អន្តរជាតិ
អូស្ដ្រាលី​ស្នើ​ចិន​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង តែ​ចិន​ប្រាប់​វិញ​ថា «​ល្មម​ឈប់​គិតថា​មានតែ​ចិន​ហើយ​»
29, Jul 2017 , 2:27 pm        
រូបភាព
លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងសមភាគីចិន លោក Wang Yi នាជំនួបកន្លងមក។ រូបថត AFP
លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងសមភាគីចិន លោក Wang Yi នាជំនួបកន្លងមក។ រូបថត AFP
ដោយ:
កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែកក្កដា រដ្ឋមន្ត្រីការបរទេស​អូស្ដ្រាលី បាន​ទទូច​សុំ​ចិន​ឲ្យ​ព្យាយាម​បន្ថែម​ក្នុងការ​ទប់ស្កាត់​ការអភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កូរ៉េខាងជើង ព្រោះ​កន្លង​អូស្ដ្រាលី​ក្លាយជា​គោលដៅ​មួយ​នៃ​ការបាញ់ប្រហារ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។



 កូរ៉េខាងជើង​នៅ​ដើមខែ​កក្កដា​បាន​បង្អួត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដោយ​បាញ់​នុយក្លេអ៊ែរ​បាលី​ស្ទិ​ក​ឆ្លង​ទ្វីប​ជា​លើកដំបូង​ដែលមាន​សមត្ថភាព​អាច​កម្ទេច​រដ្ឋ Alaska​អាមេរិក​មួយ​បាន​។​កន្លងមក​កូរ៉េខាងជើង​ក៏បាន​ព្រមាន​អូស្ដ្រាលី​ថា​ជា​គោលដៅ​មួយ​នៃ​ការបាញ់ប្រហារ​ដែរ ទើប​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អូស្ដ្រាលី​អ្នកស្រី Julie Bishop​ទទូច​សុំ​ចិន​ឲ្យ​ព្យាយាម​បន្ថែម​ក្នុងការ​ទប់ស្កាត់​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កូរ៉េខាងជើង​។​

អូស្ដ្រាលី​និង​អាមេរិក​ចាប់ផ្ដើម​អស់​ភាព​អត់ធ្មត់​ជាមួយ​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​និង​អ្នកជំនួយ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​ហើយ​។​

យោងតាម AFP អ្នកស្រី​Julie Bishop  បាន​និយាយប្រាប់​ក្រុមហ៊ុន​ឃោសនា​ផ្សព្វផ្សាយ​អូស្ដ្រាលី​ដូចនេះ​៖ «​ចិន​ជា​ខ្នងបង្អែក​ហិរញ្ញវត្ថុ​របស់​កូរ៉េខាងជើង ចិន​មាន​សមត្ថភាព​បញ្ឈប់​កូរ៉េខាងជើង​ជាង​ការអះអាង​របស់​ចិន​ទៅទៀត​។ លំហូរ​បច្ចេកវិទ្យា និង​ការវិនិយោគទុន ការផ្ដល់ប្រាក់​បញ្ញើ​ទៅកាន់​ពលករ ព្រមទាំង​ការទាក់ទង​នាំចេញ​ផលិតផល​ទៅកាន់​រដ្ឋ​កុ​ម្មុនី​ស្ដ​នេះ​សុទ្ធតែ​ស្ថិតនៅលើ​ការសម្រេច​របស់​ចិន​ទាំងអស់​»​។​

ចំណែកឯ​អាមេរិក​វិញ​ក៏​អស់​ភាព​អត់ធ្មត់​ជាមួយ​ចិន​ដែល​មិន​ធ្លាប់ប្រើ​វិធានការ​តឹងរ៉ឹង​ដើម្បី​បញ្ឈប់​កូរ៉េខាងជើង​នោះដែរ ទើប​អាមេរិក​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ចិន​ដែល​សហការ​ជាមួយ​ក្រុង​ព្យុងយ៉ាង​។​

ចិន​បាន​បដិសេធ​ការរិះគន់ និង​អំពាវនាវ​ឲ្យ​បញ្ឈប់​គំនិត​ដែល​យល់ថា​មានតែ​ខ្លួន​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​បញ្ឈប់​កូរ៉េខាងជើង​បាន​។ ចិន​បាន​សង្កត់ធ្ងន់ថា​នេះ​ក៏​ជា​ទំនួល​ខុសត្រូវ​របស់​គ្រប់គ្នា​ដែរ ដូច្នេះហើយ​គួរតែ​ចូលរួម​ខិតខំ​បញ្ឈប់​កូរ៉េខាងជើង​ទាំងអស់គ្នា​។​

គួរ​បញ្ជាក់ដែរថា អង្គការសហប្រជាជាតិ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ​បាលី​ស្ទិ​ក​ឆ្លង​ទ្វីប​និង​មី​ស៊ី​ល​។​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក៍​បាន​ចាត់វិធានការ​បន្ថែម​លើ​ការចាប់ផ្ដើម​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ប្រាំ​ដង​និង​មី​ស៊ី​ល​ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េខាងជើង​ផងដែរ​៕


Tag:
 កូរ៉េខាងជើង​
  អូស្ត្រាលី​
  Julie Bishop
© រក្សាសិទ្ធិដោយ thmeythmey.com