អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្ថាប័ន​ព័ត៌មាន​ធំៗ​ខឹងសម្បារ​ដែល សេត​វិមាន​អាមេរិក​ហាម​មិន​ឲ្យ​ខ្លួន​ចូល​យក​ព័ត៌មាន
25, Feb 2017 , 9:39 pm        
រូបភាព
ស្ថាប័នព័ត៌មានធំៗខឹងសម្បារដែល-សេតវិមានអាមេរិកហាមមិនឲ្យខ្លួនចូលយកព័ត៌មាន
ស្ថាប័នព័ត៌មានធំៗខឹងសម្បារដែល-សេតវិមានអាមេរិកហាមមិនឲ្យខ្លួនចូលយកព័ត៌មាន
​សេត​វិមាន​អាមេរិក មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​មកពី​ស្ថាប័ន​ផ្សព្វផ្សាយ​មួយចំនួន​ចូល​យក​ព័ត៌មាន​ក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំ​សប្តាហ៍​នៅ​ថ្ងៃ​សុក្រ​ទី ២៤​កុម្ភៈ​។ ស្ថាប័ន​សារព័ត៌មាន​ដែល​ត្រូវគេ​ហាម​នោះ​មានដូចជា The New York Times, The Hill, Politico និង​ស្ថាប័ន​មួយចំនួន​ទៀតផង​។ អ្នកសារព័ត៌មាន​បាន​ពហិកា​ចូល​យក ព័ត៌មាន​ដើម្បី​ប្រឆាំង​សកម្ម​ភាពមិន​គប្បី​រប​ស់​សេត​វិមាន​អាមេរិក​នេះ​។



នៅ​ចុង​សប្តាហ៍ សន្និសីទ​សារព័ត៌មាន​របស់​អ្នកនាំពាក្យ​ប្រធានាធិបតី  Sean Spicer ត្រូវ​រៀបចំឡើង​ដូច​សព្វមួយដង តែ​សប្តាហ៍​នេះ សេត​វិមាន​បាន ជ្រើសរើស​យកតែ​អ្នកសារព័ត៌មាន​មកពី​ស្ថាប័ន​មួយចំនួន​ចូល​យក ស្តាប់​និង​ព័ត៌មាន​ប៉ុណ្ណោះ​។ ការសម្រេច​បែបនេះ​កើតឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក​បន្ត​ចោទប្រកាន់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ និង​ជាស​ត្រូវ​របស់​ប្រជាជន​អាមេរិក​ផងដែរ​។

សារព័ត៌មាន The Hill
​ដែលមាន​ស្ថិតក្នុង​បញ្ជី​ស្ថាប័ន​ដែល​សេត​វិមាន​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​ដែរនោះ បាន​ផ្សាយ​ថា ស្ថាប័ន​ព័ត៌មាន​ជាច្រើន​ដែល​ត្រូវបាន​គេ​ហាម​។ ក្នុងចំណោម​នោះ​មានដូចជា New York Times, The Hill, Politico, BuzzFeed, the Daily Mail, BBC, the Los Angeles Times, the New York Daily News រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តូចៗ​ផ្សេងទៀត​ដែរ​។​

យ៉ាងណា​ក៏ដោយចុះ ស្ថាប័ន​ព័ត៌មាន​ធំៗ​មួយចំនួន ដូចជា ABC, CBS, NBC, Fox, Reuters, Bloomberg, the Wall Street Journal និង McClatchy​។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន AP និង​ទស្សនា​វ​ដ្តី Time ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​ដែរ ប៉ុន្តែ​ស្ថាប័ន​ទាំងពីរ​នេះ​ធ្វើពហិការ​ដើម្បី​ជំទាស់​ការសម្រេច​របស់​រដ្ឋបាល​លោក ត្រាំ និង​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​បណ្តា​អ្នកសារព័ត៌មាន​ដែល​ត្រូវគេ​ហាមឃាត់​។​

ពាក់ព័ន្ធ​បញ្ហា​នេះ សមាគម​អ្នករាយការណ៍​ព័ត៌មាន​សេត​វិមាន​អាមេរិក​បាន​រិះគន់​ការសម្រេច​របស់​សេត​វិមាន​នេះ​ខ្លាំងៗ​។ គេ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់ថា​៖« សមាគម​យើង​តវ៉ា​ដាច់ខាត​ចំពោះ​ការសម្រេច​របស់​សេត​វិមាន​។ យើង​ជំរុញ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ដែល​អាច​ចូល​យក​ព័ត៌មាន​បាន​ជួយ​ចែករម្លែក​រាល់​របាយការណ៍​ឬ​ព័ត៌មាន​ទាំងឡាយណា​ដែល​ខ្លួន​ទទួលបាន​ជាមួយ​អ្នកសារព័ត៌មាន​ដែល​ត្រូវគេ​ហាម​។ ខាង​ស្ថាប័ន​យើង​នឹង​បន្ត​ជជែក​ពិភាក្សា​ជាមួយ​ខាង​សេត​វិមាន​ទៀត​នៅពេល​ឆាប់ៗ​នេះ​»​។​

យ៉ាងណា​ក៏ដោយចុះ ខាង​សេត​វិមាន​បាន​ទាត់ចោល​ព័ត៌មាន​ដែលថា ខ្លួន​ហាម​អ្នកសារព័ត៌មាន​ចូល​យក​ព័ត៌មាន​។ អ្នកនាំពាក្យ​សេត​វិមាន Stephanie Grisham ឆ្លើយតប​ថា ការហាមឃាត់​អ្នកសារព័ត៌មាន​ជា​រឿង​មិន​ពិ​តោះ​ឡើយ​។​

ចំណែក​អ្នកនាំពាក្យ​ប្រធានាធិបតី​ផ្ទាល់​លោក Sean Spicer បាន​ថ្លែងថា អ្នកសារព័ត៌មាន​ទាំងអស់​សុទ្ធតែ​មានឱកាស​ចូល​យក​ព័ត៌មាន​រួមគ្នា​។ ហើយ​លោក​បាន​បញ្ជាក់ថា សេត​វិមាន​ក្រោម​ការគ្រប់គ្រង​របស់លោក ដូ​ណា​ល់ ត្រាំ​បើកចំហ​សម្រាប់​អ្នកសារព័ត៌មាន​ខ្លាំង​ជាង​រដ្ឋបាល​មុនៗ​ទៅទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com