ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ទីផ្សារ​អចលនទ្រព្យ​ដូចជា​ទ្រឹង តែ​គេ​គិតថា ការវិនិយោគ​លើ​វិស័យនេះ គឺជា​ជម្រើស​ល្អ​
14, Jun 2017 , 9:19 am        
រូបភាព
​ភ្នំពេញ​៖ បើទោះបីជា​ទីផ្សារ​អចលនទ្រព្យ​ហាក់បីដូចជា​នៅ​ទ្រឹង​ក៏ដោយ ក៏​អ្នកជំនាញ​និង​ពលរដ្ឋ​មួយចំនួន​នៅតែ​គិតថា ការវិនិយោគ​ក្នុង​វិស័យនេះ គឺជា​ការវិនិយោគ​ដែល​ល្អ​បំផុត​សម្រាប់​ពួកគេ​។ ផ្នែក​ខ្លះ​នៃ​ទីផ្សារ​នេះ​ពិតជា​ប្រឈម​នឹង​បញ្ហា​ខ្លះ​មែន​។ ប៉ុន្តែ​ទីផ្សារ​ទាំងមូល​នៅ​ដំណើរ​ការល្អ​។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​អាន​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក លោក Thomas O’Sullivan អគ្គនាយក​នៃ​ក្រុមហ៊ុន realestate.com.kh ដូចតទៅ​៖




​លោក គី សុខ​លីម​៖
នៅពេលនេះ ទីផ្សារ​អចលនទ្រព្យ​ហាក់បីដូចជា​កំពុង​នៅ​ទ្រឹង​។ ប្រសិនបើ​ទីផ្សារ​ទ្រឹង​មែន តើ​វា​បណ្តាលមកពី​មូលហេតុ​អ្វី​?

​លោក Thomas O’Sullivan៖ អ្នក​គ្រប់គ្នា​និយាយថា ទីផ្សារ​អចល​ទ្រព្យ​កំពុង​ជាប់គាំង ហើយ​ខ្ញុំ​ទទួលស្គាល់ថា ផ្នែក​ខ្លះ​នៃ​ទីផ្សារ​នេះ​វា​ថមថយ​ខ្លះ​មែន​។ ប៉ុន្តែ​ខ្ញុំ​មិន​ឯកភាព​ឡើយ​ដែលថា ទីផ្សា​អចលនទ្រព្យ​ទាំងមូល នៅ​ទ្រឹង​មិន​ទៅមុខ​នោះ​ទេ។ យើង​ធ្លាប់​គិតថា វា​ទ្រឹង​ដែរ ប៉ុន្តែ​គ្មាន​អ្នកណា​អាច​ដឹង​ច្បាស់​ឡើយ ព្រោះ​យើង​ខ្វះខាត​របាយការណ៍​ស្រាវជ្រាវ​ជាក់លាក់​។  ដូច្នេះ អ្វីដែល​យើង​សម្រេចចិត្ត​ធ្វើ គឺ​ស្ទង់​មតិ​របស់​អតិថិជន ដើម្បី​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ថា តើ​ម្ចាស់​លំនៅដ្ឋាន​ក្នុងស្រុក​និង​បណ្តា​អ្នកវិនិយោគ​បរទេស​គិត​បែប​ម៉េច​ចំពោះ​ការវិនិយោគ និង​ទិញ​ទ្រព្យសម្បតិ្ត​នៅ​កម្ពុជា​នោះ​។

​ដូច្នេះ​នៅ​ចុងឆ្នាំ​២០១៦ ក្រុមហ៊ុន realestate.com.kh របស់​យើង​បាន​ចុះ​ស្រង់​មតិយោបល់​ប្រជាជន​ចំនួន ប្រាំ​ពាន់​នាក់​។ ហើយ​ជាធម្មតា របាយការណ៍​ស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញថា  នៅ​កម្ពុជា​ទីផ្សារ​អចលនទ្រព្យ​លូតលាស់​ទៅមុខ​។ និយាយ​ឲ្យ​ខ្លី​គឺ ប្រជាជន​៧០​ភាគរយ​ដែល​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​ស្ទង់​មតិ​នោះ​គិតថា ការទិញ​អចល​ទ្រព្យ គឺជា​ការវិនិយោគ​មួយ​ដ៏​ល្អ  ហើយ​ប្រជាជន ៧០ ភាគរយ​ផ្សេងទៀត​នោះ​មានបំណង​ចង់​ទិញ​អចល​ទ្រព្យ​ក្នុង​រយៈពេល​១២​ខែ​ខាងមុខ​។



​នៅពេលដែល​ប្រជាជន​និយាយ ឬ​គិតពី​អចលនទ្រព្យ ជា​ស្វ័យប្រវត្តិ​ទៅហើយ​ដែល​ពួកគេ​គិតដល់ ខុន​ដូរ​។ ប៉ុន្តែ​ពួកគេ​ភ្លេច​ថា ខុន​ដូរ​នេះ គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ទីផ្សារ​អចលនទ្រព្យ​ប៉ុណ្ណោះ​។ ដូច្នេះហើយ ផ្នែក​ផ្សេងៗ​ទៀត​នៃ​ទីផ្សារ​អចលនវត្ថុ​ដូចជា​ដីធ្លី​,  ដីធ្លី​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​និង​សម្រាប់​ជួល​ជាដើម​នោះ​នៅតែ​បន្ត​រីកលូតលាស់​ទៅមុខ  ខណៈដែល​វា​មានការ​បារម្ភ​ថា ការផ្គត់ផ្គង់​អាច​លើស​តម្រូវ​ការក្នុង​ទីផ្សារ​ទិញ​លក់​ខុន​ដូរ​ប្រណីតៗ​ក៏ដោយ​។

​លោក គី សុខ​លីម​៖ ចុះ​ពេលណា​ទើប​ទីផ្សារ​នេះ​អាច​ងើបឡើង​វិញ​លោក​?

​លោក Thomas O’Sullivan៖ ប្រសិនបើ​មាន​បញ្ហា​នៅក្នុង​ទីផ្សារ​ទិញ​លក់​ខុន​ដូរ ដូចជា​តម្លៃ​ធ្លាក់ចុះ ឬ​ទីផ្សារ​វាចាល់ វា​ជា​បច្ច័យ​ល្អ​ទៅវិញ​ទេ​សម្រាប់​អ្នក​ជួល​ខុន​ដូរ​។ នេះ​ក៏​ព្រោះថា បើ​មានការ​ផ្គត់ផ្គង់​ច្រើន​ហួស​តម្រូវការ វា​ធ្វើ​ឲ្យ​តម្លៃ​ជួល​ចុះថោក​វិញ​។ ចម្លើយ​ដែល​ងាយស្រួល​បំផុត​នោះ គឺ​យើង​ត្រូវ​រង់​ចាំមើល​អ្វីដែល​កើតឡើង​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០១៨​។​

​លោក គី សុខ​លីម​៖ ប្រជាជន​ខ្លះ​និយាយថា ទីផ្សារ​ខុន​ដូរ​មានការ​ផ្គត់ផ្គង់​ច្រើនជាង​តម្រូវការ​។​តើ​វា​ជា​រឿង​ត្រឹមត្រូវ​ទេ​? តើ​អ្វីដែល​បញ្ហា​ប្រឈម​សម្រាប់​អ្នក​អភិវឌ្ឍ​គម្រោង​អចល​ទ្រព្យ​?

​លោក Thomas O’Sullivan៖ ខុន​ដូរ កម្រិត​ទាប​ដល់​កម្រិត​មធ្យម​នៅតែ​លក់ដាច់​ច្រើន ហើយ​ប្រសិនបើ​អ្នក​អភិវឌ្ឍ​គម្រោង​សាងសង់ ខុន​ដូរ អាចមាន​លទ្ធភាព​បញ្ចប់​ការសាងសង់​បាន​នោះ ម្ចាស់​សំណង់​មិន​ត្រឹមតែ​អាច​លក់​ឲ្យ​អ្នកវិនិយោគ​បរទេស​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​លក់​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ផងដែរ​។ ខណៈដែល​ខ្ញុំ​យល់ច្បាស់​ថា ប្រជាជន​កម្ពុជា​ភាគច្រើន​ចង់​វិនិយោគ​លើដី​ធី្ល ឬ​ទ្រព្យ​សម្រាប់​ជួល​ដូចជា​វីឡា និង​បុរី ច្រើនជាង​នោះ វា​គ្រាន់តែ​ជា​រឿង​ដែល​គេ​បង្កើតឡើង​ប៉ុណ្ណោះ​ដែល​បង្ហាញថា ប្រជាជន​កម្ពុជា​មិនសូវ​ទិញ​ខុន​ដូរ​នោះ​។ ប្រសិនបើ​ក្រឡេកមើល​គម្រោង​សាងសង់​ដូចជា UK condo ឬក៏ Diamond Home  អ្នកនឹង​ភ្ញាក់ផ្អើល​នៅពេលដែល​ដឹងថា អតិថិជន​ដែល​ទិញ​ភាគច្រើន​ជា​ប្រជាជន​កម្ពុជា​នោះ​។

​លោក គី សុខ​លីម​៖ លោក Thomas តើ​តំបន់​ណា​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ដីធ្លី​មានតម្លៃ​ខ្ពស់​ជាងគេ​? នៅ​ទួលគោក ឬ​បឹង​កេងកង​? ហើយ​វាត​ម្លៃ​ប៉ុន្មាន​ក្នុង​មួយ​ម៉ែត្រការ៉េ​? ចុះ​ទីតាំង​ណា​ដែល​ល្អ​បំផុត​សម្រាប់​ការរស់នៅ​របស់​ប្រជាជន​?

​លោក Thomas O’Sullivan៖ ដី​ដែលមាន​តម្លៃ​ខ្ពស់បំផុត គឺ​នៅ​បឹង​កេងកង​មួយ ហើយ​ពិតណាស់​នៅ​ទួលគោក​ក៏​កំពុង​ឡើងថ្លៃ​ដូចគ្នា ដោយសារ​វា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ​, មាន​អាគារ​ការិយាល័យ​, ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ជាដើម​ផង​។ នៅ​ទីនោះ មាន​ទីតាំង​ជំនួញ​ច្រើន​ដោយសារតែ​វា​មាន​ភាព​ទាក់ទាញ​ដោយសារ​តម្លៃ​ឈ្នួល​ទាប​។​


 
​ដោយឡែក​ខ្ញុំ​គិតថា តម្លៃ​ដី​នៅ​បឹង​កេងកង​អាច​កើន​ដល់​ចន្លោះ​ពី  ៤​ពាន់​ដល់ ៦​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ចំណែក​ទីតាំង​ល្អ​បំផុត​សម្រាប់​រស់នៅ​របស់​អតិថិជន​លោកខាងលិច​នៅ​ស្រុក​ខ្មែរ គឺ​នៅក្នុង​ក្រុង​តែម្តង ពោលគឺ​កន្លែង​ណា​ដែលមាន ខុន​ដូរ ឬ​ហាង​ម៉ាក​ធំៗ​។ ជាការ​ពិត បឹង​កេងកង​មួយ នៅតែ​ជាទី​តាំង​ពេញនិយម​ជាងគេ ប៉ុន្តែ​បរទេស​ខ្លះ​បាន​ប្តូរ​ទៅ​រស់នៅ​ទួល​ទំពូង និង​ទួលគោក ហើយ​ចម្ងាយ​ទៅ​កន្លែងធ្វើការ​ក៏មាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​របស់​ជ​ន​បរទេស​ជ្រើសរើស​កន្លែង​ស្នាក់នៅ​។ ប៉ុន្តែ​កន្លែង​ល្អ​បំផុត​សម្រាប់​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​វិញ គឺ​អាស្រ័យ​លើ​ទីតាំង​នៅក្បែរ​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​គេ​រស់នៅ​។ ចំណែក​ចម្ងាយ​ទៅ​កន្លែងធ្វើការ​ដូចជា​មិនសូវមាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​របស់​ពួកគេ​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com