ជាតិ
ខេត្តព្រៃវែង រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» រយៈពេល​៥​ថ្ងៃ នៅ​បាភ្នំ​
04, Apr 2017 , 8:39 pm        
រូបភាព
​ព្រៃវែង​៖ នៅ​ថ្ងៃទី​០៥ ដល់ ០៩ ខែមេសា​នេះ ក្នុង​ខេត្តព្រៃវែង នឹងមាន​ការរៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅក្នុង​ស្រុក​បាភ្នំ​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។ «​សង្ក្រាន្ត​ព្រៃវែង​» រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង រួមទាំង​អភិបាល​ខេត្តព្រៃវែង និង​មន្ត្រី​ពាក់ព័ន្ធ​នានា​។​



​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» នឹង​រៀបចំ​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់ទី​៩ ខែមេសា ឆ្នាំ​២០១៧​ខាងមុខនេះ នៅ​ទីលាន​បាល់ទាត់ ទល់មុខ​សាលាបឋមសិក្សា​ហ៊ុនសែន​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ «​សង្ក្រាន្ត​ព្រៃវែង​» ត្រូវបាន​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង សហការ​ជាមួយ​អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​នានា​។

​លោក ខៀវ ភា​រិ​ទ្ធ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការរៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» នេះ គឺ​រៀបចំ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ និង​ដើម្បី​ថែរក្សា​វប្បធម៌ មរតក ប្រពៃណី​ជាតិខ្មែរ​។ ជាពិសេស «​សង្ក្រាន្ត​ព្រៃវែង​» នឹងមាន​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ការប្រឡង​ចម្រៀង ការប្រឡង​ស្រី​ស្អាត​ប្រុស​ស្អាត ពិធី​សាសនា ការតាំងពិព័រណ៍​ផលិតផល និង​ការប្រគំ​តន្ត្រី​ពី​តារាចម្រៀង​ល្បីៗ រួមទាំង​ផ្ទាំងទស្សនីយភាព​ផ្សេងៗ​ទៀត​។ ទន្ទឹមនឹងនេះ ក៏មាន​កម្មវិធី​ដង្ហែ​ផលិតផល​ប្រចាំ​ស្រុក​នីមួយៗ របស់​ស្រុក​ទាំង​១៣ នៃ​ខេត្តព្រៃវែង​ផងដែរ​។



​លោក ខៀវ ភា​រិ​ទ្ធ បាន​បន្ថែមថា ព្រឹត្តិការណ៍​នេះ រៀបចំ​ដើម្បី​ភាពសប្បាយ​រីករាយ​ដល់​ប្រជាជន​ដែល​រស់នៅ​ខេត្តព្រៃវែង​ទាំងអស់ ដែល​សម្រាប់​ពី​ការប្រមូល​ផល​ស្រែចំការ ឬ​ការងារ​ផ្សេងៗ មក​ចូលរួម​កម្សាន្ត​ជាមួយ​សង្ក្រាន្ត​ព្រៃវែង​។ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង​រូបនេះ បាន​អះអាងថា ព្រឹត្តិការណ៍​នេះ នឹង​លើកស្ទួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ ដែល​យក​ផលិតផល​របស់ខ្លួន មក​ដាក់​បង្ហាញ​នឹង​លក់​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ដោយឡែក យុវជន​នា​ខេត្តព្រៃវែង នឹង​ទទួលបាន​ចំណងមិត្តភាព ការកសាង​សមត្ថភាព តាមរយៈ​ការបង្ហាញ​ស្នាដៃ បង្ហាញ​ម្ហូបអាហារ និង​ការ​សាមគ្គី​គ្នា​ផងដែរ​។​

​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» នេះ មានការ​ដឹកនាំ​លេងល្បែង​ប្រជាប្រិយ​១៣​ប្រភេទ និង​ការបង្ហាញ​នំ​ប្រពៃណី​ទាំង​១៣ របស់​ស្រុក​ទាំង ១៣ នៃ​ខេត្តព្រៃវែង​ផងដែរ​។ ក្នុង​ព្រឹត្តិការណ៍​នេះ លោក ខៀវ ភា​រិ​ទ្ធ រំពឹងថា ព្រឹត្តិការណ៍​នេះ នឹងមាន​ប្រជាពលរដ្ឋ​ចូលរួម​មិនតិចជាង ២​ម៉ឺន​នាក់​នោះទេ ក្នុង​មួយថ្ងៃៗ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំមុន នា​ស្រុក​កញ្ជ្រាច ខេត្តព្រៃវែង បានរៀបចំ​កម្មវិធី «​សង្ក្រាន្ត​ស្រុក​ខ្ញុំ​» ដែលជា​លក្ខណៈ​ស្រុក ប៉ុន្តែ​ឆ្នាំនេះ បានរៀបចំ​ជា​លក្ខណៈ​ខេត្ត ដោយ​ចូលរួម​ពី​ស្រុក​ទាំង​១៣ នៃ​ខេត្តព្រៃវែង​។ ដោយឡែក កាលពី​ឆ្នាំមុន ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ស្រុក​ខ្ញុំ​» មាន​ប្រជាពលរដ្ឋ​ចូលរួម​លេង​កម្សាន្ត​ប្រមាណ ១​ម៉ឺន ទៅ​២​ម៉ឺន​នាក់​៕

ព័ត៌មានទាក់ទងនឹងសង្ក្រាន្តខេត្តផ្សេងទៀត៖
-ខេត្តស្វាយរៀង



Tag:
 សង្ក្រាន្ត​ព្រៃវែង​
  ចូលឆ្នាំថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com