អន្តរជាតិ
វិបត្តិ​ឧបទ្វីប​កូរ៉េ​៖ ត្រាំ ថា​យោធា​មិនមែនជា​ជម្រើស​ទីមួយ តែ​អាមេរិក​ត្រៀម​រួចស្រេច​ហើយ​
27, Sep 2017 , 12:12 pm        
រូបភាព
បន្ទាប់ពី​ប្រើប្រាស់​សម្ដី​ព្រមាន​ខ្លាំងៗ​ដាក់​កូរ៉េខាងជើង​រួច ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហាក់​បន្ថយ​សំឡេង​គំរាម​របស់លោក និង​ប្រកាស​ដោះស្រាយ​បញ្ហា​រញ៉េរញ៉ៃ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​លោក​អះអាងថា​បន្សល់ទុក​ដោយ​មេដឹកនាំ​អាមេរិក​ជំនាន់​មុន​។ សម្រាប់​លោក ត្រាំ យោធា​មិនមែនជា​ជម្រើស​ទីមួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ទេ តែ​លោក​ក៏​ប្រាប់​ឲ្យ​កូរ៉េខាងជើង​កុំ​ធ្វើ​ទង្វើ​ដែល​បង្ខំ​ឲ្យ​លោក​ជ្រើសរើស​ផ្លូវ​នេះ​ឲ្យ​សោះ​។


 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​ព្រមាន​ជាថ្មីទៀត​ទៅកាន់​របប​ដឹកនាំ​កូរ៉េខាងជើង ដែល​ទើបតែ​ចោទ​អាមេរិក​ថា​បានប្រកាស​សង្គ្រាម​។ លោក ត្រាំ បាន​និយាយ​គំរាមថា អាមេរិក​ប្រុងប្រៀប​រួចស្រេច​ហើយ​ក្នុង​ការបើក​ប្រតិបត្តិការ​យោធា​ដែល​អាច​បង្ក​វិនាសកម្ម​ឲ្យ​កូរ៉េខាងជើង បើ​ស្ថានការណ៍​ចាំបាច់​មែន​។ ប៉ុន្តែ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ប្រើប្រាស់​មធ្យោបាយ​សន្តិភាព​ឲ្យ​អស់ចិត្ត ដើម្បី​បញ្ចប់​វិបត្តិ​នេះ​។​

​ក្នុង​សន្និសីទកាសែត​ជាមួយ​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​នៅ​សួនច្បារ​សេត​វិមាន​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា ជម្រើស​យោធា​មិនមែនជា​ដំណោះស្រាយ​អាទិភាព​ដំបូង​ទេ តែ​ជា​ជម្រើស​ទី​ពីរ​។ លោក​បន្តថា អាមេរិក​ក៏បាន​ត្រៀម​អនុវត្ត​ជម្រើស​ទី​ពីរ​នេះ​រួចស្រេច​ហើយ​ដែរ ហើយ​បើ​ពិតជា​ចៀស​មិន​ផុត​នោះ ចំណាត់ការ​យោធា​នេះ​នឹង​ក្លាយ​មហន្តរាយ​ដ៏​ធំ​សម្រាប់​កូរ៉េខាងជើង​តែម្ដង​។​

​ទំនង​ដូច​ការលើកឡើង​របស់​លោក ត្រាំ ដែល​មិនទាន់​ចង់​ប្រើ​វិធានការ​យោធា ក្រុង​វ៉ាស៊ីនតោន​បាន​បន្ត​ដាក់​សម្ពាធ​សេដ្ឋកិច្ច​កាន់តែខ្លាំង​លើ​ក្រុង​ព្យុងយ៉ាង​។ ក្រសួង​រតនាគារ​អាមេរិក​ទើប​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ធនាគារ​ចំនួន​៩ ដែល​ខ្លះ​រកស៊ី​ជាមួយ​ចិន និង​ជនជាតិ​កូរ៉េខាងជើង​ច្រើន​នាក់ ដែល​ជាប់​សង្ស័យថា​ជួយ​រក​ហិរញ្ញវត្ថុ​ឲ្យ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ដើម្បី​អភិវឌ្ឍ​កម្មវិធី​នុយ​ក្ល​អ៊ែរ​។ ជនជាតិ​កូរ៉េខាងជើង​ដែល​រង​ទណ្ឌកម្ម​លើក​នេះ​មកពី​លី​ប៊ី ចិន រុស្ស៊ី និង​ក្រុង​ឌូ​បៃ​ជាដើម​។​

​ការ​ផ្លោង​ពាក្យសម្ដី​គំរាម​គ្នា​ទៅវិញទៅមក​រវាង​អាមេរិក និង​កូរ៉េខាងជើង បានធ្វើ​ឲ្យ​អន្តរជាតិ​បារម្ភ​ខ្លាំង ព្រោះ​ការវាយតម្លៃ​ស្ថានការណ៍​ខុស​អាច​បង្ក​ជា​ជម្លោះ​ប្រដាប់អាវុធ​បាន​។ ចិន​ដែលជា​អ្នកជិតខាង​របស់​កូរ៉េខាងជើង មិនសូវ​ពេញ​ចិត្តការ​បរិហារ​គ្នា​នេះឡើយ​។ ក្រៅពី​ការស្នើ​ឲ្យ​រក្សា​ការអត់ធ្មត់​ខ្ពស់​នោះ ក្រុង​ប៉េកាំង ក៏​ព្រមាន​ដែរ​ថា សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ នឹង​មិនមាន​អ្នកណា​ឈ្នះ​ឡើយ និង​បង្ក​តែ​វិនាសកម្ម​ប៉ុណ្ណោះ​។

​ដោយឡែក​ទណ្ឌកម្មសេដ្ឋកិច្ច និង​សម្ពាធ​ការទូត ដែល​រដ្ឋបាល​លោក ត្រាំ ចាត់ទុកជា​ជម្រើស​ទីមួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ នៅតែ​ផ្ដល់​លទ្ធផល​តិច​តួ​ស្ដួចស្ដើង​ដដែល​។ កូរ៉េខាងជើង​ហាក់​មិន​ខ្វល់​ទណ្ឌកម្ម​អ្វី​ទេ ហើយ​រឹតតែ​ប្រឹងប្រែង​បង្កើនល្បឿន​ផែនការ​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ដដែល​។ ខណៈដែល​ចិន និង​រុស្ស៊ី គ្មាន​ជំហរ​ប្រើប្រាស់​យោធា​នោះ អាមេរិក​ក៏​អាច​ត្រឹមតែ​ប្រើប្រាស់​ជម្រើស​ទីមួយ​របស់ខ្លួន​ក្នុងការ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​មហិច្ឆតា​របស់ខ្លួន​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com