អន្តរជាតិ
ប៉ូលិស​ហ្វីលីពីន​ត្រៀមប្រយុទ្ធ​ក្នុង​សង្គ្រាម​គ្រឿងញៀន​ម្ដងទៀត ដ្បិត​ជំនួញ​គ្រឿងញៀន​កក្រើក​ឡើងវិញ​
28, Feb 2017 , 9:39 am        
រូបភាព
​មេ​ប៉ូលិស​ជាតិ​ហ្វីលីពីន Ronald dela Rosa បានប្រកាសថា ប៉ូលិស​នឹង​ហក់​ចូលក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ម្ដងទៀត បន្ទាប់ពី​អាក់ខាន​មួយរយៈ​ក្រោយ​ប្រធានាធិបតី Rodrigo Duterte បញ្ជា​ឲ្យ​ផ្អាក​ដោយសារ​រឿង​ពុករលួយ​។ បើតាម​លោក Rosa ការចូលរួម​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង ញៀន​ម្ដងទៀត ធ្វើឡើង​ស្របពេល​ដែល​ជំនួញ​គ្រឿងញៀន​កើនឡើង​វិញ​អំឡុងពេល​អវត្តមានរ​បស់​ប៉ូលិស​។



«​យើង​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ត្រឡប់​ទៅធ្វើ​សង្គ្រាម​វិញ នៅពេល​ទទួលបាន​បញ្ជា​ពី​ប្រធានាធិបតី​។ បើ​យើង​នៅក្រៅ​សង្គ្រាម​នេះ​កាន់តែ​យូរ ស្ថានការណ៍​នឹង​កាន់តែ​អាក្រក់ ហើយ​បញ្ហា​នឹង​ត្រឡប់មក​ម្ដងទៀត​»​។ នេះ​ជាការ​លើកឡើង​របស់​ស្នងការ​ប៉ូលិស​ជាតិ​ហ្វីលីពីន Ronald dela Rosa នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ជុំវិញ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់​ប៉ូលិស ដែល​លោក Duterte បញ្ជា​ឲ្យ​ឈប់​សិន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ dela Rosa បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ថា បើ​ប៉ូលិស​ចូលរួម​បោសសម្អាត​គ្រឿងញៀន​កាន់តែ​ឆាប់ ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក៏​កាន់តែ​ប្រសើរ​ដែរ បើ​មិន​អ៊ីចឹង​ទេ អ្វីដែល​ធ្លាប់​ទទួលបាន​ពី​ការ​បោសសម្អាត​នេះ នឹង​បាន​បាត់បង់​ទៅវិញ​។ ចំណែក​លោក​ប្រធានាធិបតី Duterte ក៏​ចង់​ឲ្យ​ប៉ូលិស​ចូលរួម​ប្រតិបត្តិការ​នេះ​វិញ​ដែរ ព្រោះ​សកម្មភាព​ជួញដូរ​មានការ​កើនឡើង​ខ្លាំងណាស់​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​ហ្វីលីពីន​ដែល​បញ្ជា​ឲ្យ​រំលាយ​អង្គភាព​ប្រឆាំង​គ្រឿងញៀន​របស់​ប៉ូលិស បានផ្ដល់​សិទ្ធិ​ឲ្យ​ប៉ូលិស​ខ្លួនឯង​ជា​អ្នកសម្រេចចិត្ត​ពេលវេលា​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​ជាថ្មី​។ ទាក់ទង​រឿងនេះ​ដែរ លោក Duterte បញ្ជាក់ថា សកម្មភាព​ជួញដូរ​គ្រឿងញៀន​កើនឡើង​ប្រហែល​២០​ភាគរយ ចាប់តាំងពី​ប៉ូលិស​ដកខ្លួន ហើយ​ចៅហ្វាយខេត្ត ក្រុង​ជាច្រើន ក៏​ស្នើ​ឲ្យ​លោក​អនុញ្ញាត​ឲ្យ​ប៉ូលិស​ត្រឡប់​វិញ​ដែរ ព្រោះ​ការលក់ដូរ​គ្រឿងញៀន​តា​ម​ផ្លូវ​កើនឡើង​ច្រើន​ដែរ​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​លោក Duterte បញ្ជា​ឲ្យ​ប៉ូលិស​ដកខ្លួន​នោះ តួនាទី​ប្រឆាំង​គ្រឿងញៀន​ធ្លាក់​ទៅលើ​ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​ហ្វីលីពីន ដែល​ស្ថិតក្រោម​ចំណុះ​រដ្ឋាភិបាល និង​គាំទ្រ​ដោយ​កងទ័ព​។ ប៉ុន្តែ​ប្រតិបត្តិ​ការលើក​នេះ ទំនងជា​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ ទើប​សកម្មភាព​ជួញដូរ​គ្រឿងញៀន​កើនឡើង​វិញ ដែល​ចាំបាច់​ត្រូវការ​វត្តមាន​ប៉ូលិស​ឡើងវិញ​។​

​ក្រោម​យុទ្ធនាការ​បង្ក្រាប​របស់​ប៉ូលិស មនុស្ស​ជាច្រើន​ពាន់​នាក់ ត្រូវបាន​សម្លាប់​។ ប៉ុន្តែ​ភាគច្រើន​នៃ​ចំនួន​អ្នកស្លាប់​នេះ គឺ​ដោយសារ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​ក្រុម​ខ្មាន់កាំភ្លើង​មិនមែនជា​មន្ត្រី​អនុវត្ត​ច្បាប់​។ យុទ្ធនាការ​នេះ ក៏​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​អន្តរជាតិ ក្រោម​ហេតុផល​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​លោក Duterte ផ្ទាល់​ក៏​ប្រឈមមុខ​ការស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋ​ទៅទៀត​៕


Tag:
 ហ្វីលីពីន​
  គ្រឿងញៀន​
  Ronald dela Rosa
© រក្សាសិទ្ធិដោយ thmeythmey.com