អន្តរជាតិ
នុយក្លេអ៊ែរ​កូរ៉េ​, ភេរវកម្ម និង​សមុទ្រ​ចិន​ខាងត្បូង​នឹង​គ្របដណ្តប់​វេទិកា​កិច្ចប្រជុំ​អាស៊ាន​ខែក្រោយ​
31, Jul 2017 , 10:39 pm        
រូបភាព
រូបភាព៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្រុងវៀងចន្ទន៍​ប្រទេសឡាវ ឆ្នាំ ២០១៦
រូបភាព៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្រុងវៀងចន្ទន៍​ប្រទេសឡាវ ឆ្នាំ ២០១៦
​ដើមខែ​សីហា​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នឹង​ចាប់ផ្តើម​នៅ​ហ្វីលីពីន ហើយ​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​ក៏ត្រូវ​រៀបចំឡើង​បន្តបន្ទាប់​គ្នា​ដែរ​។ ប្រទេស​សមាជិក​អាស៊ាន​និង​ភាគី​ពាក់ព័ន្ធ​ត្រៀមខ្លួន​រួចហើយ​ដើម្បី​អង្គុយ​ពិភាក្សាគ្នា​ពី​បញ្ហា​ប្រឈម​ធំៗ​របស់​តំបន់​ក្នុងនោះ​មាន​បញ្ហា​ប្រឆាំង​ភេរវកម្ម នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។ ប៉ុន្តែ​បញ្ហា​កូរ៉េខាងជើង​ដែល​កាន់តែ​ក្តៅ រួមជាមួយ​ចលនា​ភេរវកម្ម​នៅក្នុង​តំបន់​នឹង​គ្របដណ្តប់​កិច្ចប្រជុំ​ទាំងមូល​។



​ហ្វីលីពីន​នឹង​រៀបចំ​ស្វាគមន៍​កិច្ចប្រជុំ​ជាច្រើន​ស្ថិតក្រោម​ក្របខណ្ឌ​អាស៊ាន​នៅ​សប្តាហ៍​នេះ ក្នុងនោះ​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥០, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី​លើក​ទី ១៨ , កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​បូព៌ា​លើក​ទី ៧ រួមជាមួយ​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី ២៤​ផងដែរ​។​

​ប្រតិភូ​ជាន់ខ្ពស់​មាន​ទាំង​រដ្ឋមន្ត្រីការបរទេស មន្ត្រីជាន់ខ្ពស់ អ្នកការទូត​ជាច្រើន​នាក់​តំណាង​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​នឹងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ក្រុង​ម៉ានីល​ផងដែរ​។ គេ​រំពឹងថា ប្រធានបទ​សំខាន់ៗ​ជាច្រើន​នឹងត្រូវ​គេ​លើក​យកមក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​សំខាន់ៗ​ទាំង​នេះដែរ ក្នុងនោះ​មាន​បញ្ហានយោបាយ សេដ្ឋកិច្ច ជាពិសេស​សន្តិសុខ​តំបន់​តែម្តង​។ បញ្ហា​ភេរវកម្ម បញ្ហា​សមុទ្រ​ចិន​ខាងត្បូង រួមជាមួយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​និង​ក្តៅគគុក​ក្នុង​វេទិកា​តំបន់​នេះ​។​

១.​សមុទ្រ​ចិន​ខាងត្បូង​ហាក់​ស្ងប់ស្ងាត់ តែ​នៅ​គ្រោះថ្នាក់​

​វា​ច្បាស់​ណាស់​ថា ក្នុង​វេទិកា​ប្រជុំ​នៅពេល​ខាងមុខ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​ប្រធានបទ​សំខាន់ ថ្វីបើ​វា​ហាក់ដូចជា​ស្ងប់ស្ងាត់​ច្រើន​ទៅហើយ​ក្តី ដោយសារ​ហ្វីលីពីន​បន្ទន់​ជំហរ​ដាក់​ចិន​កាន់តែខ្លាំង​ក្រោយ​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ឡើងកាន់តំណែង​។  ក្នុង​កិច្ចប្រជុំ​នោះ​ថ្ងៃ ២​ខែសីហា​នៅ​ម៉ានីល រដ្ឋមន្ត្រី​អាស៊ាន​និង​ចិន​នឹង​សម្រេច​អនុម័ត​យក​ក្រម​ខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​( A Framework for South China Sea Code of Conduct)​ជា​ផ្លូវការ​ក្រោយ​ពេលដែល​ភាគី​ឯកភាពគ្នា​ទទួលយក​កាលពី​ខែឧសភា​កន្លងមក​នោះ​។ 

​តាមពិតទៅ វា​ត្រឹម​ជា​គ្រោងឆ្អឹង​នៃ​ក្រម​ប្រតិបត្តិ​ដែល​គេ​នឹង​ប្រើប្រាស់​ធ្វើជា​មូលដ្ឋាន​ដើម្បី​ចងក្រង​ក្រម​ប៉ុណ្ណោះ ហើយ​ខ្លឹមសារ​លម្អិត​ពេញលេញ​នៃ​ក្រម​ប្រតិបត្តិ​មិនទាន់​ត្រូវបាន​គេ​ចងក្រង​រួចរាល់​នៅឡើយ​ទេ​។​

​មកដល់​ពេលបច្ចុប្បន្ន​នេះ អាស៊ាន​និង​ចិន ចំណាយពេល​អស់ ១៥​ឆ្នាំ​ទៅហើយ​ដើម្បី​រៀបចំ​ក្រម​ប្រតិបត្តិ​នេះ បន្ទាប់ពី​ភាគី​ទាំងសងខាង​ឯកភាពគ្នា​ទទួលយក​សេចក្តីថ្លែងការណ៍​ស្តីពី​សកម្មភាព​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) នា​ឆ្នាំ ២០០២​នោះ​។​

​ដោយឡែក​ក្រៅពី​សម្រេច​ទទួលយក​ឯ​ក​សារ​ខាងលើ តំណាង​អាស៊ាន​ក៏​ប្រហែលជា​នឹង​ឆ្លៀតឱកាស​ជជែក​ពិភាក្សាគ្នា​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង រវាង​ហ្វីលីពីន ជាមួយ​ចិន​ផងដែរ​។ ការចាប់ផ្តើម​ពិចារណា​ចាប់ដៃគ្នា​អភិវឌ្ឍ​តំបន់ ជម្លោះ​រួមគ្នា​រវាង​ហ្វីលីពីន​និង​ចិន​កំពុង​ធ្វើ​ប្រទេស​មួយចំនួន​ដែល​សមាជិក​អាស៊ាន​ព្រួយបារម្ភ ជាពិសេស​ប្រទេស​ដែលមាន​ចំណែក​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែរនោះ​។​

​កន្លងមក​ហ្វីលីពីន​ក៏បាន​សន្យា​បន្ត​ប្រឹក្សា​យោបល់​ជាមួយ​បណ្តា​សមាជិក​អាស៊ាន​ទាំងអស់​រាល់​គម្រោង​ពាក់ព័ន្ធ​ការអភិវឌ្ឍ​តំបន់​ជម្លោះ​រួមគ្នា​ដើម្បី​ធានា​ស្ថិរភាព សន្តិសុខ និង​សន្តិភាព​ក្នុង​តំបន់​។ ហ្វីលីពីន​ទំនងជា​នឹង​យក​វេទិកា​កិច្ចប្រជុំ​ខាងមុខ​ដើម្បី​ពន្យល់​និង​បកស្រាយ​ឲ្យ​ភាគី​ពាក់ព័ន្ធ​អស់​ចម្ងល់​ពាក់ព័ន្ធ​ផែនការ​របស់ខ្លួន​ក្នុង​ការទាញយក​ប្រយោជន៍​ពី​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។​

២.​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ក្តៅ​ខ្លាំង តែ​ប្រមុខ​ការទូត​កូរ៉េខាងជើង​នឹងចូលរួម​ប្រជុំ ARF

​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​កាន់តែ​កើន​កម្តៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ចាប់ពី​ដើមឆ្នាំ ២០១៧​នេះ​។ កូរ៉េខាងជើង​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​របស់ខ្លួន​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ផង​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ រដ្ឋ​ឯកោ​នេះ​បន្ត​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឆ្លង​ទ្វីប​ម្តង​ជា​ពីរដង​ដើម្បី​បង្ហាញ​អនុភាព និង​អំណាច​របស់ខ្លួន​ថែមទៀត​។ អ្វីដែល​សំខាន់ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន របប​នេះ​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ម្តងទៀត​ដោយ​មី​ស៊ី​ល​នោះ​អាច​ហោះ​ដល់​អាមេរិក ហើយ​កូរ៉េខាងជើង​បាន​អួតអាង​ថា ការបាញ់​មី​ស៊ី​ល​នេះ​គឺជា​ការព្រមាន​មួយ​ចំពោះ​អាមេរិក​ដែល​ចង់​បង្ករឿង​និង​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​ខ្លួន​នោះ​។​

​យ៉ាងណាមិញ ក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​អាវុធ អាមេរិក​ឆ្លើយតប​វិញ​ភាព ដោ​យស​ម្ងែ​ង​សព្វាវុធ​ខ្លួន​វិញ​ដែរ​។ ក្នុងនោះ​មានដូចជា ការហោះហើរ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1 ពីរ​គ្រឿង​នៅ​ឧបទ្វីប​កូរ៉េ ដែលជា​ការចូលរួម​ក្នុង​លំ​ហាត់​យោធា​ជាមួយ​ទាហាន​កូរ៉េខាងត្បូង​និង​ជប៉ុន​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កងទ័ព​អាមេរិក​នាំគ្នា​សាកល្បង​សមត្ថភាព​ប្រព័ន្ធ​ការពារ​ដែនអាកាស THAAD  របស់ខ្លួន​បាន​ជោគជ័យ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃអាទិត្យ​ទី ៣០ កក្កដា​ម្សិលមិញ​។ ប្រព័ន្ធ​ការពារ​ដែនអាកាស​ទាំង​នោះ​មាន​សមត្ថភាព​ចាប់​និង​កម្ទេច​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជាច្រើន​គ្រាប់​ដែលមាន​រយៈ​ចម្ងាយ​មធ្យម​ដែល​បាញ់​ចេញពី​អា​ឡា​ស្កា​នោះ​។

​ដោយសារ​ស្ថានភាព​តានតឹង​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ និង​មានការ​ប្រឈមមុខ​ដាក់​គ្នា​នេះ កិច្ចប្រជុំ​សន្តិសុខ វេទិកា​តំបន់​អាស៊ាន​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ៧ ខែសីហា នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ តាមពិតទៅ វេទិកា​តំបន់​អាស៊ាន ជា​កន្លែង​តែមួយគត់​ដែល​អនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​អាច​ជជែក​ជាមួយ​តំណាង​ក្រុង​ព្យុងយ៉ាង​បាន ហើយ​គេ​អាច​ផ្លាស់ប្តូរ​មតិយោបល់​ឬ​ដោះស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ​បានដែរ​។​

​បើតាម​ក្រសួងការបរទេស​ហ្វីលីពីន ប្រមុខ​ការទូត​កូរ៉េខាងជើង​លោក  Ri Yong Ho នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​នៅ​ក្រុង​ម៉ានីល​ដែរ​។ កាលពី​សប្តាហ៍​មុន អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​បានមក​ទ​ស្សន​កិច្ច​នៅ​ហ្វីលីពីន​រួចហើយ​ដែរ ដោយ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ក្នុងន័យ​ត្រួសត្រាយ​ផ្លូវ និង​រៀបចំ​ដំណើរ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការបរទេស​នោះ​។​

 គេ​មិនដឹង​ច្បាស់​ថា ភាគី​នៃ​កិច្ចប្រជុំ នឹងត្រូវ​ពិភាក្សាគ្នា​ពី​ចំណុច​សំខាន់​អ្វីខ្លះ​ឡើយ   ប៉ុន្តែ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បានប្រកាសថា ខ្លួន​មិនមាន​គម្រោង ឬ​ផែនការ​ជាក់លាក់​ដើម្បី​ជជែក​ពី​បញ្ហា​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​ឡើយ​។​

៣.​ការប្រឆាំង​ភេរវកម្ម​គ្របដណ្តប់​វេទិកា​កិច្ចប្រជុំ​ខាងមុខ​

​ក្រៅពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ក៏​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​ក្នុង​កិច្ចប្រជុំ​ខាងមុខ​ដូចគ្នា​។ តំបន់​អាស៊ាន​ទាំងមូល​កំពុង​រងគ្រោះ​កាន់តែខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយសារ​ចលនា​ភេរវកម្ម​តំបន់​ដែល​សុទ្ធសឹង​ជា​បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh)

​ដូច​ឃើញស្រាប់​ការបន្ត​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​កងកម្លាំង​រដ្ឋាភិបាល និង​ក្រុម​ភេរវជន Maute បណ្តាញ ក្រុម​ភេរវជន​ដែ​ស្ហ​នៅ​ក្រុង ម៉ា​រ៉ាវី បាន​ឈានដល់​ខែ​ទី​បី​ទៅហើយនោះ​។ មនុស្ស​ប្រហែល​យ៉ាងហោចណាស់ ៥០០ នាក់​បាន​ស្លាប់បាត់​បង់ជីវិត ក្នុងនោះ​មាន​ក្រុម​ភេរវជន ជាង​៤០០​នាក់ រួមជាមួយ​ទាហាន និង​ជន​ស៊ីវិល​ផង​។​

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី​លោកស្រី Retno LP Marsudi ក្នុង​វេទិកា​កិច្ចសន្ទនា​អាស៊ាន​នា​ក្រុង​ហ្សា​ការ​តា​កាលពី​សប្តាហ៍​មុន​នោះ  បាន​បញ្ជាក់ថា ការប្រឆាំង​ភេរវកម្ម​នឹង​ក្លាយជា​ប្រធានបទ​អាទិភាព​គ្របដណ្តប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ខែក្រោយ​។ លោកស្រី​រំពឹង​ផងដែរ​ថា វា​ក៏​នឹង​ក្លាយជា​ពេលវេលា​សំខាន់​សម្រាប់​អាស៊ាន​និង​ដៃគូ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ស្វែងរក​ដំណោះស្រាយ​ទប់ទល់​បញ្ហា​ភេរវកម្ម​ផងដែរ​។​

​ដោយឡែក​ស្រប​ពេលដែល​កិច្ចប្រជុំ​វេទិកា​តំបន់​កាន់តែ​ខិតជិត​មកដល់​នោះ សមាជិក​អា​ស៊ា ន​ចំនួន បួន និង​ដៃគូ​សន្ទនា​ចំនួន​ពីរ​មានដូចជា​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​បានរៀបចំ​កិច្ចប្រជុំ​ដើម្បី​ពិភាក្សាគ្នា​ពី​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ក្នុងប្រទេស និង​តំបន់​ដើម្បី​ប្រឆាំង​ភេរវកម្ម និង​ចលនា​ហិង្សា​ជ្រុលនិយម​ផង​។ កិច្ចប្រជុំ​ផ្តោតលើ​ការ​«​ប្រឆាំង​ភេរវជន​ឆ្លងដែន​និង​ក្រុម​សកម្មប្រយុទ្ធ​បរទេស​» ត្រូវបាន​រៀបចំឡើង​នៅ​ក្រុង Manado នៅ​ខេត្ត North Sulawesi៕


Tag:
 អាស៊ាន​
 AFP
  AMM
  កូរ៉េខាងជើង​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com