អន្តរជាតិ
បោះឆ្នោត​អាល្លឺម៉ង់​៖ អធិការបតី Merkel រំពឹង​បន្ត​កាន់តំណែង​នៅ​អាណត្តិ​ទី​បួន ​
24, Sep 2017 , 8:39 pm        
រូបភាព
​ប្រជាជន​អាល្លឺម៉ង់ នៅ​ថ្ងៃទី​២៤ ខែកញ្ញា បាននាំគ្នា​ទៅកាន់​ការិយាល័យ​នៅ​ទូទាំងប្រទេស​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ ដែល​ត្រូវ​ជ្រើសរើស​មេដឹកនាំ​ថ្មី​។ លោកស្រី Angela Merkel ដែល​កាន់តំណែង​អធិការបតី​បី​អាណត្តិ​មកហើយ​នោះ រំពឹង​ខ្ពស់​ក្នុង​ការបន្ត​ឈ្នះឆ្នោត​នៅ​អាណត្តិ​ទី​បួន​នេះ​។ ជាមួយគ្នា​ដែរ បក្ស​ស្ដាំនិយម ក៏​រំពឹងថា​នឹង​ទទួលបាន​ការគាំទ្រ​ដើម្បី​បង្ហាញ​វត្តមាន​ក្នុង​សភា​ជា​លើកដំបូង​ក្នុង​រយៈពេល​ច្រើនជាង​មួយ​សតវត្សរ៍​មកនេះ​។​



​ក្រុម​អភិរក្ស​របស់​អធិការបតី Angela Merkel មាន​ភាគរយ​ខ្ពស់​ក្នុងការ​ទទួលបាន​សំឡេងគាំទ្រ​ដើម្បី​ក្លាយជា​ក្រុម​មតិ​ភាគច្រើន​នៅក្នុង​សភា ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​។ យ៉ាងណាក្ដី ការបែកបាក់​ក្នុង​នយោបាយ អាច​ក្លាយជា​ឧបសគ្គ​សម្រាប់​បក្ស​លោកស្រី Merkel ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​នៅ​អាណត្តិ​ថ្មី​នេះ​។ លោកស្រី Merkel អាច​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុងការ​កាន់តំណែង​អធិការបតី​បួន​អាណត្តិ​ជាប់​គ្នា​។​

​អធិការបតី​រូបនេះ ហាក់​ស្ទាក់ស្ទើរ​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​លើក​នេះ បន្ទាប់​បក្ស​លោកស្រី​រង​បរាជ័យ​ក្នុងការ​បោះឆ្នោត​ថ្នាក់​តំបន់ ប៉ុន្តែ​ក្រោយមក​ក៏​ផ្លាស់ប្ដូរ​ចិត្ត​វិញ​។ ក្នុងពេល​ឃោសនា លោកស្រី Merkel ដែល​កាន់តំណែង​បី​អាណត្តិ​មកហើយ​នោះ បាន​ផ្ដោត​សំខាន់​លើ​ការកែប្រែ​សេដ្ឋកិច្ច​អាល្លឺម៉ង់​ឲ្យ​សម​តាម​សម័យ​ឌីជីថល នយោបាយ​បង្ការ​វិបត្តិ​ជនភៀសខ្លួន​នៅ​ថ្ងៃ​អនាគត ក៏ដូចជា​ការពារ​តម្លៃ​បស្ចិមប្រទេស​ដែល​ធ្លាក់ចុះ​ដោយសារ​ការ​ឈ្នះឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ ។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ជុំវិញ​ការបោះឆ្នោត​នេះ ទាំង​លោកស្រី Merkel ទាំង​គូប្រជែង គឺ​លោក Martin Schulz សុទ្ធតែ​ព្រួយបារម្ភ​ចំពោះ​ចំនួន​អ្នកបោះឆ្នោត​ដែលមាន​កម្រិត​ទាប ព្រោះ​វា​ក្លាយជា​ឱកាស​សម្រាប់​ក្រុម​ស្ដាំនិយម​ទៅវិញ​។ បក្ស​ស្ដាំនិយម AfD មានសង្ឃឹម​ខ្ពស់​ក្នុងការ​បង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​សភា​អាល្លឺម៉ង់​។ ប៉ុន្តែ​លោក Schulz បាន​រិះគន់​បក្ស​នេះ​ជា​អ្នក​ជីក​ផ្នូរ​ប្រជាធិបតេយ្យ​ទៅវិញ​។​

​ការស្ទង់មតិ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា បង្ហាញថា ការគាំទ្រ​បក្ស​របស់​លោកស្រី Merkel បាន​ធ្លាក់ចុះ​ពីរ​ភាគរយ​មក​ត្រឹម​៣២​ភាគរយ ខណៈដែល​បក្ស SPD របស់លោក Schulz ទទួល​ការគាំទ្រ​ចំនួន​២១​ភាគរយ​។ នេះ​មានន័យថា បក្ស​ធំ​ទាំងពីរ​សុទ្ធតែ​ពិបាក​ក្នុងការ​ទទួលបាន​សំឡេង​ភាគច្រើន​ក្នុង​សភា​។ ឯ​បក្សប្រឆាំង​ជនអន្តោប្រវេសន៍ AfD វិញ​មានការ​គាំទ្រ​ចំនួន​១៣​ភាគរយ ហើយ​រំពឹងថា​ក្លាយជា​បក្ស​ធំ​លំដាប់​ទី​បី​។​

​ក្នុងករណី​ឈ្នះ​ការបោះឆ្នោត​លើក​នេះ លោកស្រី Merkel នឹង​ក្លាយជា​ឥស្សរជន​នយោបាយ​អាល្លឺម៉ង់​ទី​បី ដែល​អាច​កាន់តំណែង​អធិការបតី​បួន​អាណត្តិ​។ អតីត​អធិការបតី លោក Helmut Kohl ដែលជា​អ្នក​បង្រួបបង្រួម​អាល្លឺម៉ង់​ទាំងពីរ និង​លោក Konrad Adenauer ដែល​បាន​ដឹកនាំ​អាល្លឺម៉ង់​ក្រោយ​សង្គ្រាមលោកលើកទីពីរ គឺជា​មេដឹកនាំ​ពីររូប​ដែល​អង្គុយ​កៅអី​អធិការបតី​បាន​បួន​អាណត្តិ​៕     


© រក្សាសិទ្ធិដោយ thmeythmey.com