ្យ​យន្តហោះ​ហោះ​ឡើង បាន​ងាយ ឬ​ជួយ​រុញ​ល្បឿន​យន្តហោះ​ពេល​ហោះ​ឡើង​(catapult-assisted take-off)​។ នៅពេល​បំពាក់​ប្រព័ន្ធ​នេះ យន្តហោះ​ចម្បាំង​ដែល​នៅលើ​នាវា​អាច​ផ្ទុក​គ្រាប់​បាន​ច្រើនជាង​មុន និង​អាច​ហោះហើរ​បាន​ឆ្ងាយ​ជាង​មុន​ក្នុងពេល​បំពេញ​ប្រតិបត្តិការ​សឹក​ថែម​ទៀតផង​។ សួ​ម្បី​តែ នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក ១០​គ្រឿង​សុទ្ធតែ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ទាំងអស់​។ 



​បើ​ប្រៀបធៀប​គ្នា​ជាមួយ​នាវា​ទី​បី​នេះ Liaoning  និង Shandong មាន​ត្រឹម​ផ្លូវ​សម្រាប់​យន្តហោះ​ដែល​ខ្លី (short take off) និង មាន​រាង​ផ្លូវ​កោង​នៅខាងមុខ​។ ប៉ុន្តែ​នាវា​ប្រភេទ​នេះ​រើស​ប្រភេទ​យន្តហោះ​ចម្បាំង​ដែល​ខ្លួន​អាច​ផ្ទុក​បាន​បន្តិច ហើយ​យន្តហោះ​ចម្បាំង​ទាំងនោះ​ចាំបាច់​ត្រូវមាន​ទម្ងន់​ស្រាល​ដើម្បី​អាច​ហោះហើរ​បាន​។

​យន្តហោះ​ចម្បាំង​ខ្លះ​ដូចជា J-15, Mig-29K និង Su-33 ពឹងផ្អែក​សំខាន់​លើ​ម៉ាស៊ីន​យន្តហោះ​ផ្ទាល់​ដើម្បី​បង្កើនល្បឿន​សម្រាប់​ហោះហើរ​លើផ្លូវ​រត់​ដែល​ខ្លី​។ ប៉ុន្តែ​ជាធម្មតា តាម​លក្ខណៈ​បច្ចេកទេស យន្តហោះ​ត្រូវ​ហោះហើរ​ត្រូវ​បន្ថយ​បរិមាណ​ប្រេង និង ចំនួន​គ្រាប់​ដែល​ខ្លួន​អាច​ផ្ទុក​បាន​ដើម្បី​ឲ្យ​វា​ស្រាល​ស្រួល​ហោះហើរ​។  ដូច្នេះហើយ សមត្ថភាព​ប្រយុទ្ធ​ក៏​ថមថយ​ទៅតាម​នោះដែរ ព្រោះ​វា​អាច​ហោះហើរ​បាន​រយៈពេល​ខ្លី និង មាន​អាវុធ​សម្រាប់​វាយប្រហារ​តិចតួច​ប៉ុណ្ណោះ​។​

​យ៉ាងណា​ក៏ដោយចុះ ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ថ្មី​លើ​នាវា​ដឹក​យន្តហោះ​ចម្បាំង​នេះ​នឹង​បង្ក​ការលំបាក​ច្រើន​ដែរ​ដល់​កងទ័ព​ចិន​ដែរ​។ កន្លងមក វា​មានការ​វាយតម្លៃ​ផងដែរ​ថា ចិន​កំពុង​ស្វះស្វែង​ស្រាវជ្រាវ​នាវា​ដឹក​យន្តហោះ​ប្រភេទ​ថ្មី​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ ដែល​ដំណើរការ​ដោយ​ថាមពលនុយក្លេអ៊ែរ និង​បំពាក់​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូវ​ម៉ាញេ​ទិច​សម្រួល​ដល់​ការហោះ​ឡើង​នៃ​យន្តហោះ​ទៀត​។ ប៉ុន្តែ​ចិន​មិនទាន់​អាចធ្វើ​បានឡើយ​។  វា​អាច​ថា ចិន​មិនទាន់មាន​សមត្ថភាព​ខ្ពស់​នៅឡើយ ព្រោះ​មហាអំណាច​នេះ​ទើប​ចាប់ផ្តើម​ផលិត​នាវា​ប្រភេទ​នេះ​ខ្លួនឯង​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​។ ហើយ​មួយទៀត​មហាអំណាច​ជាន់​ថ្មី​នេះ ចម្លង​យក​ពី​គេ​ទាំងស្រុង​ដើម្បី​យកមកប្រើ​ប្រាស់​។ ដូច​ឃើញស្រាប់​ហើយ នាវា​ទីមួយ Liaoning​។  Liaoning នេះ​មិនមែនជា​នាវា​ផលិត​ក្នុងស្រុក​ទេ តែ​វា​ជា​ប្រភេទ​នាវា​ផលិត​ដោយ​សហភាពសូវៀត​មាន​ទម្ងន់ ៦​ម៉ឺន​តោន ដែល​ចិន​បាន​ទិញ​មកពី​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​១៩៩៨​។ ហើយ​ចិន​បាន​កែលម្អ​និង​ច្នៃ​ឡើងវិញ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​ខ្លួន​។ រហូតដល់​ឆ្នាំ ២០១២ នាវា​ដឹក​យន្តហោះ​នេះ​ត្រូវបាន​គេ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​តែម្តង​។​

​យោងតាម​សារព័ត៌មាន​ចិន South China Morning Post ដដែល វា​ត្រូវការ​ពេលវេលា​ពីរ​ឬ​បី​ឆ្នាំ​ទៀត​ក្រោយ​ការសាងសង់​រួចរាល់ ទម្រាំ​នាវា​ដឹក​យន្តហោះ​ថ្មី​នេះ​អាច​ចូល​បម្រើកងទ័ព​ចិន​បាន​ពេញលេញ​។ វា​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ផ្តល់​ការហ្វឹកហ្វឺន​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​អ្នកបើក​នាវា​, អ្នកបើក​យន្តហោះ និង​បុគ្គលិក​បម្រើការ​ងារ​លើ​នាវា​ផង​។  គេ​រំពឹងថា នាវា​ទី​បី​នេះ​នឹង​ចេញ​រូបរាង​ឡើងជា​ផ្លូវការ​នៅ​ឆ្នាំ ២០២១ ឯណោះ​។

​ត្រឡប់មកវិញ ការសង់​នាវា​ដឹក​យន្តហោះ​បន្ថែម​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​ជាពិសេស​អំណាច​កងទ័ព​ជើង​ទឹកតែ​ម្តង ស្រប​ពេលដែល​មហាអំណាច​នេះ​ប្រឈម​បញ្ហា​សន្តិសុខ​ច្រើន​និង​មាន​ជម្លោះ​ជាមួយ​បណ្តា​រដ្ឋ​ដទៃ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផង​។  ពេល​ចិន​មាន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ច្រើន វា​នឹង​ជួយ​ពង្រឹង​យុទ្ធសាស្ត្រ​យោធា​និង​សម្រួល​ដល់​ការប្រតិបត្តិ​ការ​យោធា​របស់ខ្លួន​ក្នុង​កាលៈទេសៈ​ចាំបាច់ ក៏ដូចជា​ដើម្បី ការពារ​ប្រយោជន៍​របស់ខ្លួន​នៅ​បរទេស​ផង​។

​កន្លងមក អ្នកជំនាញ​បាន​វាយតម្លៃថា ចិន​គួរតែមាន​នាវា​ផ្ទុក​យន្តហោះ​ចំនួន ៤ គ្រឿង​យ៉ាងតិច​។ ប្រសិនបើ​ចិន​មាន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ចំនួន​បួន​គ្រឿង ចិន​អាច​ប្រើប្រាស់​វា​ដើម្បី​បំពេញ​ប្រតិបត្តិការ​និង​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​បានល្អ​ប្រសើរ​ជាង​មុន​ឆ្ងាយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com