អន្តរជាតិ
ស៊ី ជិន​ភីង​៖ ចិន​ត្រូវការ​កងទ័ព​ដែល​ខ្លាំងពូកែ ព្រោះ​ពិភពលោក​គ្មាន​សុវត្ថិភាព​ទេ​
31, Jul 2017 , 9:32 am        
រូបភាព
​ប្រធានាធិបតី ស៊ី ជិន​ភីង បានស្នើ​ឲ្យ​មានការ​បង្កើន​ធ្វើ​ទំនើបភាវូបនីយកម្ម​ក​ង​ទ័ព​រំដោះប្រជាជន​ចិន ដើម្បី​ការពារ​ទឹកដី និង​បូរណភាព​ទឹកដី​ចិន​។ លោក ស៊ី ជិន​ភីង លើកឡើង​បែបនេះ​ក្នុង​ខួប​លើក​ទី​៩០ ថ្ងៃកំណើត​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​តំបន់​ស្វយ័ត Inner Mongolia នៅ​ថ្ងៃទី​៣០ ខែកក្កដា​។ ប្រមុខរដ្ឋ​ចិន​បានចាត់ទុក​ស្ថានការណ៍​ពិភពលោក​បច្ចុប្បន្ន​ថា​ជា​ពេលវេលា​ដ៏​គ្រោះថ្នាក់ ដែល​ចាំបាច់​ត្រូវមាន​ការការពារ​ទុក​មុន​។​



​ខុសប្លែក​ពី​សព្វដង រដ្ឋាភិបាល​ចិន​បានសម្រេច​ចិត្ត​ប្រារព្ធ​ពិធី​ខួបកំណើត​លើក​ទី​៩០ ថ្ងៃកំណើត​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​តំបន់ Inner Mongolia ជំនួស​ឲ្យ​ការរៀបចំ​ពិធី​នៅខាងមុខ​ទីលាន​ធាន​អាន​មេន​ក្នុង​រដ្ឋធានី​ប៉េកាំង​។ កងទ័ព​ប្រមាណ​១២០០០​នាក់ យន្តហោះ​រាប់រយ​គ្រឿង និង​យុទ្ធោបករណ៍​សង្គ្រាម​ជាច្រើន បានបង្ហាញ​ខ្លួន​ក្នុង​ព្យុហយាត្រា​កងទ័ព​នៅ​មូលដ្ឋាន Zhurihe ក្រោម​អធិបតី​ប្រធានាធិបតី ស៊ី ជិន​ភីង នៅ​ថ្ងៃទី​៣០ ខែកក្កដា​។​



​ជាមួយ​សម្លៀកបំពាក់​ទា​ហាន លោក ស៊ី ជិន​ភីង ដែលជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​ចិន​និយាយថា ពិភពលោក​មិនមាន​សុវត្ថិភាព​ឡើយ​ក្នុងពេល​បច្ចុប្បន្ននេះ ដូច្នេះ​ចិន​ត្រូវការ​កងទ័ព​ដែល​ខ្លាំង​ក្លាយ​ជាង​ពេលណា​ទាំងអស់​។ លោក ស៊ី ក៏បាន​រំឭក​កងទ័ព​ចិន​ទាំងអស់​ថា គោលដៅ​ធំ​បំផុត​របស់​ពួកគេ គឺ​ការពារ​បក្ស​កុម្មុយនីស្ត និង​ធានាថា​បក្ស​កុម្មុយនីស្ត​ចិន​នៅតែ​បន្ត​កាន់អំណាច​រហូត​។​

«​គោរព​បញ្ជា​បក្ស​កុម្មុយនីស្ត​រហូត​, ដើរ​តាម​គោលការណ៍​បក្ស​ជា​រៀង​ដរាប និង​ប្រយុទ្ធ​ពុះពារ​គោលដៅ​ដែល​បក្ស​ដាក់​ឲ្យ​អនុវត្ត​។​» នេះ​គឺជា​ពាក្យ​ដាស់តឿន​របស់លោក ស៊ី ជិន​ភីង អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន ក្នុងន័យ​បញ្ជា​ឲ្យ​កងទ័ព​ទាំងអស់​បន្ត​ស្មោះស្ម័គ្រ​បក្ស​ទៅមុខទៀត​។ នេះ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Bloomberg ។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មន៍​នោះ កងទ័ព​ចិន​បង្ហាញ​ឧបករណ៍​យោធា​ថ្មី​ជាច្រើន​គ្រឿង ដែល​ភាគច្រើន​ទើប​ត្រូវបាន​បង្កើតឡើង​ដោយ​ចិន​ខ្លួនឯង និង​ខ្លះ​ទើប​ត្រូវបាន​កែប្រែ​ឡើងវិញ​។​








Tag:
 ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com