អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូណេស៊ី​និង​អូស្ត្រាលី ភ្ជាប់​ទំនាក់ទំនង​យោធា​ឡើងវិញ ក្រោយ​កាត់ផ្ដាច់​ជិត​២​ខែ​
26, Feb 2017 , 10:19 pm        
រូបភាព
​បងធំ​អាស៊ាន ឥណ្ឌូណេស៊ី និង​អូស្ត្រាលី បានសម្រេច​ស្ដារ​ទំនាក់ទំនង​យោធា​ឡើងវិញ បន្ទាប់ពី​កាត់ផ្ដាច់​ដោយ​ឯកតោភាគី​ពី​សំណាក់​ឥណ្ឌូណេស៊ី​ី​កាលពី​ខែមករា ក្រោយ​រកឃើញថា​មានការ​ប្រមាថ​មកលើ​មុខមាត់​ឥ​ណ្នូ​ណេ​ស៊ី​នៅឯ​ជំរំ​ហ្វឹកហ្វឺន​រួមគ្នា​។ ការស្ដារ​ទំនាក់ទំនង​យោធា​នេះ ធ្វើឡើង​ក្នុង​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ នៅ​អូស្ត្រាលី​។


​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បាន​ទៅដល់​អូស្ត្រាលី​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ ក្នុងនាម​ជា​ប្រមុខរដ្ឋ​ចាប់តាំងពី​ការ​ឈ្នះឆ្នោត​ក្នុង​ឆ្នាំ​២០១៤ មក​នោះ​។ ទស្សនកិច្ច​ដែល​មើលឃើញថា ជាការ​ពង្រឹង​ទំនាក់​ទំំ​នង​ទ្វេភាគី​នោះ ក៏​ឈានដល់​ការសម្រួល​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា ដែល​កាត់ផ្ដាច់​កាលពី​ខែមករា​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បានប្រកាស​ពី​ការស្ដារ​ទំនាក់ទំនង​យោធា​ក្នុង​សន្និសីទកាសែត​រួមគ្នា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក្នុង​ទីក្រុង Sydney នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​។ បើតាម​ទី​ភ្នា្​ក់​ងារ​ព័ត៌មាន Reuters លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី បាន​និយាយថា លោក​ប្រ​ធានា​ធិ​ប​តិ វី​ដូ​ដូ និង​រូបលោក យល់ព្រម​ស្ដារ​ទាំងស្រុង​នូវ​កិច្ចសហប្រតិបត្តិការ​យោធា ការផ្លាស់ប្ដូរ​ការហ្វឹកហាត់ និង​សកម្មភាព​យោធា​ទ្វេភាគី​។​

​ទស្សនកិច្ច​របស់លោក វី​ដូ​ដូ ធ្វើឡើង​ជិត​ខែក្រោយ​ឥណ្ឌូណេស៊ី​ផ្ដាច់​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​អូស្ត្រាលី​។ បន្ទាប់ពី​កើតហេតុ​នេះ ប្រមុខ​កងទ័ព​អូស្ត្រាលី ក៏បាន​មកសុំ​ទោស​សម​ភាគី​ឥណ្ឌូណេស៊ី​ដោយផ្ទាល់​ក្នុង​ខែកុម្ភៈ​។ កិច្ចសហប្រតិបត្តិការ​ការពារជាតិ​របស់​ប្រទេស​ទាំងពីរ​រួមមាន ការហ្វឹកហាត់​រួមគ្នា ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម រហូតដល់​ការ​ល្បាត​តាម​ព្រំដែន​រួមគ្នា​ជាដើម​។​

​ក្នុង​សន្និសីទកាសែត​ដដែល មេដឹកនាំ​ទាំងពីរ​សុទ្ធតែ​បង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។ លោក​ប្រធានាធិបតី វី​ដូ​ដូ និយាយថា ទំនាក់ទំនង​អូស្ត្រាលី និង​ឥណ្ឌូណេស៊ី អាច​រឹងមាំ​បាន លុះត្រា​ភាគី​ទាំងពីរ​គោរព​គ្នា​ទៅវិញទៅមក មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​នីមួយៗ ក៏ដូចជា​អភិវឌ្ឍ​ទំនាក់ទំនង​ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។

​អ្វីដែល​គួរកត់សម្គាល់​នោះ នៅមុន​ទស្សនកិច្ច​ទៅកាន់​អូស្ត្រាលី លោក​ប្រធានាធិបតី វី​ដូ​ដូ បែរជា​លើកឡើង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ចិន​។ លោក​បាន​ប្រាប់​កាសែត​អូស្ត្រាលី​ថា លោក​ចង់ឃើញ​ការ​ល្បាត​រួមគ្នា​រវាង​ឥណ្ឌូណេស៊ី និង​អូស្ត្រាលី​នៅ​តំបន់​នោះ ក្នុងករណី​ដែល​សកម្មភាព​នេះ​មិនមែន​ជាការ​បញ្ឆេះ​កម្ដៅ​ជម្លោះ​ឲ្យ​កាន់តែខ្លាំង​។​

​យ៉ាងណាក្ដី ទាំង​លោក វី​ដូ​ដូ និង​លោក Turnbull ក៏បាន​បញ្ជាក់​ពី​សារៈសំខាន់​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​អនុលោម​តាមច្បាប់​អន្តរជាតិ​។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បន្ថែមថា ក្នុងនាម​ជា​ប្រទេស​សមុទ្រ​ដូចគ្នា និង​ជា​ដៃគូ​ពាណិជ្ជកម្ម អូស្ត្រាលី និង​ឥណ្ឌូណេស៊ី ជា​ដៃគូ​ដែលមាន​ផលប្រយោជន៍​ស្រដៀង​គ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com