អន្តរជាតិ
អធិរាជ​ជប៉ុន យាង​ទស្សនកិច្ច​លើកដំបូង​ទៅ​វៀតណាម មុន​យាង​ទៅ​ថៃ​
28, Feb 2017 , 4:38 pm        
រូបភាព
អធិរាជជប៉ុន អាគីហ៊ីតុ និងមហេសី (រូបថត EPA)
អធិរាជជប៉ុន អាគីហ៊ីតុ និងមហេសី (រូបថត EPA)
​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ បាន​ចាក​ចេញពី​ទីក្រុង​តូ​ក្យូ​ហើយ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ដើម្បី​ផ្ដើម​ទស្សនកិច្ច​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​២ គឺ​វៀតណាម និង​ថៃ​។ អធិរាជ​ជប៉ុន នឹង​ទៅដល់​វៀតណាម​ថ្ងៃ​ដដែល ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម និង​សមាជិក​ក្រុមគ្រួសារ​ទាហាន​ជប៉ុន ដែល​បាន​មកដល់​វៀតណាម​សម័យ​សង្គ្រាមលោកលើកទី​២ ។ ចប់​ទស្សនកិច្ច​នៅ​វៀតណាម អធិរាជ​ជប៉ុន និង​មហេសី នឹង​បន្តដំណើរ​ទៅកាន់​ថៃ​ទៀត​។​



​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ និង​មហេសី មី​ឈី​កុ ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ ទៅកាន់​ទឹកដី​វៀតណាម​ដែលជា​សមរភូមិ​ដែល​ទាហាន​ជប៉ុន​ច្បាំង​ជាមួយ​ទាហាន​បារាំង​ក្នុង​សង្គ្រាមលោកលើកទី​២ ។ ក្រៅពី​ជួប​ជាមួយ​បណ្ដា​មេដឹកនាំ​វៀតណាម អធិរាជ​ជប៉ុន និង​មហេសី​ក៏​នឹង​ជួប​ជាមួយ​សា់ចញាតិ​ទាហាន​ជប៉ុន ដែល​ត្រូវ​ជីតា​របស់​ទ្រង់ បញ្ជូនមក​កាលពី​ជាង​៧០​ឆ្នាំមុន​ផងដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ពី​ព្រលានយន្តហោះ Haneda អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ មានបន្ទូល​ប្រាប់​អ្នកសារព័ត៌មាន​ថា ទ្រង់ និង​មហេសី សង្ឃឹមថា ទស្សនកិច្ច​លើកដំបូង​នេះ នឹង​ជួយ​អភិវឌ្ឍ​ទំនាក់ទំនង និង​ការស្វែងយល់​ពីគ្នា​ទៅវិញទៅមក​រវាង​ជប៉ុន និង​វៀតណាម​។ អំឡុងពេល​ទស្សនកិច្ច​នេះ អធិរាជ​ជប៉ុន នឹងធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ហាណូយ និង​ទីក្រុង Hue ។​

​នៅ​ថ្ងៃទី​២ ខែមីនា អធិរាជ​ជប៉ុន និង​មហេសី ក៏​នឹង​ជួប​ជាមួយ​ក្រុមគ្រួសារ​ទាហាន​ជប៉ុន ដែល​ជួបគ្នា​សម័យ​សង្គ្រាមលោកលើកទី​២ ។ ទាហាន​ជប៉ុន​ជាច្រើន​រយ​នាក់ ដែល​ចូលមក​គ្រប់គ្រង​ឥណ្ឌូចិន បាន​ចូលរួម​ជាមួយ​កងកម្លាំង​បដិវត្តន៍​វៀតណាម​ដឹកនាំ​ដោយ​លោក ហូ ជី​មិញ ដើម្បី​ប្រយុទ្ធ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​។

​ទាហាន​ជប៉ុន​ទាំងនោះ ត្រូវបាន​បញ្ជា​ឲ្យ​ត្រឡប់​ទៅកាន់​ជប៉ុន​វិញ ក្រោយ​ទទួលជោគជ័យ​លើ​កងទ័ព​បារាំង​ក្នុង​ឆ្នាំ​១៩៥៤ ។ ប៉ុន្តែ​ទាហាន​ជប៉ុន​ទាំងនោះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​យក​សាច់ញាតិ​ប្រពន្ធ​កូន​ជា​ជនជាតិ​វៀតណាម​របស់​ពួកគេ ទៅជា​មួយ​ឡើយ​។ ជនជាតិ​វៀតណាម​ទាំងនោះ ក៏​បន្ត​រស់នៅ​វៀតណាម​ដោយ​ភាពក្រីក្រ និង​ប្រឈមមុខ​ទោស​ក្បត់ជាតិ ព្រោះ​យក​គ្រួសារ​ជាស​ត្រូវ​របស់​ប្រទេសជាតិ​។​

​ក្រោយ​ទស្សនកិច្ច​លើកដំបូង​នៅ​វៀតណាម អធិរាជ​ជប៉ុន និង​មហេសី នឹង​បន្តដំណើរ​ទៅកាន់​សមាជិក​អាស៊ាន​មួយទៀត គឺ​ថៃ​។ នៅ​ទីនោះ អធិរាជ​ជប៉ុន នឹង​ចូលគាល់​មហាក្សត្រ​ថៃ Maha Vajiralongkorn ដែល​ឡើង​សោយរាជ្យ​បន្ត​ពី​បិតា ភូមិបុល អាឌុលយ៉ាដេត​។ បន្ទាប់មក ទ្រង់​ក៏​នឹង​ឆ្លៀតឱកាស​ចូល​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព​ស្ដេច ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត ដែល​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ៕


Tag:
 ជប៉ុន​
  Akihito
  វៀតណាម​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com