កីឡាអន្តរជាតិ
អន្តរជាតិ
២០០​ភាគរយ Neymar មិន​ចោល Barca ទោះ PSG ហ៊ានថ្លៃ​កប់​ពពក​
19, Jul 2017 , 4:48 pm        
រូបភាព
Neymar នឹងមិន​ចាកចេញ​ទៅណា​នៅ​រដូវក្តៅ​នេះ​ទេ បើទោះបី  Paris St-Germain ហ៊ាន​ចាយលុយ​រហូតដល់​ទៅ ១៩៧​លាន​ផោន ប្រមាណ​២៥៦​លាន​ដុល្លារ ដើម្បី​ទិញ​ផ្តាច់​កុងត្រា​ពី​ក្រុម Barcelona​។​



​បន្ទាប់ពី​លេចលឺ​ពាក្យ​ចរាម​អា​រ៉ា​ម​ថា Neymar យល់ព្រម​ទទួល​សំណើ​របស់​ក្លិប​អ្នកមាន​នៃ​ក្របខណ្ឌ​កំពូល​បារាំង PSG ជាមួយនឹង​តម្លៃ​ផ្ទេ​កប់​ពពក​នោះ ពេលនេះ​លោក Josep Maria Bartomeu ប្រធាន​ក្លិប Barcelona បាន​ប្រាប់ BBC Sport យ៉ាងច្បាស់​ថា ខ្សែប្រយុទ្ធ​សញ្ចា​តិ​ប្រេ​ស៊ី​ល​រូបនេះ​មិន​ចាកចេញ​ទៅណា​នោះទេ​។​

​អត​តី​សមាជិក​ក្រុម Santos វ័យ​២៥​ឆ្នាំ ដែល​បានមក​ចូលរួម​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ​កាលពី​ឆ្នាំ​២០១៣ យល់ព្រម​បន្ត​កិច្ចសន្យា​នៅ​ទឹកដី Nou Camp រហូតដល់​ឆ្នាំ​២០២១​។ រដូវ​កាល​មុន​រូបគេ​ជួយ​ក្រុម​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​ប៉ុណ្ណោះ​នៅ La Liga របស់​អេ​ស្ប៉ា​ញ តាម​ពីក្រោយ​ក្រុម​ជើងឯក Real Madrid ៣​ពិន្ទុ​។​



​ទោះ​យ៉ាង​ក៏ដោយ​លោក Maria Bartomeu បាន​បញ្ជាក់ថា​៖«​រឿង​តែមួយគត់​ដែល​យើង​យកចិត្តទុកដាក់​គឺ​គាត់​នៅតែ​សប្បាយរីករាយ​នៅទីនេះ​។ គាត់​លេង​បាន​យ៉ាង​ល្អ​ហើយ​គាត់​នៅតែ​ជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ពិភពលោក​។ គាត់ [Neymar] សប្បាយរីករាយ​នៅក្នុង​ក្រុម​នេះ ហើយ​ក្រុម​ក៏​សប្បាយរីករាយ​ជាមួយនឹង​គាត់​ដូចគ្នា​។ គាត់​និយាយ​ពាក្យ​នេះហើយ​គាត់​បង្ហាញ​វា​ដោយ​អាកប្បកិរិយា​របស់គាត់​»​។​

​លើសពីនេះ​ទៀត​នោះ លោក Jordi Mestre អនុប្រធាន​ក្លិប Barcelona ក៏បាន​ចេញមក​អះអាង​ជុំវិញ​ការចាកចេញ​នេះ​ថា ២០០%  គឺ Neymar មិន​ចាកចេញ​ទៅណា​ចោល Barca ឡើយ​សម្រាប់​រដូវ​កាល ២០១៧-២០១៨ នេះ​។​

​សូម​បញ្ចា​ក់ថា តាំងពី​ចូលរួម​ជាមួយ Barcelona រយៈពេល ៤​រដូវ​កាល​មក អតីត​យុវជន​ក្រុម Santos នេះ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន La Liga ២​ដង UEFA Champion League ម្តង និង Copa del Rey ៣​ដង​៕


Tag:
 បាល់ទាត់​
  Neymar
  Barcelona
  PSG
© រក្សាសិទ្ធិដោយ thmeythmey.com