កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ដាក់​គោលដៅ​ដឹកនាំ Man Utd ១៥​ឆ្នាំ ឲ្យ​ល្បី​ដូច Ferguson
19, Jul 2017 , 8:39 pm        
រូបភាព
Jose Mourinho និយាយថា​លោក​នឹង​ស្នាក់នៅ​ជាមួយ Manchester United រយៈពេល​១៥​ឆ្នាំ​ទៀត​ដើម្បី​ស្តា​ក្រុម​ឡើងវិញ និង​ល្បីល្បាញ​ឲ្យ​ដូច​សម័យកាល​លោក Sir Alex Ferguson នៅ​ដឹកនាំ​។​



​នៅក្នុង​បទ​សម្ភាស​ជាមួយ ESPN អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Jose Mourinho បាន​ប្រាប់ថា លោក​ចង់​ដឹកនាំ Manchester United ១៥​ឆ្នាំ​ទៀត ហើយ​ស្ដារឡើងវិញ​នូវ​ភាពខ្លាំង​របស់​ក្រុម ដូច​ការគ្រប់គ្រង​រប​ស់លោក Sir Alex Ferguson​។​

​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ បាន​ចូលមក​ដឹកនាំ Manchester United នៅ​ដើមរដូវ​កាល​មុន ដើម្បី​ជំនួស​តំណែង​អ្នកចាត់ការ​ចាស់​លោក Louis Van Gaal​។ សម្រាប់​ការដឹកនាំ​ក្នុង​រដូវ​កាល​ដំបូង Mourinho បាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក EFL Cup និង Europa League និង​បាន​កៅអី UEFA Champion League រដូវ​កាល​នេះ​ថែមទៀត​។​



​នេះ​ជា​រដូវ​កាល​ទី​២​ហើយ​ក្នុងនាម​ជា​អ្នកដឹកនាំ​ក្រុម​ម្ចាស់​ជើងឯក Premier League ២០​សម័យកាល ហើយ​អតីត​គ្រូ​របស់ Chelsea នេះ មាន​ម​ហិ​ច្ច​តា​ចង់​ក្លាយជា​អ្នកចាត់ការ​រយៈពេល​យូរ​និង​ជោគជ័យ​ដូច Ferguson និង Arsene Wenger អ្នកចាត់ការ Arsenal អ៊ីចឹង​ដែរ​។​

«​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រកួត​រដូវ​កាល​ថ្មី​ខាងមុខ ហើយ​ខ្ញុំ​ក៏​ត្រៀមខ្លួន​រួចរាល់​ដែរ​សម្រាប់​រយៈពេល ១៥​ឆ្នាំ​ខាងមុខ​ទៀត​ដើម្បី​ដឹកនាំ​ក្រុម​នេះ​។ ខ្ញុំ​ទទួលស្គាល់ថា​ការមកដល់​ទីនេះ​វា​ពិតជា​ពិបាក​ណាស់​ដោយសារ​សម្ពាធ​ជុំវិញ​ការងារ​របស់​យើង​។ អ្នក​ទាំងអស់គ្នា​ដាក់​សម្ពាធ​លើ​អ្នកគ្រប់គ្រង ព្រោះ​ដើម្បី​ចង់​ឈ្នះ​ពាន​។ យើង​ត្រូវតែ​ឈ្នះ​ប៉ុន្តែ​វា​ពិបាក​ណាស់​ដើម្បី​ឈ្នះ​ពាន​រាល់​ឆ្នាំ​នោះ​»​។ នេះ​ជាការ​លើកឡើង​របស់ The Special One​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន Mourinho កំពុង​ដឹកនាំ​ក្រុម Man Utd ដើម្បី​ប្រកួត​ជា​លក្ខណ​ទេសចរណ៍​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី ក្នុង​ទឹកដី​អាមេរិក​។ ពីរ​ប្រកួត​ដំបូង​នៅ​ទីនោះ​គឺ​ឈ្នះ​ទាំងពីរ​ប្រកួត ហើយ​ប្រកួត​បន្ទាប់​នឹងត្រូវ​ជួប​ក្រុម Manchester City នៅ​ថ្ងៃទី​២១ ខែកក្កដា​ខាងមុខនេះ​៕

​កិច្ច​សម្ភាស រវាង Jose Mourinho និង Mark Ogden




Tag:
 បាល់ទាត់​
  Manchester United
  Jose Mourinho
  Sir Alex Ferguson
© រក្សាសិទ្ធិដោយ thmeythmey.com