អន្តរជាតិ
ម៉ាឡេស៊ី​ត្រៀមខ្លួន​ជួយ​ដោះស្រាយ​ជម្លោះ​រដ្ឋ​ឈូង​សមុទ្រ ប្រសិនជា​កាតា​ស្នើសុំ​
30, Jul 2017 , 4:05 pm        
រូបភាព
ដោយ:
ម៉ាឡេស៊ី​ជឿថា​សម្ព័ន្ធភាព​ដែល​ខ្លួន​មាន​ជាមួយ​រដ្ឋ​ឈូង​សមុទ្រ​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ជម្លោះ​អាច​ឲ្យ​ម៉ាឡេស៊ី​មាន​តួនាទី​កាន់តែ​ស៊ីជម្រៅ​ក្នុងការ​ដោះស្រាយ​ជម្លោះ​ឈូង​សមុទ្រ​។​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ម៉ាឡេស៊ី​ក៏បាន​និយាយ​ដែរ​ថា ម៉ាឡេស៊ី​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ដើរតួនាទី​ជា​អាជ្ញាកណ្ដាល​ដោះស្រាយ​ជម្លោះ​នេះ ប្រសិន​មានការ​ស្នើសុំ​។​



រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ម៉ាឡេស៊ី​លោក Hishammuddin Hussein សប្តាហ៍​នេះ​បាន​ថ្លែង​នៅក្នុង​សភា​ថា ម៉ាឡេស៊ី​ក៏​អាចរួមចំណែក​ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​កាតា​និង​រដ្ឋ​ឈូង​សមុទ្រ​ដែរ​។​

«​យើង​នឹង​ឃ្លាំមើល​យ៉ាង​តឹងរឹង សម្ព័ន្ធភាព​ដែល​យើង​មាន​ជាមួយនឹង​រដ្ឋ​ឈូង​សមុទ្រ​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​អាច​ឲ្យ​ម៉ាឡេស៊ី​មាន​តួនាទី​យុទ្ធសាស្ដ្រ និង​កាន់តែ​ស៊ីជម្រៅ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​រដ្ឋ​ឈូង​សមុទ្រ​»​។ នេះ​ជាការ​ឆ្លើយតប​របស់លោក​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី​ទៅនឹង​សំនួរ​បន្ថែម​របស់​សមា​ជិ​ក​សភា Kota Tinggi លោក​Noor Ehsanuddin Mohd Harun Narrashid ដែល​សួរថា​តើ​ម៉ាឡេស៊ី​ត្រៀមខ្លួន​ហើយ ឬ​នៅ ប្រសិនជា​កាតា​ស្នើសុំ​ឲ្យ​ធ្វើជា​អាជ្ញាកណ្ដាល​ក្នុង​ជម្លោះ​រដ្ឋ​ឈូង​សមុទ្រ​។​

ទោះជា​យ៉ាងនេះ​ក្ដី ម៉ាឡេស៊ី​យល់ថា​តួនាទី​ជា​អាជ្ញាកណ្ដាល​ដោះស្រាយ​ជម្លោះ​រវាង​កាតា​និង​បណ្ដា​រដ្ឋ​ឈូង​សមុទ្រ​នេះ​គួរតែ​ផ្ដល់​ទៅ​ឲ្យ​កូ​វ៉ែត​ជា​អ្នកដើរតួ​ជាមុនសិន​។​យ៉ាងណាមិញ នេះ​ក៍​ជា​ជំហរ​របស់​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម​ដែលមាន​ប្រទេស​មូស្លីម​៥៧​ប្រទេស​ជា​សមាជិក​។​

សូមបញ្ជាក់ថា កាតា​ប្រឈមមុខ​បញ្ហា​ខ្លាំង ដោយសារ​បណ្តា​ប្រទេស​អារ៉ាប់​ជិតខាង ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច កាត់ផ្តាច់​អស់​រាល់​ទំនាក់ទំនង​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស ក្រោយ​កាត់​ចំណង​ការទូត ដោយ​ចោទថា កាតា​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​នៅ​ថ្ងៃ ទី ៥​ខែមិថុនា​កន្លងទៅ​។ មកដល់​ពេលបច្ចុប្បន្ន​ជម្លោះ​មិនមាន​ថមថយ​កម្តៅ​ឡើយ ថ្វីបើ​មាន​ប្រទេស​ឯទៀត​ជួយ​សម្រុះសម្រួល​ក៏ដោយ​។ រដ្ឋ​អារ៉ាប់​បក្សពួក​អា​រ៉ា​ប៊ី​សា​អូឌីត​បន្ត​ទាមទារ​ឲ្យ​កាតា​ធ្វើតាម​ចំណុច​ដែល​ខ្លួន​ទាមទារ ខណៈដែល​កាតា​ចោទ​វិញ​ថា ក្រុម​រដ្ឋ​អារ៉ាប់​ទាំងនោះ​បំពាន​ច្បាប់​អន្តរជាតិ​ដាក់​គំនាប​លើ​ខ្លួន​ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com