អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ានីល​៖ ៣៤​នាក់​ស្លាប់​ក្រោយ​ខ្មាន់កាំភ្លើង​បាញ់​និង​ដុត​កាស៊ីណូ​,​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ប្រកាស​ទទួលខុសត្រូវ
02, Jun 2017 , 10:43 am        
រូបភាព
រូបភាព៖  ABS-CBN
រូបភាព៖ ABS-CBN
 
 
​ខ្មាន់កាំភ្លើង​ម្នាក់​បានធ្វើ​សកម្មភាព​បាញ់ប្រហារ និង​ដុត​បន្ទប់​កាស៊ីណូ​មួយកន្លែង​កណ្តាល​ក្រុង​ម៉ានីល​បណ្តាល​ឲ្យ​មនុស្ស ៣៤​នាក់​ស្លាប់ និងយ៉ាងហោចណាស់ ៣០​នាក់​ផ្សេងទៀត​រងរបួស​។  មនុស្ស​ ៣៤​នាក់ស្លាប់នោះមិនស្លាប់ដោយសារការបា​ញ់​ប្រហារ​ឡើយ តែដោយសារ​ឈ្លក់​ផ្សែងប៉ុណ្ណោះ។ ប៉ូលិស​ជាតិ​ហ្វីលីពីន​អះអាងថា វា​ជា​ករណី​ប្លន់ ប៉ុន្តែ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) បានប្រកាសថា​ខ្លួន​នៅ​ពីក្រោយ​ករណី​បាញ់រះ​និង​ដុត​បន្ទប់​កាស៊ីណូ​នេះ​។​

 
​សាកសព​មនុស្ស ៣៤ នាក់​ត្រូវបាន​គេ​រកឃើញ​ក្នុង​បន្ទប់​កាស៊ីណូ​មួយកន្លែង​ស្ថិតនៅ​កណ្តាល​រដ្ឋធានី​ម៉ានីល​ថ្ងៃ​សុក្រ​ទី ២ មិថុនា ក្រោយ​ខ្មាន់កាំភ្លើង​ម្នាក់​បាញ់រះ​និង​ចាក់​សាំង​ដុត​បន្ទប់​។ ខ្មាន់កាំភ្លើង​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ធ្វើ​សកម្មភាព​បាញ់ប្រហារ​នេះ ហើយ​ជននេះ​បាន​ដុត​ខ្លួនឯង​ដល់​ស្លាប់​ក្រោយ​ធ្វើ​សកម្មភាព​។​
 
​បើ​យោងតាម​សម្តី​ភ្នាក់ងារ​ការពារ​អគ្គីភ័យ​ដែល​ស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​AFP អ្នកស្លាប់​ទាំង ៣៤​នាក់​នោះ​មិនមែន​ស្លាប់​ដោយ​ការបាញ់ប្រហារ​ទេ តែ​គេ​ស្លាប់​ដោយសារ​ឈ្លក់​នឹង​ផ្សែងភ្លើង​ដែល​ឆេះ​ក្នុង​បន្ទប់​កាស៊ីណូ​នោះ​។​
 
​ករណី​វាយប្រហារ​ដោយ​អាវុធ​នេះ​ត្រូវបាន​សារព័ត៌មាន​ហ្វីលីពីន​ផ្សព្វផ្សាយ​ផ្សេងគ្នា​។ សូម្បីតែ​មេ​ប៉ូលិស​ហ្វីលីពីន​លោក Ronald Dela Rosa បាន​ផ្លាស់ប្តូរ​សម្តី​របស់ខ្លួន​ផងដែរ​ពាក់ព័ន្ធ​ការស្លាប់​របស់​ជន​ជា​ខ្មាន់កាំភ្លើង​នេះ​។ 
 
​យោង​សារព័ត៌មាន GMA ដើមឡើយ​ក្រោយ​ការបាញ់ប្រហារ ​លោក Dela Rosa បាន​ថ្លែងថា ខ្មាន់កាំភ្លើង​ត្រូវបាន​ក្រុមប៉ូលិស​បាញ់​ស្លាប់​។ ប៉ុន្តែ​មួយ​ម៉ោង​ក្រោយមក​ស្រាប់តែ​លោក​បាន​ចេញមុខ​បញ្ជាក់ជាថ្មីថា ខ្មាន់កាំភ្លើង​នោះបាន​ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​ក្នុង​បន្ទប់ ក្រោយ​ធ្វើ​សកម្មភាព​ទៅវិញ​។  
 
​យ៉ាងណាក៏ដោយ​មេ​ប៉ូលិស​ហ្វីលីពីន​ខាងលើ​ប្រាប់​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង​នេះ​ធ្វើ​សកម្មភាព​ម្នាក់ឯង​ប៉ុណ្ណោះ​ដោយ​គេ​បាន​ដើរចូល​ក្នុង​បន្ទប់​លេងល្បែង ហើយ​គេ​បាន​បាញ់រះ​ដោយ​ប្រើប្រាស់​កាំភ្លើង M-4 និង​ចាក់​សាំង​និងដុត​តុ​ល្បែង​តែម្តង​។ បន្ទាប់មក​ខ្មាន់កាំភ្លើង​រូបនេះ​បាន​ចាក់​សាំង​ដុត​បន្ទាប់​មួយទៀត​ដែល​ផ្ទុក​ឥ​វ៉ាន់​ពេញ​។ 
 
​ប៉ូលិស​បាន​សន្និដ្ឋាន​ជាបឋម​ថា ការវាយប្រហារ​នេះ​អាចជា​ករណី​ប្លន់​ប៉ុណ្ណោះ​មិនមែនជា​ករណី​ភេរវកម្ម​អ្វី​ឡើយ​។ ប៉ុន្តែ​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh) ឬ​ក្រុម​រដ្ឋ​ឥស្លាម​នោះបាន​ប្រកាស​យក​ក្រេ​ឌី​ត​ភ្លាមៗ​ក្រោយ​ការវាយប្រហារ​កើតឡើង​។ `
 
​ការវាយប្រហារ​នេះ​កើតឡើង​រយៈពេល​ជិត ២​សប្តាហ៍​ក្រោយ​ជម្លោះ​ប្រដាប់អាវុធ​កើតឡើង​រវាង​បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ក្រុម​ភេរវជន​Maute និង​កងកម្លាំង​រដ្ឋាភិបាល​ហ្វីលីពីន​នៅ​ក្រុង Marawi​។ 
 
​ប្រធានាធិបតី​ហ្វី​លី​ពី​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាស​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​នៅ​ថ្ងៃ​អង្គារ​ទី ២៣ ឧសភា​ក្រោយ​ការប៉ះទង្គិច​គ្នា​នេះ​។ លោក​ធ្លាប់​លើកឡើងថា រដ្ឋាភិបាល​លោក​អាច​នឹង​អនុវត្ត​ច្បាប់អាជ្ញាសឹក​ក្នុង​រយៈពេល​វែង​ក្នុងករណី​ដែល​ចាំបាច់​ដើម្បី​ឆ្លើយតប​បញ្ហា​សន្តិសុខ​បង្កដោយ​ក្រុម​ភេរវជន​។ លោក​ព្រលយ​ថា លោក​មិន​ខ្វាយខ្វល់​ពី​ការសម្រេច​របស់​តុលាការ​កំពូល និង​សភា​ដែលជា​អ្នកធានា​រក្សា​ការពារ​រដ្ឋធម្មនុញ្ញ​នោះឡើយ​។ យោងតាម​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​ឆ្នាំ ១៩៨៧   ច្បាប់អាជ្ញាសឹក​មាន​អនុភាព​គតិយុត្តិ​រយៈពេល​៦០​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ប្រធានាធិបតី​ហ្វីលីពីន​ត្រូវសុំ​ការយល់ព្រម​ពីស​ភា​ជាមុនសិន​ដើម្បី​បន្ត​ការអនុវត្ត​ច្បាប់​នេះ​៕
 
 

Tag:
 ដែ​ស្ហ​
  ម៉ានីល​
  Ronald Dela Rosa
© រក្សាសិទ្ធិដោយ thmeythmey.com