អន្តរជាតិ
បក្ស​លោក ម៉ា​ក្រុង ខ្សត់​សំឡេង​នៅ​ព្រឹទ្ធសភា ខណៈ​ក្រុម​អភិរក្ស​មាន​សំឡេង​ភាគច្រើន​
25, Sep 2017 , 1:52 pm        
រូបភាព
​គណបក្ស La République en marche (LREM) របស់​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​រង​បរាជ័យ​ក្នុង​ការដណ្ដើម​សំឡេងគាំទ្រ​ក្នុងការ​បោះឆ្នោត​បំពេញបន្ថែម​សមាជិក​ព្រឹទ្ធសភា​បារាំង​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ។ បក្ស LREM ទទួលបាន​កៅអី​ព្រឹទ្ធសភា​តិចជាង​ការរំពឹងទុក ខណៈដែល​ក្រុម​អភិរក្ស​ឈ្នះ​បាន​កៅអី​បន្ថែមទៀត និង​ក្លាយជា​បក្ស​សំឡេង​ភាគច្រើន​។ ជ័យជម្នះ​នេះ នឹង​បង្ក​ឧបសគ្គ​ខ្លះ​ដល់​ផែនការ​កែទម្រង់​របស់​លោក ម៉ា​ក្រុង ។​



​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​បារាំង​ថ្មី​ចំនួន​១៧១ ក្នុងចំណោម​សមាជិក​សរុប​៣៤៨ បង្ហាញថា បក្ស​កាន់អំណាច La République en marche (LREM) របស់លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង មិន​ទទួលបាន​កៅអី​ដូច​ការគ្រោងទុក​ឡើយ​។ ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៤ ខែកញ្ញា បក្ស LREM ឈ្នះ​កៅអី​ចំនួន​តែ​២៣ ប៉ុណ្ណោះ ខណៈ​បក្ស​នេះ​រំពឹងថា​អាច​ទទួលបាន​កៅអី​ចន្លោះ​ពី​៤០ ទៅ​៥០ ដែល​គ្រប់គ្រាន់​សម្រាប់​ការកែទម្រង់​របស់លោក ម៉ា​ក្រុង ។

​ដោយឡែក បើតាម​ទូរទស្សន៍​បារាំង France 24 ក្រុម​អភិរក្ស​មាន​បក្ស​សាធារណរដ្ឋ​ជាដើម​នោះ រំពឹង​ទទួលបាន​កៅអី​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​ក៏​១៥០ ដែរ​។ ជាមួយ​ជោគជ័យ​នេះ ក្រុម​អភិរក្ស​ដែល​បរាជ័យ​ក្នុងការ​បោះឆ្នោត​រដ្ឋសភា នឹង​ក្លាយជា​កម្លាំងចលករ​ខ្លាំងក្លា​មួយ​ដើម្បី​ទប់ទល់​សំឡេង​ភាគច្រើន​របស់​បក្ស LREM ដែល​កំពុង​គ្រប់គ្រង​រដ្ឋសភា​។ យ៉ាងណាក្ដី ការសម្រេចចិត្ត​ចុងក្រោយ គឺ​ស្ថិតក្នុង​កណ្ដាប់ដៃ​រដ្ឋសភា​ទាំងអស់ ចំណែកឯ​ព្រឹទ្ធសភា​អាច​ត្រឹម​ពន្យារពេល​នីតិវិធី​ប៉ុណ្ណោះ​។​

​តាមពិតទៅ ការទទួលបាន​កៅអី​ព្រឹទ្ធសភា​តិចតួច​បែបនេះ ក៏​ព្រោះតែ​នេះ​ជាការ​បោះឆ្នោត​អសកល​។ តាមច្បាប់​បារាំង សមាជិក​ព្រឹទ្ធសភា ត្រូវ​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​មិន​ទូទៅ​មួយ ដែល​មន្ត្រី​ថ្នាក់ក្រោម​ជាតិ និង​សមាជិក​រដ្ឋសភា​ប៉ុណ្ណោះ​ទើប​មាន​សិទ្ធិ​បោះឆ្នោត​បាន​។ ដោយសារ​បក្ស LREM ជា​បក្ស​ចំណូល​ថ្មី មិនទាន់​ពង្រីក​វត្តមាន​គ្រប់​ទីតាំង និង​មាន​ការមិន​ពេញចិត្ត​ពី​មន្ត្រី​ថ្នាក់ក្រោម​ចំពោះ​នយោបាយ​លោក ម៉ា​ក្រុង ខ្លះ​ផង ទើប​បក្ស​នេះ​មិនអាច​ឈ្នះ​សំឡេង​បាន​ច្រើន​។​

​ការ​ខ្សត់​សំឡេង​នៅឯ​ព្រឹទ្ធសភា នឹង​ក្លាយជា​រឿង​លំបាក​មួយ​សម្រាប់​ប្រធានាធិបតី​វ័យក្មេង ម៉ា​ក្រុង ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បារាំង ដែល​លោក​គ្រោង​ធ្វើ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ។ លោក ម៉ា​ក្រុង ត្រូវការ​សំឡេងគាំទ្រ​បី​ភាគ​ប្រាំ​នៃ​ចំនួន​សមាជិកសភា​ទាំងពីរ​ជាន់ ពោលគឺ​ចំនួន​៥៥៥ នៃ​សមាជិកសភា​ទាំងពីរ ។ នៅ​រដ្ឋសភា លោក​អាច​ប្រមូល​សំឡេងគាំទ្រ​ចំនួន​ជាង​៤០០ ដែល​ភាគច្រើន​ជា​សមាជិក​បក្ស LREM របស់លោក​ផ្ទាល់​។​

​លោក ម៉ា​ក្រុង ដែល​ប្រជាប្រិយភាព​ធ្លាក់ចុះ​គួរ​រ​ឲ្យ​កត់សម្គាល់​នោះ ប្រហែលជា​ត្រូវ​ធ្វើការ​ជាមួយ​បក្សនយោបាយ​ផ្សេងទៀត​រាប់ទាំង​បក្ស​សាធារណរដ្ឋ​ផង ដើម្បី​ប្រមូល​ការគាំទ្រ​ក្នុងការ​អនុវត្ត​ផែនការ​កែទម្រង់ ជាពិសេស​នោះ គឺជា​គម្រោង​កាត់បន្ថយ​ចំនួន​សមាជិក​រដ្ឋសភា​ចំនួន​បី​ភាគ​តែម្ដង​។ ក្នុងករណី​មិនអាច​បំពេញ​សំឡេង​ខ្វះខាត​បាន លោក ម៉ា​ក្រុង ទំនងជា​ជ្រើសរើស​ផ្លូវ​ធ្វើជា​ប្រជាមតិ​ដើម្បី​សម្រេច​ផែនការ​របស់ខ្លួន​៕


Tag:
 បារាំង​
  ព្រឹទ្ធសភា​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com