អន្តរជាតិ
ត្រាំ ប្រាប់​ប៉ូលិស «​កុំ​ស្លូត​ពេក​»
29, Jul 2017 , 4:27 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងជំនួបជាមួយប៉ូលិសក្នុងទីក្រុង New York (រូបភាព AP)
ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងជំនួបជាមួយប៉ូលិសក្នុងទីក្រុង New York (រូបភាព AP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ជំហរ​គាំទ្រ​ការប្រើប្រាស់​អំពើហិង្សា​លើ​ជនសង្ស័យ ដោយ​លោក​បាន​ប្រាប់​ប៉ូលិស​ឲ្យ​បញ្ចេញ​កាយវិការ​ម៉ឺងម៉ាត់​បំផុត​។ លោក ត្រាំ បានប្រកាសថា ប៉ូលិស​ហាក់ដូចជា​បន្ធូ​រ​ដៃ​ពេក​ឲ្យ​ឧក្រិដ្ឋជន​នាពេល​កន្លងមក និង​ថែមទាំង​រិះគន់​ច្បាប់​អាមេរិក​ដែល​ការពារ​ជនសង្ស័យ តែ​មិនបាន​ការពារ​មន្ត្រី​អនុវត្ត​ច្បាប់​ឡើយ​។ លោក ត្រាំ ក៏បាន​គំរាម​កម្ទេច​ក្រុមអ្នកលេង​ឲ្យ​អស់​ផងដែរ​។​



​ចំពោះ​មន្ត្រីប៉ូលិស​អនុវត្ត​ច្បាប់​នៅក្នុង​ទីក្រុង New York នៅ​ថ្ងៃទី​២៨ ខែកក្កដា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ឲ្យ​ប៉ូលិស​កុំ​ន​បន្ធូរដៃ​ឲ្យ​ឧក្រិដ្ឋជន​ឲ្យ​សោះ​។ លោក​និយាយទៀតថា នាពេល​កន្លងមក ប៉ូលិស​បាន​ទន់ភ្លន់​ដាក់​ជនសង្ស័យ​ខ្លាំងពេក ពេលដែល​មានការ​ចាប់​ខ្លួន​ម្ដងៗ​។ លោក ត្រាំ និយាយ​បែបនេះ ខណៈ​កំពុងតែ​ឃោសនា​ពី​គោ​លន​យ​យោ​បាយ​អន្តោប្រវេសន៍​របស់​លោក ដែល​គោលដៅ​បោសសម្អាត​ជនអន្តោប្រវេសន៍​បង្ករឿង​លើ​ទឹកដី​អាមេរិក​។

​យោងតាម​សារព័ត៌មាន​អង់គ្លេស The Guardian លោក ត្រាំ បាន​ប្រាប់​ឲ្យ​ប៉ូលិស​បោះ​ជនសង្ស័យ​ចូល​ឡាន​តែម្ដង កុំ​បាច់​ភ័យ​ថា​ពួកគេ​មាន​របួស​អ្វី​ទាំងអស់ ហើយក៏​មិនចាំបាច់​ធ្វើ​ដោយ​ថ្មៗ​អ្វី​ដែរ​។ លោក​ក៏បាន​សង្កត់ធ្ងន់ថា​៖ «​កុំ​ទន់ភ្លន់​ខ្លាំងពេក​»​។ លោក​បាន​រៀបរាប់​ទៀតថា ប៉ូលិស​បានដាក់​ដៃ​លើ​ក្បាល​ជនសង្ស័យ កុំ​ឲ្យ​បុក​ក្បាល​ពេល​រុញ​ចូល​ឡាន ប៉ុន្តែ​ជនសង្ស័យ​នោះ​ទើបតែ​សម្លាប់​ហើយ​មនុស្ស​ហើយ​ប៉ុណ្ណោះ​។ លោក​ប្រាប់​ប៉ូលិស​ឲ្យ​កាច់​បំបាក់​ដៃ​ក៏បាន​ដែរ​។​

​ការអធិប្បាយ​របស់លោក ត្រាំ ទទួល​បានការ​សាទរ និង​ទះដៃ​អបអរ​យ៉ាងខ្លាំង​ពី​សំណាក់​មន្ត្រីប៉ូលិស​អនុវត្ត​ច្បាប់​។ ជាមួយគ្នា​នោះ ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បាន​និយាយ​រិះគន់​ច្បាប់​អាមេរិក ដែល​អនុម័ត​ដើម្បី​តែ​ការពារ​ឧក្រិដ្ឋជន មិនមែន​ការពារ​ប៉ូលិស​ឡើយ​។ លោក ត្រាំ បាន​ប្រាប់​មន្ត្រីប៉ូលិស​ទាំងអស់​ថា ច្បាប់​ទាំងនោះ​ធ្វើឡើង​ប្រឆាំង​ប៉ូលិស ហើយ​ចាំបាច់​ត្រូវតែ​ផ្លាស់ប្ដូរ​ឲ្យ​បាន​។ ប៉ុន្តែ លោក​មិនបាន​បញ្ជាក់ថា​ផ្លាស់ប្ដូរ​ពេលណា​ឡើយ​។​

«​អស់​ពេល​ជាច្រើន​ឆ្នាំ ច្បាប់​ការពារ​តែ​ឧក្រិដ្ឋជន​។ ពេល​ប៉ូលិស​ធ្វើ​អ្វី​ខុស ប៉ូលិស​ប្រឈមមុខ​បញ្ហា​ច្រើនជាង​ឧក្រិដ្ឋជន​ទៅទៀត​។​» នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ប្រធានាធិបតី​អាមេរិក​។

​ឆ្លៀត​ពេលនោះ លោក ត្រាំ ក៏បាន​ប្រកាស​បោសសម្អាត​ក្រុម​អ្នក​តាម​ដងផ្លូវ ជាពិសេស​ក្រុម Mara Salvatrucha ឬ​ហៅ​ដោយ​ខ្លី​ថា MS-13 តែម្ដង ដោយ​លោក​អះអាងថា​ក្រុម​នេះ​សាហាវ​ខ្លាំង​។ ក្រុម Mara Salvatrucha មាន​ប្រភព​មកពី​ក្រុម​អន្តោប្រវេសន៍​ជនជាតិ​អែល​សាល់​វ៉ា​ឌ័​រ ដែល​មក​រស់នៅក្នុង​ទីក្រុង Los Angeles តាំងពី​ឆ្នាំ​១៩៨០ ។ សព្វថ្ងៃ ក្រុមជើងកាង​នេះ​នៅតែ​បន្តសកម្មភាព​អុកឡុក​ពេញទី​ក្រុង​ដដែល​៕


© រក្សាសិទ្ធិដោយ thmeythmey.com