អន្តរជាតិ
អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​រដ្ឋ​អាស៊ាន​បួន ពង្រឹង​កិច្ចសហការ​ប្រឆាំង​ភេរវកម្ម​តំបន់​
31, Jul 2017 , 5:00 pm        
រូបភាព
រូបភាព៖ Jakarta Globe
រូបភាព៖ Jakarta Globe
ដោយ:
​កិច្ចប្រជុំ​ថ្នាក់​តំបន់​ស្ដីពី​ក្រុម​ភេរវកម្ម​ឆ្លងដែន​ក្នុង​និង​ក្រៅ​តំបន់ ត្រូវបាន​រៀបចំឡើង​កាលពី​សប្តាហ៍​មុន​ដោយ​ប្រទេស​ចំនួន​ប្រាំមួយ​ក្នុង​ទីក្រុង​Manado​ឥណ្ឌូណេស៊ី​។ គោលបំណង​ចម្បង​នៃ​កិច្ចប្រជុំ​នេះ​គឺ​បង្កើន​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្នុងស្រុក និង​តំបន់​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​។​



​មន្ត្រី​រដ្ឋាភិបាល​មកពី​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន អូស្ដ្រាលី នូ​វែ​ល​សេ​ឡង់ និង​ព្រុយ​ណេ​បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​កាលពី​ថ្ងៃទី​២៩ ខែកក្កដា​ក្នុង​ទីក្រុង​Manado ប្រទេស​ឥណ្ឌូណេស៊ី​។ តំណាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ប្រាំមួយ​បាន​ព្រមព្រៀងគ្នា​បង្កើន​កិច្ចសហការ​ដែលជា​ផ្នែក​មួយ​នៃ​ការខិតខំ​រួមគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​ក្នុង​តំបន់​។​

​កិច្ចប្រជុំ​តំបន់​នេះ​ត្រូវ​បានរៀបចំ​ដោយ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ Wiranto និង​អគ្គព្រះរាជអាជ្ញា​អូស្ដ្រាលី​George Brandis​។ នេះ​គឺជា​កិច្ចប្រជុំ​ដែល​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​អន្តរជាតិ​ស្ដីពី​បញ្ហា​ភេរវកម្ម​ដែល​រៀបចំឡើង​នៅ​កោះ Bali កាលពី​ឆ្នាំមុន​។​

​យោងតាម​ការប្រកាស​ព័ត៌មាន​ពី​ក្រសួង​សម្របសម្រួល​កិច្ចការ​សន្តិសុខ ច្បាប់​និង​នយោបាយ​ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Jakarta Globe កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​សារៈសំខាន់​នៃ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ស៊ីវិល​ឯកជន​ដើម្បី​លើកកម្ពស់​តួនាទី​ស្ដ្រី​ក្នុង​សហគមន៍​ឥស្លាម​ជ្រុលនិយម រួមទាំង​អភិវឌ្ឍ​វិស័យ​អប់រំ​និង​សេដ្ឋកិច្ច​សម្រាប់​ប្រជាជន​ដើម្បី​បំបាត់​អំពើ​ភេរវកម្ម​។​

​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ទាំង​ប្រាំ​មួយរូប​ក៏បាន​ព្រមព្រៀងគ្នា​បង្កើត​វេទិកា​យុទ្ធសាស្ដ្រ​ប្រយុទ្ធប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​ភេរវកម្ម​ក្រៅ​តំបន់ ក្នុង​គោលបំណង​ព្យាយាម​រួមគ្នា​ដើម្បី​ចែកចាយ​ព័ត៌មាន​ក្នុងចំណោម​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់ និង​ទីភ្នាក់ងារ​ចារកិច្ច​ជាដើម​។​

​លោក Wiranto បាន​ពោលថា ប្រទេស​ទាំង​ប្រាំមួយ​ក៏​ជំរុញ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សារ និង​ឯកសារ​វីដេអូ ហើយ​ក្រុមហ៊ុន​ទាំងនេះ​នឹង​ជួយ​ស្ថាប័នរដ្ឋ​បំបាត់​សកម្មភាព​ភេរវកម្ម​។ ដោយឡែក ការសហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក៏​នឹង​កាន់តែ​សកម្ម​ដែរ ដោយ​វា​នឹងមាន​ទំនាក់ទំនង​តាមរយៈ​វេទិកា​អ៊ី​ន​ធើ​ណេ​ត​ពិភពលោក​ប្រឆាំង​ភេរវកម្ម​ដឹកនាំ​ដោយ Facebook, Microsoft, Twitter and YouTube ដើម្បី​ផ្ដល់​ដំណោះស្រាយ​បច្ចេកវិទ្យា​ដូចជា ស្រាវជ្រាវ​និង​ចែកចាយ​ចំណេះដឹង​ជាដើម​។​

​លោក​រដ្ឋមន្ត្រី​សន្តិសុខ រូបនេះ​បាន​បន្ថែមទៀតថា ប្រទេស​ទាំង​ប្រាំមួយ​ក៏​ឯកភាពគ្នា​ដើម្បី​សិក្សា​និង ប្រៀបធៀប​ពី​ច្បាប់​ដែល​ទាក់ទង​ភេរវកម្ម រួមទាំង​ពង្រឹង​កិច្ចសហការ​រវាង​ស្ថាប័ន​ទាំងអស់​និង​ការិយាល័យ​អន្តោប្រវេសន៍​។ ស្ថាប័ន​ទាំងអស់​សហការ​ដើម្បី​ទប់ស្កាត់​លំហូរ​ហិរញ្ញវត្ថុ​ដល់​ក្រុម​ភេរ​វករ និង​ជំរុញ​ភាពជា​ដៃគូ​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​ដើម្បី​បង្កើន​ការត្រួតពិនិត្យ​ព្រំដែន និង​រឹតបន្តឹង​ការចេញចូល​របស់​ភេរ​វករ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ដ្រាលី​បាន​ស្រង់សេចក្ដី​រាយការណ៍រ​បស់​ទីភ្នាក់ងារ​ព័ត៌មាន SBS ថា សហព័ន្ធ​ប៉ូលីស​អូស្ដ្រាលី​ជាមួយ​កងកម្លាំង​ប៉ូលីស​ឥណ្ឌូណេស៊ី​នឹង​រៀបចំ​កិច្ចពិភាក្សា​ពាក់ព័ន្ធ​ការអនុវត្ត​ច្បាប់​រួមគ្នា​នៅ​ខែសីហា​។ ម្ចាស់​ភាគហ៊ុន​ធំៗ​ដែល​រង​ការ​ខូ​ត​ខាត​ដោយសារ​ក្រុម​ភេរវកម្ម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ក៏​នឹងចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ​ផងដែរ​៕


Tag:
 អាស៊ាន​
 ​ អូស្ត្រាលី​
  នូ​វែ​ល​សេ​ឡង់​
  George Brandis
  Wiranto
© រក្សាសិទ្ធិដោយ thmeythmey.com