អន្តរជាតិ
ប្រជាជន​រុស្ស៊ី​បាតុកម្ម​រម្លឹក​ខួប​ពីរ​ឆ្នាំ​នៃ​ការសម្លាប់​គូបដិបក្ខ​របស់លោក ពូ​ទីន
27, Feb 2017 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃអាទិត្យ​ទី ២៦ កុម្ភៈ ប្រជាជន​រុស្ស៊ី​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​កណ្តាល​រដ្ឋធានី​មូ​ស្គូ មុន​ការ​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​នៃ​ការធ្វើឃាត​មេដឹកនាំ​ប្រឆាំង​របប​ក្រេ​ម​ឡាំង​លោក Boris Nemtsov មកដល់​។ មកទល់ពេលនេះ​ជន​ដែល​នៅ​ពីក្រោយ​ការបញ្ជា​ឲ្យ​សម្លាប់​លោក មិនទាន់​ត្រូវបាន​គេ​រកឃើញ​នៅឡើយ​ទេ​។​



​មួយថ្ងៃ​មុន​ខួប​ពីរ​ឆ្នាំ​នៃ​ការស្លាប់​របស់​មេដឹកនាំ​ប្រឆាំង​លោក Boris Nemtsov ជា​គូបដិបក្ខ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​មកដល់ គេ​ឃើញ​មាន​វត្តមាន​ប្រជាជន​រុស្ស៊ី​រាប់ពាន់នាក់​ប្រមូលផ្តុំ​គ្នា​នៅ​ក្រុង​មូ​ស្គូ​នា ដើម្បី​រំលឹក​ពី​ការចងចាំ​និង​សម្តែង​មរណៈទុក្ខ​ចំពោះ​លោក​ផង​។​

 លោក Boris Nemtsov ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​នៅក្បែរ​វិមាន​ក្រេ​ម​ឡាំង​នា​ថ្ងៃ ២៧​កុម្ភៈ​ឆ្នាំ​២០១៥ នៅពេលដែល​លោក​មាន​វ័យ ៥៥​ឆ្នាំ​។ លោក​ត្រូវបាន​គេ​ស្គាល់​ថា​ច្បាស់​ថា ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​ផង និង​ជា​អ្នកនយោបាយ​ម្នាក់​ដែល​ហ៊ាន​ចេញមុខ​រិះគន់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ឥតមាន​ខ្លាចរអា​ដូចគ្នា​ដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រយៈពេល​ពីរ​ឆ្នាំ​មកហើយ​នេះ អាជ្ញាធរ​មិនទាន់​អាច​កំណត់​បាន​អត្តសញ្ញាណ​នៃ​មេខ្លោង​ដែល​បញ្ជា​ឲ្យ​គេ​សម្លាប់​លោក Nemtsov ឡើយ​។ មានតែ​ជនជាតិ Chechen ៥​នាក់​ប៉ុណ្ណោះ​ដែល​មកពី​តំបន់ Caucasus ភាគ​ខាងជើង​ត្រូវបាន​គេ​ចាប់ខ្លួន​និង​យកមក​ផ្តន្ទាទោស​ដោយ​ពួកគេ​ត្រូវបាន​គេ​ជួល​ឲ្យ​សម្លាប់​មនុស្ស​នោះ​។​

​មនុស្ស​ដែល​ចូលរួម​ក្នុងការ​ជួបជុំ​ហែរ​ក្បួន​នេះ​មាន​ប្រហែល ១៥០០០​នាក់ ហើយ​ការជួបជុំ​នេះ​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ត្រឹមត្រូវ​។ គេ​ឃើញ​មាន​វត្តមាន​ក្រុម​កងសន្តិសុខ ជាច្រើន​សន្ធឹកសន្ធាប់​អមដំណើរ​ក្រុមបាតុករ​។  អ្នកចូលរួម​បាន​កាន់​ទង់ជាតិ​រុស្ស៊ី និង​ពាក្យស្លោក​មួយចំនួន​ដែល​រិះគន់​រដ្ឋា​បា​ភិ​បាល​ក្រេ​ម​ឡាំង​ដែល​អន្តរាគមន៍​ក្នុង​បញ្ហា​អ៊ុយ​ក្រែ​ន​ដែល​វា​ជា​អ្វីដែល​លោក Nemtsov ធ្លាប់​ជំទាស់​តែ​ពី​មុនគេ​ធ្វើឃាត​ទៀត​។​

​អ្នកចូលរួម​ការដើរ​ក្បួន បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថា  ពួក​រៀបចំ​ការជួបជុំ​នេះ​ដើម្បី​ប្រាប់​អាជ្ញាធរ​ថា ពួកគេ​មិន​ភ្លេច​ឡើយ​ព្រឹត្តិការណ៍​នេះ ហើយ​ពួកគេ​ទាមទារ​ឲ្យ​អាជ្ញាធរ​វែកមុខ​អ្នកបញ្ជា​ឲ្យ​សម្លាប់​លោក Nemtsov ឲ្យ​ឃើញ​វិញ​។​

​ពាក់ព័ន្ធ​ការស៊ើបអង្កេត​ការធ្វើឃាត​នេះ អាជ្ញាធរ​បាន​អះអាងថា ការស៊ើបអង្កេត​រកឃើញ​ថា ជន​ទាំង​ប្រាំ​អ្នក​ដែល​ត្រូវបាន​តុលាការ​កាត់ទោស​នោះបាន​លុយ ១៥​លាន រូប (២៥​ម៉ឺន​ដុល្លារ​) សម្រាប់​ការសម្លាប់​លោក Nemtsov  ហើយ​សំណុំ​រឿងនេះ​ដោះស្រាយ​ចប់សព្វគ្រប់​ហើយ​។ ប៉ុន្តែ​ក្រុមគ្រួសារ​ជនរងគ្រោះ​និង​ក្រុម​អ្នកគាំទ្រ​អះអាងថា សំណុំ​រឿងនេះ​មិនទាន់​ចប់​ទេ ព្រោះ​គេ​មិនបាន​វែកមុខ​ជន​ដែល​បញ្ជា​ឲ្យ​មាន​ករណី​ឃាតកម្ម​នេះ​៕


Tag:
 Boris Nemtsov
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com