អន្តរជាតិ
ក្រុម​អ្នកវិទ្យាសាស្ត្រ​ព្រួយបារម្ភ​ពី​កម្ពស់​ទឹកសមុទ្រ ព្រោះ​ស្លែ​ដុះ​កាន់តែច្រើន​នៅ Greenland ​
30, Jul 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានបង្ហាញ​ព្រួយបារម្ភ​ពី​ការ​រលាយ​ផ្ទាំង​ទឹកកក​នៅ Greenland ដែល​បញ្ហា នេះ អាច ជំ​រុញអោយ​កម្ពស់​ទឹកសមុទ្រ​កើនឡើង​ហួស​ពី​ការរំពឹងទុក​។ ពួកគេ​និយាយថា បើ​កំដៅ​ផែនដី​កើនឡើង នោះ​រុក្ខជាតិ​ស្លែ (Algea) នឹង​ដុះ​កាន់តែ​ច្រើនឡើងៗ​នៅ Greenland ហើយ​វា​បង្ក​អោយ​ផ្ទៃដី​ឡើង​ពណ៌​ងងឹត​នៅពេលដែល​គ្មាន​វត្តមាន​ផ្ទាំង​ទឹកកក​។​



ផ្ទៃដី​ដែលមាន​ពណ៌​ងងឹត​ពិបាក​នឹង​ផ្លាត​ពន្លឺព្រះអាទិត្យ ជាង​ផ្ទៃដី​ដែល​គ្របដណ្តប់​ដោយ​ផែន​ទឹកកក​ពណ៌​ស​។ វា​ជា​កត្តា​ដែល​ធ្វើអោយ​កំដៅ​ផែនដី​កើនឡើង​កាន់តែ​លឿន​ទៅៗ​។ ផ្ទាំង​ទឹកកក Greenland ជា​ផ្ទាំង​ទឹកកក​ដែល​ធំជាងគេ​នៅ​អឌ្ឍគោល​ខាងជើង ដែលមាន​ទំហំ​ប្រមាណ​ប្រាំ​ពីរដង​ធំ​ជាង​ចក្រភព​អង់គ្លេស និង​មាន​កម្រាស់​ទឹកកក​រហូតដល់​បី​គម​។​

នេះ​មានន័យថា បើ​ទឹកកក​នៅ​តំបន់​នេះ​រលាយ​ទាំងស្រុង នោះ​កម្ពស់​ទឹកសមុទ្រ​ជុំវិញ​ពិភពលោក​នឹង​កើនឡើង​រហូតដល់​ប្រាំពីរ​ម៉ែត្រ​។ ទីក្រុង​ធំៗ និង​ប្រទេស​មួយចំនួន​ដូចជា Miami, London, Shanghai បង់​ក្លា​ដែ​សនឹង​រងគ្រោះ​ធ្ងន់ធ្ងរ​បើ​កម្ពស់​ទឹកសមុទ្រ​នៅតែ​បន្ត​កើនឡើង​។​

បើតាម BBC រុក្ខជាតិ​ស្លែ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​ស្រាវជ្រាវ​ជាង​មួយ​សតវត្ស​មកហើយ តែ​ត្រូវបាន​គេ​មើលរំលង​ទៅលើ​ឥទ្ធិពល​របស់​វា​ក្នុងការ​បង្កើន​កំដៅ​ផែនដី​។ កម្មវិធី​ស្រាវជ្រាវ​របស់​អង់គ្លេស​មួយ​មាន​ឈ្មោះថា Black and Bloom បាន​សិក្សា​លើ​ប្រភេទ​ផ្សេងៗ​នៃ​រុក្ខជាតិ​ស្លែ​ដើម្បី​ប្រមូល​ទិន្ន័យ​អំពី​កំណើន​កម្ពស់​ទឹកសមុទ្រ​សម្រាប់​ពេលអនាគត​។​

រុក្ខជាតិ​ស្លែ​មិន​ត្រឹមតែ​រាតត្បាត​លើ​ផ្ទាំង​ទឹកកក​នោះទេ វា​អាច​រាតត្បាត​ដល់​តំបន់​ជុំវិញ​ផ្ទាំង​ទឹកកក​នោះ​ទៀតផង​។ អ្នកស្រាវជ្រាវ​ខ្លះ​បាន​បោះតង់​នៅលើ​ផ្ទាំង​ទឹកកក​ដើម្បី​ប្រមូលយក​ទិន្ន័យ​អោយ​កាន់តែច្បាស់​ថែមទៀត​អំពី​បរិមាណ​ពន្លឺព្រះអាទិត្យ​ដែល​ជះ​ទៅកាន់​តំបន់​នោះ​។ ទឹកកក​ល្អ​ដែលមាន​ពណ៌​ស​អាច​ផ្លាត​ពន្លឺព្រះអាទិត្យ​ចេញពី​ភពផែនដី​វិញ​បាន​រហូតដល់​៩០​ភាគរយ​។ ចំណែក​ទឹកកក​ដែលមាន​ពណ៌​ងងឹត​គ្របដណ្តប់​ដោយ​រុក្ខជាតិ​ស្លែ​អាច​ផ្លាត​ពន្លឺព្រះអាទិត្យ​បានត្រឹមតែ ៣៥ ភាគរយ​ប៉ុណ្ណោះ​។​

សូមបញ្ជាក់ថា ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយនេះ​បរិមាណ​ទឹកកក​នៅ Greenland បាន​ធ្លាក់ចុះ​លឿន​ជាង​បរិមាណ​ទឹកកក​ដែល​វា​អាច​ទទួលបាន​នា​រដូវរងារ​។ ហេតុនេះហើយ​ដែល​ជំ​រុញអោយ​ទឹកសមុទ្រ​កើនឡើង​ឥតឈប់ឈរ​។ រូបភាព​ពី​ផ្កាយរណប​លើ​អាកាស​ក៏បាន​បង្ហាញ​ពី​ការលូតលាស់​របស់​រុក្ខជាតិ​ស្លែ​លើ​តំបន់​ទឹកកក​នេះ​ផងដែរ​។​

តាមពិតទៅ ការប្រែប្រួល​នេះ​មិនមែនជា​ទង្វើ​របស់​ធម្ម​ជាតិ​នោះទេ តែ​វា​ជា​ទង្វើ​របស់​មនុស្ស​ដែល​កើតឡើង​ក្រោយ​បដិវត្តន៍​ឧស្សាហកម្ម​នៅ​សតវត្ស​ទី​១៩​បន្ទាប់ពី​មានការ​រកឃើញ​នូវ​ម៉ាស៊ីន​ចំហាយ​ទឹក​ដើរ​ដោយ​ធ្យូងថ្ម​។ អ្នកស្រាវជ្រាវ​មិនបាន​និយាយថា​ផ្ទាំង​ទឹកកក​ទាំងនោះ​នឹង​រលាយ​ទាំងអស់​ក្នុង​រយៈពេល​១០​ឆ្នាំ ១០០​ឆ្នាំ ឬ ១០០០​ឆ្នាំ​ខាងមុខ​នោះទេ​។ ទោះបីជា​ផ្នែក​តូច​របស់​វារ​លាយ​ក៏ដោយ ក៏​វា​អាចមាន​លទ្ធភាព​ក្នុងការ​ជម្លៀស​ពលរដ្ឋ​រាប់លាន​អ្នក​ចេញពី​តំបន់ឆ្នេរ​ធំៗ​បានដែរ​។​

ការសិក្សា​ដទៃទៀត​បាន​និយាយថា ក្នុង​រយះពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ ពពក​ដែល​ដណ្តប់​ទឹកដី Greenland ពីលើ​អាកា​សបាន​ធ្លាក់ចុះ​ប្រមាណ​១៥%​នៅ​រដូវក្តៅ​ដែល​ធ្វើអោយ​ពន្លឺព្រះអាទិត្យ​ជះ​កាន់តែខ្លាំង​៕

​ប្រែ​សម្រួល​ដោយ​៖ គី ចំណា​
.


© រក្សាសិទ្ធិដោយ thmeythmey.com