អន្តរជាតិ
នាយក Facebook ទាស់សម្ដី​ជាមួយ​នាយក Tesla រឿង​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​រ៉ូ​បូត​
27, Jul 2017 , 9:19 pm        
រូបភាព
​ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​ចំនួន​ពីរ គឺ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerburg និង​នាយក​ក្រុមហ៊ុន Tesla លោក Elon Musk បាន​ឆ្លើយឆ្លង​គ្នា​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត ជុំវិញ​គ្រោះថ្នាក់​ដែល​បណ្ដាលមកពី​ការប្រើប្រាស់​រ៉ូ​បូត ឬ Artificial Intelligence ។ លោក Musk អះអាងថា រ៉ូ​បូត​ដែល​ឆ្លាត​វ័យ​អាច​បង្កបញ្ហា​សម្រាប់​មនុស្សជាតិ បើ​គ្មាន​វិធានការ​ទប់ស្កាត់​ទេនោះ ប៉ុន្តែ​លោក Zuckerburg យល់ថា រ៉ូ​បូត​ជា​គ្រឿងយន្ត​មាន​ប្រយោជន៍ ជាង​បង្ក​គ្រោះថ្នាក់​។​



​តួនាទី​របស់​រ៉ូ​បូត ឬ Artificial Intelligence កំពុង​ក្លាយជា​ប្រធានបទ​ជជែក​គ្នា​រវាង​ម្ចាស់​ក្រុមហ៊ុន​យក្ស​ផ្នែក​បច្ចេកវិទ្យា​ចំនួន​ពីរ​។ ប្រធាន​ក្រុមហ៊ុន Facebook និង​ប្រធាន​ក្រុមហ៊ុន Tesla បង្ហាញ​គំនិត​ផ្ទុយគ្នា​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​រ៉ូ​បូត ដោយ​លោក Elon Musk នាយក​ក្រុមហ៊ុន Tesla និយាយថា រ៉ូ​បូត​អាច​សម្លាប់​អ្នកបង្កើត​វា​នៅ​ថ្ងៃ​អនាគត ប៉ុន្តែ​លោក Mark Zuckerburg មេក្រុម​ហ៊ុន​បណ្ដាញ​សង្គម Facebook លើកឡើងថា​រឿង​បែបនេះ​មិនអាច​កើតឡើង​បានទេ​។​

Artificial Intelligence ឬ​ហៅ​ខ្លី​ថា AI គឺជា​ពាក្យ​បច្ចេកទេស​សំដៅ​គ្រឿងយន្ត​ដែល​បង្កើត​ដោយ​មនុស្ស មាន​បំពាក់​កម្មវិធី​ដំណើការ (Code) ហើយ​វា​មាន​សមត្ថភាព​រៀន​បាន​ដោយ​ខ្លួនឯង​។ AI     ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​សុខាភិបាល​, សេវា​កំសាន្ត និង​ធនាគារ​។ ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា គ្រឿងយន្ត​នេះ​អាច​ឆ្លាត​ពេក ហើយ​បង្ក​គ្រោះថ្នាក់​សម្រាប់​មនុស្សលោក​នៅ​ថ្ងៃក្រោយ​។ គេ​អាច​ឃើញ​ពី​ការ​ងើបឡើង​ប្រឆាំង​មនុស្ស​របស់​គ្រឿងយន្ត​ក្នុង​ភាពយន្ត​នានា​។​

​យោងតាម​សារព័ត៌មាន CNBC ដោយសារ​ហេតុនេះ លោក Musk ដែលជា​ប្រធាន​ក្រុមហ៊ុន SpaceX ផង​នោះ បាន​ប្រាប់​បណ្ដា​អភិបាលរដ្ឋ​នៅ​អាមេរិក​ថា គ្រោះថ្នាក់​បង្កដោយ AI មិនមែនជា​រឿង​មិនអាច​ស្មាន​បានឡើយ ហើយ​លោក​ក៏បាន​ស្នើ​ឲ្យ​មានការ​ត្រួតពិនិត្យ AI នេះ​។ នៅ​ថ្ងៃទី​២៣ ខែកក្កដា ម្ចាស់ Zuckerburg បាន​និយាយ​ទាក់ទង​បញ្ហា​នេះ​ថា លោក​មានគំនិត​សុទិដ្ឋិនិយម ប៉ុន្តែ​អ្នកខ្លះ​មានគំនិត​អវិជ្ជមាន ហើយ​ព្យាយាម​និយាយ​ដល់​ថ្ងៃ​អវសាន​របស់​ពិភពលោក​ទៅវិញ​។​

​ឆ្លើយតប​នឹង​ការអធិប្បាយ​របស់លោក Zuckerburg លោក Musk នៅ​ថ្ងៃទី​២៥ ខែកក្កដា បាន​សរសេរ​តាម Twitter វិញ​ថា លោក​បាន​និយាយ​រឿងនេះ​ជាមួយ​លោក Zuckerburg ហើយ​ការយល់ដឹង​របស់គាត់​លើ​បញ្ហា​នេះ​នៅមានកម្រិត​នៅឡើយ​។ ប៉ុន្តែ​ម្ចាស់ Facebook ក៏បាន​ឆ្លើយតប​នៅ​ថ្ងៃ​ដដែល ដោយបាន​លើកឡើង​ពី​គុណសម្បត្តិ​របស់ AI តាំងពី​វិស័យ​សុខាភិបាល យានយន្ត​បើកបរ​ខ្លួន និង​ផ្ដល់ព័ត៌មាន​ល្អៗ​ច្រើន​ទៀត​។​


​លោក Musk នៅតែ​ចង់​ឲ្យ​មានការ​គ្រប់គ្រង​រ៉ូ​បូត​នេះ​ឲ្យ​បាន​ត្រឹមត្រូវ មុន​គ្រោះថ្នាក់​កើតឡើង​។ យ៉ាងណា​នោះ លោក Zuckerburg ក៏​ប្រកាន់​ជំហរ​ការពារ AI ដែល​ផ្ដល់​ប្រយោជន៍​ច្រើន ហើយ​លោក​ចាត់ទុក​ការ​លើកឡើងថា AI អាច​វាយបក​លើ​មនុស្ស គឺជា​រឿង​ដែល​គ្មាន​ការទទួលខុសត្រូវ​។ នាយក​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដែលមាន​អ្នកប្រើប្រាស់​ពីរពាន់​ប្រចាំខែ​បន្ថែមថា ការគ្រប់គ្រង AI គឺជា​ការបង្អាក់​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ទៀតផង​៕


Tag:
 Facebook
  Mark Zuckerburg
  Elon Musk
  រ៉ូ​បូត​
© រក្សាសិទ្ធិដោយ thmeythmey.com