ជាតិ
បាក់​ឌុប៖ បេក្ខជន​ជាង១ពាន់​នាក់​អវត្តមាន នៅ​ព្រឹក​នេះ
21, Aug 2017 , 12:51 pm        
រូបភាព
បេក្ខជនអង្គុយក្នុងបន្ទប់ប្រឡងនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ
បេក្ខជនអង្គុយក្នុងបន្ទប់ប្រឡងនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ
ភ្នំពេញ៖ ដំណើរការ​ប្រឡង​នៅ​ព្រឹក​ថ្ងៃ​ទីមួយ​នេះ មាន​បេក្ខជន​អវត្តមាន​សរុប​ចំនួន ១៤៤៣ ក្នុងនោះ ស្រី​ចំនួន ៥៦៥នាក់ ស្មើនឹង ១,៤២ភាគរយ​នៃ​បេក្ខជន​ប្រឡង​សរុប។ បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ បេក្ខជន​ដែល​អវត្តមាន  ភាគច្រើន​ជា​បេក្ខជន​បំពេញវិជ្ជា។


 
ដំណើរការ​ប្រឡង​មួយ​ព្រឹក​នេះ មាន​បេក្ខជន​អវត្តមាន​សរុប​ចំនួន ១,៤៤៣ ក្នុងនោះ​ស្រី​ចំនួន ៥៦៥នាក់ ស្មើនឹង ១,៤២ភាគរយ នៃ​បេក្ខជន​បំពេញវិជ្ជា​ដែល​បានដាក់​ពាក្យ​ប្រឡង​សរុប។ នេះ​បើតាម​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​បញ្ជាក់ប្រាប់​សារព័ត៌មានថ្មី។  
 
អ្នកនាំពាក្យ​រូបនេះ បាន​គូសបញ្ជាក់​តាម​ទូរ​សព្ទ​ទៀតថា ដំណើរការ​ប្រឡង​បាក់​ឌុប​មួយ​ព្រឹក​ថ្ងៃទី២១ ខែសីហា​នេះ បានបញ្ចប់​ទៅដោយ​រលូន និង​មាន​ភាពល្អប្រសើរ​នៅ​ទូទាំងប្រទេស បើទោះជា​ខេត្ត​​មួយចំនួន​មាន​ភ្លៀង​ធ្លាក់ ហើយ​បេក្ខជន​មាន​បញ្ហា​សុខភាព​ក៏ដោយ។ បើ​ធៀប​នឹង​ឆ្នាំមុន ស្ទើរតែ​គ្មាន​បេក្ខជន​យក​សំណៅ​ឯកសារ​ចូល​មណ្ឌល​ប្រឡង​ទេ។ លោក រស់ សា​លីន បញ្ជាក់បន្ថែម​ដូច្នេះ៖ខេត្តកោះកុង និង​ព្រះសីហនុ ដែលមាន​ភ្លៀង​ធ្លាក់​នោះ ពុំមាន​អ្វី​ប៉ះពាល់​ដល់​ដំណើរ​ការប្រឡង​នៅថ្ងៃនេះ​ឡើយ ហើយ​បេក្ខជន១០នាក់​ប៉ុណ្ណោះ ដែលមាន​បញ្ហា​សុខភាព ពួកគេ​អាច​ចូល​ប្រឡង និង​បញ្ចប់​វិញ្ញាសា​ប្រឡង​បាន​ធម្មតា»។ 
 
សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៦-២០១៧នេះ មាន​បេក្ខជន​សរុប​ចំនួន ១០១, ៤១០នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដោយ​ចែកចេញជា​មណ្ឌល​ប្រឡង​ចំនួន ១៧៨មណ្ឌល និង​បន្ទប់​ប្រឡង​ចំនួន ៤១៥៥បន្ទប់​នៅ​ទូទាំង ២៥រាជធានី-ខេត្ត៕
 
 

Tag:
 បាក់ឌុប
 អវត្តមាន
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com