កីឡាអន្តរជាតិ
អន្តរជាតិ
Horn ចង់ជួប Pacquiao ម្តងទៀត ដើម្បីដឹងថាអ្នកណាសមជាម្ចាស់ខ្សែក្រវាត់ WBO
× អ្នកប្រដាល់អូស្ត្រាលី Jeff Horn មិនមានមន្ទិលលើជ័យជម្នះរបស់គេលើកីឡាករ Manny Pacquiao នោះទេ។ ប៉ុន្តែអ្នកប្រដាល់វ័យ ២៩ឆ្នាំនេះជឿជាក់ថាមានតែការប្រកួតជាមួយ ស្តេចប្រដាល់ហ្វីលីពីនម្តងទៀតប៉ុណ្ណោះ ដែលអាចដោះស្រាយភាពចម្រូងចម្រាសនេះបាន។
មានការរិះគន់ជាច្រើនតាមរយៈអ្នកកីឡាល្បីៗ និងអ្នកចូលចិត្តទស្សនាវិស័យកីឡាប្រដាល់នៅជុំវិញពិភពលោកអំពីការវិនិច្ឆ័យដោយកាត់សេចក្តីឲ្យ Manny Pacquiao ចាញ់ Jeff Horn នាការប្រកួតដណ្តើមខ្សែក្រវាត់ WBO ដែលធ្វើឡើងនៅទីក្រុង Brisbane ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២ ខែកក្កដាកន្លងងទៅ។
លើសពីនេះ ក៏មានការស្នើសុំឲ្យពិនិត្យការប្រកួត និងដាក់ពិន្ទុឡើងវិញពីភាគីសហព័ន្ធកីឡាប្រដាល់ហ្វីលីពីនទៀតផង ក្រោយពីចៅក្រមទាំងបីរូបបានកាត់សេចក្តីឲ្យ Horn ឈ្នះ Pacquiao ដោយពិន្ទុឯកច្ឆ័ន្ទ ១១៧-១១១, ១១៥-១១៣ និង ១១៥-១១៣។
អង្គការកីឡាប្រដាល់ពិភពលោក WBO បានបង្កើតក្រុមចៅក្រមឯករាជ្យមួយដើម្បីពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតជុំវិញការប្រកួត និងលទ្ធផលពិន្ទុរបស់កីឡាករទាំងពីរ។ ប៉ុន្តែលទ្ធផលក្រោយការពិនិត្យនៅតែឃើញថា Horn ជាអ្នកឈ្នះដដែល ដោយក្នុង១២ទឹក Horn ឈ្នះ៧ទឹក ហើយ Pacquiao ឈ្នះ៥ទឹក។
ជុំវិញរឿងរាវនេះ អ្នកប្រដាល់មិនស្គាល់ជាតិចាញ់របស់អូស្ត្រាលី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Los Angeles ថានឹងគោរពសេចក្តីសម្រេចរបស់ស្ថាប័ន WBO លើការត្រួតពិនិត្យឡើងវិញ។ តែប្រសិនបើលទ្ធផលចេញមកថារូបគេមិនឈ្នះ ក៏គេមានអារម្មណ៍ថាគេជាអ្នកឈ្នះដដែល។
ទោះបីជាយ៉ាងណាក៏ដោយអ្នកប្រដាល់ជាអតីតគ្រូបង្រៀន លើកឡើងថាមានវិធីតែមួយគត់សម្រាប់ដោះស្រាយភាពចម្រូងចម្រាសនេះដើម្បីឲ្យឃើញច្បាស់ថាអ្នកណាសមជាម្ចាស់ខ្សែក្រវាត់ WBO welterweight ពិតប្រាកដនោះ គឺការវិលត្រឡប់មកកាន់សង្វៀនជាមួយ Pacquiao ជាថ្មីម្តងទៀតប៉ុណ្ណោះ។
សូមបញ្ជាក់ថា Horn ជាកីឡាកររបស់អូស្ត្រាលីទីមួយហើយដែលអាចផ្តួលម្ចាស់ខ្សែក្រវាត់ ៨ស្ថាប័ន វ័យ៣៨ឆ្នាំនេះបាន បន្ទាប់ពីមានកីឡាករ ៣រូបរបស់អូស្ត្រលីត្រូវបរាជ័យក្រោយដៃរបស់ Pacquiao រួចមកហើយនាពេលកន្លងមក៕
Tag:
ប្រដាល់
Manny Pacquiao Jeff Horn
WBO
© រក្សាសិទ្ធិដោយ thmeythmey.com