កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមកីឡា​បាល់ទាត់​នារី​មួយ​នៅ​បារាំង​បានការ​ឧបត្ថម្ភ​ពី​ហាង​រកស៊ី​ផ្លូវភេទ​
31, Mar 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ក្លិប​កីឡាបាល់ទាត់​នារី​មួយ​ដែល​ស្ថិតនៅ​តំបន់ Pyrennees-Orientales ប្រទេស​បារាំង បាន​ពាក់អាវ​ដែលមាន​និមិត្តសញ្ញា​របស់​ហាង​រកស៊ី​ផ្លូវភេទ​ដ៏​ល្បីឈ្មោះ​មួយ​របស់​អេ​ស្ប៉ា​ញ និង​ប្រចាំ​អឺរ៉ុប​ទាំងមូល​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌​មានបារាំង France Bleu​។​



​ក្លិប​បាល់ទាត់​នារី FC Pollestres បានបង្ហាញ​ឈុត​សម្លៀកបំពាក់​ថ្មី​មួយ​របស់ខ្លួន​ក្នុងការ​ប្រកួត​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ កីឡាការិនី ក៏ដូចជា​ក្រុម​ទាំងមូល​បាន​ពាក់អាវ​ដែល​ឧបត្ថម្ភ​ដោយ​ហាង​រកស៊ី​ផ្លូវ​មួយ​ដ៏​ល្បីល្បាញ​នៅ​អឺរ៉ុប គឺ​ហាង «Club Paradise» ស្ថិតនៅក្នុង​តំបន់ La Jonquere របស់​អេ​ស្ប៉ា​ញ និង​ជាប់​ព្រំដែន​តំបន់ Pyrennees-Orientales របស់​បារាំង​។​

​ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់ Pyrennees-Orientales បាន​ប្រតិកម្ម​ទាក់ទង​នឹង​ករណីនេះ​។ លោក Robert Olive អនុប្រធាន​ទទួលបន្ទុក​កីឡា សម្តែង​ការសោកស្តាយ​ថា វា​ជា​រឿង​ដែល​ពិបាក​ទទួលយក​ខ្លាំងណាស់ ដោយសារ​ក្លិប​ទាំងមូល​ក៏មាន​ឈុត​យុវជន​ផងដែរ​។ លោក​បាន​ប្រាប់​មន្ត្រី​មូលដ្ឋាន​ឲ្យ​ពិចារណា​ពីព្រោះ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ហាង​រកស៊ី​ផ្លូវភេទ​តាមរយៈ​សម្លៀកបំពាក់​កីឡា​របស់​កីឡាការិនី ជា​សារ​មួយ​មិនល្អ​នោះឡើយ​។​

​លោក Alain Clement ប្រធាន​ក្លិប FC Pollestres បាន​ថ្លែង​ការពារ​ថា ក្លិប​របស់លោក​បាន​ពាក់អាវ​ដែល​ផ្តល់​ដោយ​ហាង Club Paradise អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​។ បន្ថែម​ពីលើ​នេះ ឈុត​ធំ​ផ្នែក​បុរស​ក៏​ធ្លាប់​ពាក់​ផងដែរ ប៉ុន្តែ​មិនដែល​មាន​បញ្ហា​អ្វី​នោះឡើយ​។​

​បើតាម​ការផ្សាយ​របស់ France Bleu ប្រធាន​ក្លិប​រូបនេះ បាន​ចំអក​ផងដែរ​ថា ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់​មិនដែល​ឧបត្ថម្ភ​ថវិកា​ដល់​ក្លិប​នោះឡើយ ហេតុដូច្នេះ FC Pollestres មាន​ហេតុផល​ដ៏​សមរម្យ​ដើម្បី​ធ្វើ​ឆ្លើយតប​ទៅ​អ្នក​ដែល​ឧបត្ថម្ភ​ដល់​ខ្លួន​។​
​លោក Gilles Pugnet ដែលជា​គ្រូបង្វឹក បាន​បន្ថែមថា វា​មិនមែនជា​ពេលវេលា​ដែល​អ្នកនយោបាយ​អប់រំ​ដល់​ក្លិប​នោះឡើយ ពីព្រោះ​ឈុត​សម្លៀកបំពាក់​កីឡា​ផ្សេងទៀត មាន​សភាព​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ​ក្លិប FC Pollestres គ្រោង​រៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ ដើម្បី​សម្រេច​ថា គួរ​បន្ត​ប្រើ​ឈុត​ដែលមាន​ឡូហ្គោ Club Paradise ឬ​ត្រូវ​បញ្ឈប់​ដើម្បី​លុបបំបាត់​ការរិះគន់​៕


Tag:
 បាល់ទាត់​
  រកស៊ី​ផ្លូវភេទ​
  ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com