អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី បង្កើត​អង្គភាព​ទ័ព​បន្ថែម​ទប់ទល់​សង្គ្រាម​អ៊ីនធឺណិត ស្រប​ការប្រឈមមុខ​ជាមួយ​ណា​តូ​កើនឡើង​ខ្លាំង​
25, Feb 2017 , 10:36 am        
រូបភាព
​បក្សសម្ព័ន្ធ​យោធា​ណា​តូ កំពុង​អនុវត្ត​ផែនការ​ពង្រាយ​កងទ័ព​របស់ខ្លួន​តាម​ប្រទេស​អឺរ៉ុប​មាន​ព្រំដែន​ជាប់​រុស្ស៊ី ចាប់​តាំង​អឺរ៉ុប​ខាងកើត​ធ្លាយ​ដល់​រដ្ឋ​តំបន់​បាល់​ទិ​ក​។ សព្វាវុធ​ទំនើបៗ និង​ទាហាន​ជាច្រើន​ពាន់​នាក់ ក៏បាន​ទៅដល់​គោលដៅ​បណ្ដើរៗ​ហើយ​ដែរ ដូចជា​នៅ​ប៉ូឡូញ​ជាដើម ហើយ​នៅ​ខែមីនា ទ័ព​អង់គ្លេស​ជិត​១​ពាន់​នាក់ ក៏​នឹង​ទៅដល់​អេ​ស្តូ​នី​ដែរ​។ ដោយឡែក រុស្ស៊ី ក៏​មិន​នៅ​ស្ងៀម​ដែរ​។ ប្រទេស​នេះ​បង្កើត​អង្គភាព​ទ័ព​ថ្មី និង​រើស​ទ័ព​បន្ថែមទៀត ដើម្បី​ទប់ទល់​សកម្មភាព​សម្ព័ន្ធ​ណា​តូ​។​



មានសំឡេង



​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក​ឧ​ត្ត​ម​សេនីយ៍ Sergei Shoigu បានប្រកាស​ពី​គម្រោង​បង្កើត​អង្គភាព​ទ័ព​ថ្មី​ចំណុះ​កងទ័ព​សហព័ន្ធរុស្ស៊ី ហើយ​អង្គភាព​ទ័ព​ថ្មី​នេះ នឹង​ផ្ដោត​សំខាន់​លើ​ការងារ​បច្ចេកវិទ្យា​ព័ត៌មាន​សង្គ្រាម ដើម្បី​ការពារ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អន​ឡាញ​មកលើ​រុស្ស៊ី​។ នេះ​ជា​លើក​ទី​១ ដែល​ប្រមុខ​ការពារជាតិ​រុស្ស៊ី បញ្ចេញ​ព័ត៌មាន​យោធា​សំខាន់​បែបនេះ ខណៈដែល​មានការ​ចោទប្រកាន់​ថា រុស្ស៊ី​បាន​អុកឡុក​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​នោះ​។​

​ថ្លែង​ទៅកាន់​សភា​ជាន់​ទាប​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​រូបនេះ និយាយថា កងកម្លាំង​ប្រតិបត្តិការ​ព័ត៌មានវិទ្យា​ត្រូវបាន​បង្កើត​ចំណុះ​ឲ្យ​យោធា​រុស្ស៊ី ហើយ​អង្គភាព​ថ្មី​នេះ នឹងមាន​ប្រសិទ្ធភាព​ខ្ពស់ជាង​ស្ថាប័ន​មាន​ស្រាប់ ក្នុងការ​វាយបក​លើស​ត្រូវ​ដែល​ប៉ង​យាយី​រុស្ស៊ី​។ លោក​បន្តថា អង្គភាព​ថ្មី​នេះ​ជា​ឧបករណ៍​បំពង​សំឡេង​របស់​រុស្ស៊ី ដែលមាន​ភាព​ឆ្លាត​វ័យ​, មាន​សមត្ថភាព និង​ប្រកបដោយ​ប្រសិទ្ធភាព ប៉ុន្តែ​លោក​ក៏​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​បេសកកម្ម​អង្គភាព​ថ្មី​ឲ្យ​ច្បាស់​ឡើយ​។ 

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Interfax ប្រធាន​គណៈកម្មាធិការ​យោធា​ប្រចាំ​សភា​ឌូ​ម៉ា ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍ Vladimir Shamanov បញ្ជាក់ថា អង្គភាព​ថ្មី​នេះ ទទួលបន្ទុក​ការពារ​ផលប្រយោជន៍​ការពារជាតិ និង​ចូលរួម​ក្នុង​កិច្ចការ​បច្ចេកវិទ្យា​ធ្វើសង្គ្រាម​។ លើសពីនោះ អង្គភាព​ទ័ព​ថ្មី​នេះ ក៏​នឹង​ជួយ​ទប់ស្កាត់​ការវាយប្រហារ​លើ​ទិន្នន័យ​របស់​ប្រទេស​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ តែ​មិនមែន​វាយប្រហារ​ប្រទេស​ផ្សេង​ឡើយ​។​

១. បង្កើត​អង្គភាព​ទ័ព​ព័ត៌មានវិទ្យា ដើម្បី​ការពារ​វាយប្រហារ​ពី​អាមេរិក​?
​ដូច​ការអះអាង​ខាងលើ អង្គភាព​ទ័ព​ថ្មី​របស់​រុស្ស៊ី បង្កើតឡើង​ដើម្បី​ការពារ​ប្រព័ន្ធ​ទិន្នន័យ​រុស្ស៊ី និង​ទទួលបន្ទុក​លើ​ការងារ​ការពារជាតិ​ពី​ការ​គំរាម​ខាងក្រៅ​។ បើទោះជា​រុស្ស៊ី​មិន​និយាយ​សំដៅ​ឲ្យ​ច្បាស់​ពី​ការ​គំរាម​ណាមួយ ក៏​គេ​អាច​យល់បាន​ថា រុស្ស៊ី​ត្រៀមខ្លួន​ដើម្បី​ទប់ទល់​ការសង​សឹក​របស់​អាមេរិក ដែល​ចោទ​រុស្ស៊ី​ថា​បាន​កកូរកកាយ​កិច្ចការ​បោះឆ្នោត​អាមេរិក​តាម​ប្រព័ន្ធ​អន​ឡាញ​នោះ​។​

​នៅក្រោយ​ការបោះឆ្នោត​ដែល​លទ្ធផល​បង្ហាញថា លោក ដូ​ណា​ល់ ត្រាំ ជា​អ្នកឈ្នះ បណ្ដា​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​បាន​ចោទ​រុស្ស៊ី​ថា​បាន​លួច Hack ចូល​អ៊ី​ម៉ែ​ល​របស់​បក្ស​ប្រជាធិបតេយ្យ ហើយ​អាមេរិក​មាន​ភស្តុតាង​បញ្ជាក់​ពី​រឿង​លូកដៃ​របស់​រុស្ស៊ី​នេះ​ទៀតផង​។ ប៉ុន្តែ​ក្រុង​មូ​ស្គូ​បាន​ទាត់ចោល​ការចោទប្រកាន់​នេះ និង​ចាត់ទុកថា វា​ជា​លេស​របស់​ក្រុម​ប្រជា​ធិ​តេ​យ្យ​បិទបាំង​ភាពអាម៉ាស់​ដែល​ចាញ់ឆ្នោត​បក្ស​សាធារណរដ្ឋ​។​

​មិន​ត្រឹមតែ​អាមេរិក សូម្បីតែ​ការបោះឆ្នោត​នៅ​ប្រទេស​អឺរ៉ុប​ខ្លះ​ដូចជា​បារាំង អាល្លឺម៉ង់ និង​ហូ​ឡង់ ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៧ ក៏​គេ​នាំគ្នា​ចង្អុល​ដាក់​រុស្ស៊ី​ថា​បាន​លូកលាន់ និង​មាន​ផែនការ​កកូរកកាយ​ដូចគ្នា​ដែរ​។ ជាមួយនឹង​ការចោទប្រកាន់​ទាំងនេះ ក្រុង​មូ​ស្គូ ចាំបាច់​រៀបចំ​ជើង​ព្រួល​ទុក​មុន​ក្នុង​ការការពារ​ខ្លួន ពី​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​គូប្រជែង​របស់ខ្លួន​។​

២. មូ​ស្គូ ប្រកាស​បន្តធ្វើ​ទំនើបកម្ម​កងទ័ព​
​បន្ថែម​ពីលើ​ការត្រៀមខ្លួន​ការពារ​តាម​ប្រព័ន្ធ​អន​ឡាញ ក្រុង​មូ​ស្គូ ក៏​មិន​ភ្លេច​ពង្រឹង​អានុភាព​កងទ័ព​របស់​ខ្លួន​ដែរ​។ កាលពី​ឆ្នាំមុន កងទ័ព​រុស្ស៊ី បានទទួល​សព្វាវុធ​ថ្មី​ជាច្រើន​ប្រភេទ សម្រាប់​អង្គភាព​ទ័ព​ទាំងអស់ ជាពិសេស​នោះ គឺ​មី​ស៊ី​ល​អន្តរទ្វីប​ដ៏​មាន​ឥទ្ធិពល​ជាច្រើន​គ្រឿង​តែម្ដង​។ នៅ​ឆ្នាំ​២០១៧ រុស្ស៊ី នឹង​បន្តធ្វើ​ទំនើបកម្ម​យោធា​របស់ខ្លួន​ឲ្យ​កាន់តែខ្លាំង​បន្ថែមទៀត ស្របពេល​សម្ព័ន្ធ​យោធា​ណា​តូ កំពុង​ពង្រឹង​ឥទ្ធិពល​ដូចគ្នា​នៅតាម​ព្រំដែន​រវាង​អឺរ៉ុប និង​រុស្ស៊ី​។​

​ថ្លែង​ក្នុង​ពិធីជប់លៀង​មួយ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និយាយថា យោធា​រុស្ស៊ី នឹង​បន្ត​ពង្រឹងសមត្ថភាព​របស់​ខ្លួន ជាពិសេស​លើ​ប្រព័ន្ធ​ការពារ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ និង​កងកម្លាំង​អាកាស​។ លោក​បន្តថា សន្តិសុខ​ប្រជាជន​រុស្ស៊ី ស្ថិតក្នុង​ស្ថានភាព​ដ៏​ល្អ ព្រោះ​យោធា​រុស្ស៊ី មាន​សមត្ថភាព​ប្រយុទ្ធ​ខ្លាំង ព្រមទាំង​អាចឆ្លើយតប​ទៅនឹង​សកម្មភាព​គំរាម​ណាមួយ​មកលើ​រុស្ស៊ី​។​

​បើតាម​សារព័ត៌មាន Independent រដ្ឋមន្ត្រី​ការពារជាតិ Shoigu អះអាងថា កងទ័ព​រុស្ស៊ី​ទាំងបី​ប្រភេទ សុទ្ធតែ​ត្រូវ​ពង្រឹងសមត្ថភាព​ទាំងអស់​។ នៅ​ឆ្នាំនេះ កងទ័ព​ជើង​អាកាស នឹង​ទទួល​យន្តហោះ​ថ្មី​ចំនួន​១៧០​គ្រឿង ហើយ​កងទ័ពជើងទឹក នឹង​ទទួលបាន​នាវា​ចំ​នួ​១៧​ថ្មី​បន្ថែម​។ ចំណែក​រថក្រោះ​៩០៥ គ្រឿង និង​រថពាសដែក​ជាច្រើន​ទៀត នឹងត្រូវ​បញ្ចូល​ទៅក្នុង​អង្គភាព​កងទ័ពជើងគោក ខណៈដែល​កងពល​នុយក្លេអ៊ែរ​ទាំងបី ក៏​នឹង​ទទួល​មី​ស៊ី​ល​អន្តរទ្វីប​ជាច្រើន​ទៀតផង​។​

​ច្បាស់​ណាស់​ថា ការដែល​រុស្ស៊ី​ខិតខំ​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន ក៏​ព្រោះតែ​សម្ព័ន្ធ​យោធា​ណា​តូ ប្រឹងប្រែង​ពង្រាយ​ទាហាន​របស់ខ្លួន​តាម​ព្រំដែន​នោះ​។ សមាជិក​ណា​តូ​ធំៗ​ដូចជា​អាមេរិក អង់គ្លេស ជាដើម​នោះ បាន​បញ្ចេញ​ទ័ព​របស់ខ្លួន​ចូលរួម​ជាមួយ​សមាជិក​ដទៃទៀត ដើម្បី​ការពារ​រដ្ឋ​អឺរ៉ុប​តូចៗ​ក្បែរ​រុស្ស៊ី ដែល​កំពុង​បារម្ភ​ខ្លាច​មូ​ស្គូ​បញ្ចូល​ជា​ទឹកដី​រុស្ស៊ី ដូច​តំបន់​គ្រី​មៀ​ដែរ​។ រុស្ស៊ី និង​ប​ស្ចឹ​ម​ប្រទេស តែង​ចោទ​គ្នា​ទៅវិញទៅមក​លើ​រឿងនេះ ទន្ទឹមគ្នា​នោះ ក៏​បែរជា​ពង្រឹង​យោធា​ខ្លាំង រហូតដល់​គេឯង​បារម្ភ​ពិភពលោក​ធ្លាក់ចូល​សង្គ្រាមត្រជាក់​ជាថ្មី​ទៀតផង​៕  


© រក្សាសិទ្ធិដោយ thmeythmey.com