អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ ជា​ប្រធានាធិបតី​ដំបូង ដែល​មិន​ចូលរួម​កម្មវិធី​ជួបជុំ​អ្នកកាសែតក្នុងរយៈពេល​៣៦​ឆ្នាំ​ចុងក្រោយ
26, Feb 2017 , 2:15 pm        
រូបភាព
 ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​មិន​ចូលរួម​កម្មវិធី​បរិភោគ​អាហារ​ល្ងាច​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ប្រចាំ​សេត​វិមាន​ដែល​គេ​ធ្លាប់ធ្វើ​រាប់​ទសវត្ស​ន៍​មកហើយ​នោះឡើយ​។ លោក​ក្លាយជា​ប្រធានាធិបតី​ដំបូង​គេ​ដែល​ធ្វើបែបនេះ​ក្នុង​រយៈពេល ៣៦​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​បន្ទាប់ពី​ប្រធានាធិបតី Ronald Reagan​។​



​ប្រធានាធិបតី​អាមេរិក តែងតែ​ចូលរួម​ជួប​អ្នកសារព័ត៌មាន​ប្រចាំឆ្នាំ (White House Correspondents' Association Dinner) ដើម្បី​ទទួល​បរិភោគ​អាហារ​ពេល​ល្ងាច​ជុំគ្នា​ចាប់ពី​ឆ្នាំ ១៩២១​មក​។ ហើយ​ក្នុង​កម្មវិធី​នេះ ប្រធានាធិបតី​អាមេរិក​បង្ហាញ​ការគោរព​និង​កោតសរសើរ​ចំពោះ​អ្នកសារព័ត៌មាន​ដោយ​ផ្តល់​ការលើកទឹកចិត្ត​ជា​រង្វាន់​និង​អាហារូបករណ៍​ជាដើម​។

ប៉ុន្តែ​ឆ្នាំនេះ​ខុសពី​សព្វមួយដង ប្រធានាធិបតី​អាមេរិក​ថ្មី​លោក ដូ​ណា​ល់ ត្រាំ នឹងមិន​ចូលរួម​ក្នុង​កម្មវិធី​ប្រពៃណី​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ចុងខែ​មេសា​ខាងមុខ​ឡើយ​។ លោក​បានប្រកាស​បែបនេះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង Twitter របស់ខ្លួន នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី ២៥ កុម្ភៈ​នេះ​។

លោក​បានបញ្ជាក់​ដូច្នេះ​៖​​« ខ្ញុំ​នឹងមិន​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​អ្នកកាសែត​ប្រចាំ​សេត​វិមាន​ឡើយនា​ឆ្នាំនេះ​។ សូម​ជូនពរ​អ្នក​ទាំងអស់គ្នា និង​សូម​មាន​ពេលវេលា​ដ៏​ល្អ​មួយ​ល្ងាច​នេះ​»​។​

​យោងតាម​សារព័ត៌មាន NPR តាមពិតទៅ​ដូ​ណា​ល់ ត្រាំ មិនមែនជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ឡើយ​ដែល​មិន​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​អ្នកសារព័ត៌មាន​ប្រចាំឆ្នាំ​នោះ​។ ប្រធានាធិបតី​ចុងក្រោយ​គេ​ដែល​មិន​ចូលរួម​ក្នុង​កម្មវិធី​នេះដែរ​គឺ លោក Ronald Reagan នៅក្នុង​ឆ្នាំ ១៩៨១ ប៉ុន្តែ​លោក​មាន​ហេតុផល​សមរម្យ​ព្រោះ​លោក​ទើប​ជាសះស្បើយ​ពីរ​បួស​ដោយសារ​គេ​លួច​បាញ់ប្រហារ​ប៉ង​ធ្វើឃាត​។​

មិន​ដូច​លោក ដូ​ណា​ល់ ត្រាំ ដែល​ស្អប់​អ្នកសារព័ត៌មាន លោក Ronald Reagan បាន​ទូរ​សព្ទ​ទៅ​ចូលរួម​ក្នុង​កម្មវិធី និង​បាន​និយាយ​លេងសើច​ពី​ការ​លួច​ធ្វើឃាត​លោក​ដែរ​។ លោក​បានបញ្ជាក់​ដូច្នេះ​៖​    ​« ប្រសិន​ខ្ញុំ​អាច​ផ្តល់​អនុសាសន៍​ឲ្យ​អ្នក​ទាំងអស់គ្នា ខ្ញុំ​ចង់​ប្រាប់ថា ពេល​អ្នកណាម្នាក់​ប្រាប់​ឲ្យ​យើង​ចូល​ឡាន​ឲ្យ​លឿន ប្រញាប់​ធ្វើតាម​គេ​ទៅ​»​។​

ប្រធានាធិបតី​អាមេរិក​ម្នាក់ទៀត​ដែល​មិនបាន​ចូលរួម​កម្មវិធី​ជួបជុំ​អ្នកកាសែត​នេះ​គឺ លោក Richard Nixon នៅក្នុង​ឆ្នាំ ១៩៧២​។ លោក​ស្អប់​អ្នកកាសែត ហើយ​លោក​ក៏បាន​ហៅ​អ្នកសារព័ត៌មាន​ជាស​ត្រូវ​ដូច​លោក ដូ​ណា​ល់ ត្រាំ​ដែរ​។​

កន្លងមក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​សារព័ត៌មាន​ឥតមាន​សំចៃមាត់ និង​ចោទប្រកាន់ថា​សារព័ត៌មាន​ជាស​ត្រូវ​របស់​ប្រជាជន​អាមេរិក​ថែមទៀត​ផង​។ លោក​ហ៊ាន​ចោទប្រកាន់​សារព័ត៌មាន​ធំៗ​មួយចំនួន​ដូចជា New York Times, CNN និង​សារព័ត៌មាន​មួយចំនួន​ទៀតថា ជា​ក្រុមប្រឆាំង ដែល​លោក​ចង់​ធ្វើសង្គ្រាម​ជាមួយ​៕




Tag:
 ដូ​ណា​ល់ ត្រាំ​
  Ronald Reagan
  Richard Nixon
  White House Correspondents\' Association Dinner
© រក្សាសិទ្ធិដោយ thmeythmey.com