ជាតិ
មន្ត្រី​កម្ពុជា​ស្នើឱ្យ​ប្រជាពលរដ្ឋ​ជួយ​ជូន​ព័ត៌មាន​អំពី​ផលិតផល​ក្លែងក្លាយ ដែល​កំពុង​ចរាចរ​ក្នុង​ទីផ្សារ​
17, Aug 2017 , 7:59 pm        
រូបភាព
លោក មៀច សុផាន់ណា ប្រធាន​គណៈកម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហា​ផ្ទៃ ប្រាប់អ្នកសារព័ត៌មាន​​​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការស្រាវជ្រាវ និងស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក មៀច សុផាន់ណា ប្រធាន​គណៈកម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហា​ផ្ទៃ ប្រាប់អ្នកសារព័ត៌មាន​​​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការស្រាវជ្រាវ និងស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
ដោយ:
 ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បើក​វគ្គ​បណ្តុះបណ្តាល​បន្ថែ​ម​ដល់​មន្ត្រី​របស់ខ្លួន និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​អំពី​សកម្មភាព​ល្មើស​ពាក់ព័ន្ធ​នឹង​ផលិតផល​ក្លែងក្លាយ ឬ​ខូចគុណភាព​។ សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​សុវត្ថិភាព​ចំណីអាហារ លើកឡើងថា រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ច្បាប់​ដើម្បី​ធានា​ដល់​ការត្រួតពិនិត្យ និង​គ្រប់គ្រង​ការ​នាំចូល​ទំនិញ​ទាំងនោះ​ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​។​



​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ពុធ​នេះ បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ដោយ​រាយការណ៍​ទៅ​សមត្ថកិច្ច អំពី​ទីតាំង​ផលិត សកម្មភាព ឬ​ផលិតផល​ក្លែងក្លាយ​នានា ដែល​បង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដើម្បី​សមត្ថកិច្ច​អាច​ចាត់វិធានការ​លើ​ជនល្មើស​បាន​ទាន់ពេល​។​

​លោក មៀ​ច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ ថ្លែង​បែបនេះ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា​។ លោក​លើកឡើងថា ផលិតផល​ក្លែងក្លាយ​មួយចំនួន​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​មានដូចជា ឱសថ គ្រឿងសម្អាង ភេសជ្ជៈ និង​គ្រឿង​បរិភោគ ព្រមទាំង​គ្រឿង​បរិភោគ ដែល​លាយ​សារ​ធាតុគីមី​ជាដើម កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ លោក​បន្ថែមថា ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​រាល់​ការប្រើប្រាស់​ផលិតផល ដែល​កំពុង​ដាក់លក់​លើ​ទីផ្សារ និង​ត្រូវ​ជូនដំណឹង​មក​សមត្ថកិច្ច ប្រសិនបើ​សង្ស័យថា មាន​ករណី​ផលិត និង​នាំចូល​ផលិតផល​ក្លែងក្លាយ​ទាំងនោះ ដើម្បី​សមត្ថកិច្ច​ចាត់វិធានការ​លើ​ជនល្មើស​ឲ្យ​បាន​ទាន់ពេល​។​

​លោកមៀ​ច សុផាន់​ណា អំពាវនាវ​យ៉ាង​ដូច្នេះ​៖ «​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ក៏ដូចជា​ក្រុមហ៊ុន​ដែល​នាំចូល​របស់​ពិតប្រាកដ ដែលមាន​គុណភាព ប្រសិនបើ​មាន​ព័ត៌មាន​អី គឺ​សហការ​ជាមួយ​គណៈកម្មាធិការ​។ យើង​នឹង​ប្រឹងប្រែង​ឲ្យ​ពេញទំហឹង​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ ដើម្បី​ប្រយោជន៍​អ្នកប្រើប្រាស់ ក៏​ដូច​ប្រយោជន៍​អ្នក​ផលិត និង​អ្នក​ដែល​ធ្វើ Business [​អាជីវកម្ម​] ដើម្បី​ឲ្យ​គាត់​មានឱកាស​ធ្វើ Business [​អាជីវកម្ម​] ប្រក​បរបរ មុខ​ជំនួញ​ដោយ​ជោគជ័យ ដោយ​មិន​ឲ្យ​យក​ប្រៀប​ធ្វើ​ឲ្យ​ខូច​ផលប្រយោជន៍​អ្នក​ផលិត តាមរយៈ​ការ​ក្លែងក្លាយ​ផលិតផល​របស់គាត់​នោះទេ​»​។​

​មន្ត្រី​រូបនេះ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​ផលិតផល​ក្លែងក្លាយ​មួយចំនួន ក៏​អាច​បង្ករ​ឱ្យ​កើតជា​ជំងឺមហារីក និង​ប៉ះពាល់​សុខភាព​រយៈពេល​យូរ​ផងដែរ​។​

«​យើង​ហូប​ទៅ​មានការ​វិលមុខ មានការ​ក្អួតចង្អោរ លាប​ប៉ះ​គ្រឿងសម្អាង​នេះ​វា​ឡើង​កន្ទួល ដែល​យើង​ថា​ចេញ​អេ​លែ​ក​ហ្ស៊ី ចេញ​ប្រតិកម្ម ហើយ​អាហ្នឹង​គឺជា​ប្រតិកម្ម​រយៈពេល​ខ្លី​។ រយៈពេល​វែង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រលៀន ដល់​ថ្លើម បង្ក​ជា​មហារីក បង្ក​ជា​មេរោគ​ផ្សេងៗ​ដូចដែល​យើង​ស្តាប់ឮ ហើយ​វា​មាន​បាតុភាព​នៃ​ជំងឺ​ប្លែកៗ ចេញ​គីស​ក្នុងនេះ​ក្នុងនោះ​ទៅ ក្នុង​ខួរក្បាល​ក៏មាន អី​ក៏មាន​»​។​

​បើតាម​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ឲ្យ​ដឹងថា រយៈពេល​៧​ខែ ក្នុង​ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​បាន​ផ្អាក​ការ​ចែកចាយ​ផលិតផល​មួយចំនួន​ក្នុង​ទីផ្សារ ប្រមាណ​ជា​ជិត​២០០​តោន​។ ក្នុងនោះ​មាន​ផលិតផល​ថ្នាំពេទ្យ គ្រឿងសម្អាង និង​ផលិតផល​អាហារ​ជាដើម​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​អំពាវនាវ​ឲ្យ​សាធារណជន​ផ្តល់ព័ត៌មាន​អំពី​ទីតាំង​ផលិត ឬ​ជន​ដែល​ផលិត ចែកចាយ​ផលិតផល​ក្លែងក្លាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម តាមរយៈ​ទូរស័ព្ទ​លេខ ០៨១ ៩៩៩ ៨០៨ ឬ​តាមរយៈ​អ៊ីមែល [email protected] ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​រាល់​ការជូនដំណឹង​នឹងត្រូវ​បាន​រក្សា​ការសម្ងាត់​។​

​លោក ស ម៉ូ​រ៉ា ប្រធាន​សហព័ន្ធ​សហជីព​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​ប្រាប់ VOA ថា លោក​សាទរ​ចំពោះ​ការពង្រឹង​បន្ថែម​លើ​ការគ្រប់គ្រង​ផលិតផល​ក្លែងក្លាយ និង​ខូចគុណភាព​នេះ​។ ទោះជា​យ៉ាងណា​លោក​ថា ចំណីអាហារ និង​ផលិតផល​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កំពុង​ចរាចរ​ជាច្រើន​លើ​ទីផ្សារ ដោយសារ​ការគ្រប់គ្រង​ការ​នាំចូល​ទំនិញ​ខូចគុណភាព​ទាំងនោះ​នៅមាន​ភាពខ្វះ​ចន្លោះ​នៅឡើយ​។​

​លោក ស ម៉ូ​រ៉ា បញ្ជាក់ថា​៖

«​ប្រហែល​ជាមាន​បញ្ហា​អំពើពុករលួយ ឬក៏​អី​ផ្សេងៗ​នៅលើ​បញ្ហា​ហ្នឹង​បានជា​រឿង​ហ្នឹង​នៅតែ​កកើតឡើង​ដដែលៗ​។ ហើយ​ការអនុវត្តន៍​ច្បាប់​កន្លងមក​ក៏​ប្រហែលជា​យើង​ដាក់ទោស​ទណ្ឌ​វា​ស្ទើរ​ពេក​ទៅដល់​មន្ត្រី​ជនល្មើស​ហ្នឹង ឬក៏​ក្រោយពី​ចាប់ខ្លួន​អី​អញ្ចឹង​ទៅ គាត់​មិន​បានដាក់​ទោសទណ្ឌ គាត់​នៅតែ​រួចខ្លួន​ដដែល​។ អញ្ចឹង​ហើយ​អ្នក​ផលិត​នូវ​ទំនិញ ឬក៏​ផលិតផល​ក្លែងក្លាយ ឬក៏​អ្នក​ដែល​នាំចូល​ទំនិញ ឬក៏​ផលិតផល​ក្លែងក្លាយ គេ​នៅតែ​បន្ត​នាំ​ដដែល​»​។​

​លោក ស ម៉ូ​រ៉ា បន្ថែមថា រដ្ឋាភិបាល​ត្រូវ​ពង្រឹង​បន្ថែម​នូវ​សមត្ថភាព​របស់​សមត្ថ​កិច្ច​ថ្នាក់ក្រោម និង​ប្រព័ន្ធ​ច្បាប់ ដើម្បី​ធានា​ដល់​ការត្រួតពិនិត្យ និង​គ្រប់គ្រង​ការ​នាំចូល​ទំនិញ​ទាំងនោះ​ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com