កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​សមាជិក​ជើងឯក World Cup ប្រកាស​រក​ក្លិប​ថ្មី​តាម LinkedIn
19, Jul 2017 , 7:59 am        
រូបភាព
 Cristian Zaccardo អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ដែល​ឈ្នះ​ពាន World Cup ឆ្នាំ​២០០៦ កំពុង​ប្រកា​សរក​ក្លិប​ថ្មី​តាមរយៈ​បណ្តាញ​សង្គម LinkedIn​។​



​បើតាម​ការចុះផ្សាយ​រប​ស់ TheSun អតីត​ខ្សែរ​ការពារ​ក្រុម AC Milan វ័យ​៣៥​ឆ្នាំ​រូបនេះ នៅ​មិនទាន់មាន​ក្លិប​ណា​ចាប់អារម្មណ៍​នៅឡើយ​ទេ ក្រោយ​ចាក​ចេញពី​ក្រុម Vicenza ក្នុង​ក្របខណ្ឌ​លំដាប់​ទី​២​អ៊ីតាលី Serie B នៅ​ចុងបញ្ចប់​រដូវ​កាល​២០១៦-២០១៧​។​

Zaccardo បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម LinkedIn ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​លុបចោល​កិច្ចសន្យា​ដែល Vicenza ចង់​ចង​ខ្ញុំ​ទុក​រហូតដល់​ខែមិថុនា​ឆ្នាំ ២០១៨​។ បច្ចុប្បន្ន​ខ្ញុំ​នៅ​ទំនេរ​មិនទាន់មាន​ក្លិប​លេង​នោះទេ​។ ខ្ញុំ​នៅតែមាន​សុខភាព​ល្អ ហើយ​ខ្ញុំ​អាច​លេង​បាន ២​ឆ្នាំ​ទៀត​នៅ​កម្រិត​ខ្ពស់​មួយ​។ តើ​មាន​ក្លិប​ណា​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ខ្ញុំ​? ខ្ញុំ​ជា​កីឡាករ​បាល់ទាត់​អាជីព​ដ៏​រឹងមាំ និង​ខ្លាំងក្លា​»​។​



​អតីត​សមាជិក​ក្រុម Parma នេះ ធ្លាប់បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ី​លី ៣​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup កាលពី​១១​ឆ្នាំមុន​ដែល​អាល្លឺម៉ង់​ធ្វើជា​ម្ចាស់ផ្ទះ និង​បានឈ្នះ​ជើងឯក​ពានរង្វាន់​ពិភពលោក​នេះ​។​

Zaccardo ក៏បាន​ជួយ​ក្រុម Wolfsburg ឈ្នះ​ពាន Bundesliga នៃ​ក្របខណ្ឌ​កំពូល​អាល្លឺម៉ង់​ផងដែរ​កាលពី​រដូវ​កាល ២០០៨-២០០៩ បន្ទាប់ពី​ចាកចេញ​ពី Palermo នៅ​ដើមឆ្នាំ​២០០៨​។ ឆ្នាំ​២០០៩ រូបគេ​បាន​ផ្ទេ​ទៅ Parma ៤​រដូវ​កាល និង​បន្តទៅ​ចូលរួម​ជាមួយ AC Milan ៣​រដូវ​កាល​ចាប់ពី​ឆ្នាំ​២០១៣ មុន​ផ្លាស់​ទៅ Carpi មួយ​រដូវ​កាល ២០១៥-២០១៦​។​





​រហូត​ដល់ពេល​ទៅកាន់ Vicenza ក្នុង​រដូវ​កាល ២០១៦-២០១៧ រូបគេ​មិនអាច​ជួយ​ក្រុម​ឲ្យ​ឡើងមក​ក្របខណ្ឌ​កំពូល​នោះទេ ហើយ​ថែមទាំង​ធ្លាក់​ទៅ​លី​ក​លំដាប់​ទី​៣ របស់​អ៊ីតាលី​ថែមទៀត​៕


Tag:
 បាល់ទាត់​
  World Cup
  LinkedIn
  Cristian Zaccardo
© រក្សាសិទ្ធិដោយ thmeythmey.com