ជាតិ
អ្នក​ជាប់ឃុំ សុំ​ឲ្យ​បក្សប្រឆាំង រក្សា​ឧ​ត្ត​ម​គតិ និង បន្ត​រួបរួមគ្នា ដើម្បី​យកឈ្នះ​ការបោះឆ្នោត​
11, Apr 2017 , 5:08 pm        
រូបភាព
លោក ហូរ វ៉ាន់ តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយចាកចេញពីសួរសុខទុក្ខ មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
លោក ហូរ វ៉ាន់ តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយចាកចេញពីសួរសុខទុក្ខ មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រី និង សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ពន្ធនាគារ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​នោះ មិន​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បែកបាក់​សាមគ្គី ឡើយ​។ ពួកគេ សង្ឃឹមថា បើ​មិន​បែកបាក់​ផ្ទៃក្នុង គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​។



​លោក ហូរ វ៉ាន់ រួមទាំង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បាន​ទៅសួរសុខទុក្ខ​មន្ត្រី​និង​សកម្មជន នៅ​ពន្ធនាគារ​ព្រៃ​ស នា​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧​នេះ​។ ក្រោយ​ចាក​ចេញពី​សួរសុខទុក្ខ​រួចហើយ លោក ហូរ វ៉ាន់ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា អ្នក​ជាប់ឃុំ​ទាំងនោះ នៅតែមាន​ទឹកចិត្ត​តស៊ូ និង​រក្សា​ឧ​ត្ត​ម​គតិ​ចំពោះ​ប្រទេសជាតិ​ដដែល ទោះជា​ជួប​ការលំបាក​ក្នុង​ពន្ធនាគារ យ៉ាងណាក៏ដោយ​។

​បើតាម​លោក ហូរ វ៉ាន់ អ្នក​ជាប់ឃុំ​ទាំងនោះ នៅតែមាន​ភាពជឿជាក់​ទៅលើ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង ដោយ​ឥត​ងាករេ ថ្វីបើ​មួយរយៈ​កាល​ចុងក្រោយ​នេះ បក្សប្រឆាំង ហាក់​មាន​បញ្ហា​ជា​បន្តបន្ទាប់​ក៏ដោយ​។ តាមរយៈ​លោក ហូរ វ៉ាន់ ដដែល អ្នក​ជាប់ឃុំ​ខាងលើ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​បក្សប្រឆាំង ឲ្យ​បន្ត​ការប្រឹងប្រែង និង​ការ​រួបរួមគ្នា ដើម្បី​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត នា​ពេ​ស​ខាងមុខ​។

​លោក ហូរ វ៉ាន់ បាន​និយាយ​ដូច្នេះ​ថា​៖«​ពួកគាត់ (​អ្នក​ជាប់ឃុំ​) បាន​ជម្រាប​ហើយ ថា​ពួកគាត់​នៅតែ​គាំទ្រ (​បក្សប្រឆាំង​)​។ ពួកគាត់ សូម​ឲ្យ​តែ​យើង ដែល​នៅ​ខាងក្រៅ (​ពន្ធនាគារ​) កុំ​ឲ្យ​បាត់​សេចក្តីក្លាហាន និង​ការតស៊ូ ដើម្បី​ប្រទេសជាតិ​របស់​យើង​»​។​

​សម្រាប់​សារ​ចុងក្រោយ ដែល​និយាយ​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន លោក ហូរ វ៉ាន់ បាន​អំពាវនាវ​សាជាថ្មី ឲ្យ​មានការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនោះ ឲ្យ​បាន​ឆាប់រហ័ស​។ វា ជា​ជំហរ​របស់​បក្សប្រឆាំង​ទៅហើយ ដែល​លោក ហូរ វ៉ាន់ អះអាងថា អ្នក​ជាប់ឃុំ​ទាំងនោះ គឺជា​អ្នកទោស​មនសិការ ដែល​ធ្វើ​កិច្ចការ ដើម្បី​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដោយ​មិនបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អ្វី​ឡើយ​។

​សូមបញ្ជាក់ថា អ្នក​ជាប់ឃុំ​ទាំងនោះ មាន​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី​។ ក្រៅពីនេះ លោក មា​ជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ជាង​១០​នាក់​ទៀត ក៏​កំពុង​ជាប់ឃុំ ផងដែរ​៕


Tag:
 CNRP
  អ្នក​ជាប់ឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com