អន្តរជាតិ
តុលាការ​ថៃ​កាត់ទោស​លោកស្រី យី​ង​ឡាក់ ជាប់គុក​៥​ឆ្នាំ​លើ​ករណី​ធ្វេសប្រហែស​ការងារ​
27, Sep 2017 , 3:21 pm        
រូបភាព
​តុលាការ​កំពូល​ថៃ​បាន​កាត់ទោស​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​លើ​សំណុំរឿង​ធ្វេសប្រហែស​ក្នុងការ​ដឹកនាំ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ទឹកប្រាក់​រាប់លាន​ដុល្លារ​ជុំវិញ​កម្មវិធី​ទិញ​អង្ករ​តម្លៃថោក​។ សវនាការ​ថ្ងៃទី​២៧ ខែកញ្ញា ធ្វើឡើង​ដោយ​មិនមាន​វត្តមាន​លោកស្រី យី​ង​ឡាក់ ឡើយ ដ្បិត​លោកស្រី​គេចខ្លួន​ទៅ​បរទេស​តាំងពី​ខែ​មុន​មកម្ល៉េះ​។ របប​សឹក​ថៃ​ក៏​កំពុង​ស្វះ​ស្វែងរក​កន្លែង​លាក់ខ្លួន​របស់លោក​ស្រី យី​ង​ឡាក់ ផងដែរ​។



​តុលាការ​ថៃ​បានប្រកាស​សាលដីកា​ប្រឆាំង​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដោយបាន​រកឃើញថា​លោកស្រី យី​ង​ឡាក់ ពិត​ជាមាន​កំហុស​ក្នុងការ​អនុវត្ត​កម្មវិធី​ទិញ​អង្ករ​តម្លៃ​ថ្លៃ ដែល​ពោរពេញ​ដោយ​អំពើពុករលួយ និង​ភាពមិនប្រក្រតី​ជាច្រើន​។ ខុសពី​ការរំពឹងទុក តុលាការ​បាន​កាត់ទោស​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ត្រឹម​ការជាប់​ពន្ធនាគារ​៥​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​អតីតមន្ត្រី​លោកស្រី​ពីរ​នាក់​ជាប់ពន្ធនាគារ​ចាប់​លើស​៣០​ឆ្នាំ​ឯណោះ​។​

​បើតាម​សារព័ត៌មាន The Nation អ្នកគាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ជាច្រើន​បាន​ប្រមូល​ផ្ដុំគ្នា​ខាងមុខ​តុលាការ​ដើម្បី​បង្ហាញ​ការគាំទ្រ​របស់ខ្លួន ទោះជា​ដឹងថា​លោកស្រី យី​ង​ឡាក់ មិនមាន​វត្តមាន​ក្នុងប្រទេស​ក្ដី​។ មេធាវី​លោកស្រី គឺ​លោក Norrawit Larlaeng បាន​និយាយ​មុន​ការប្រកាស​សាលដីកា​ថា លោក​ក៏​មិនដឹង​ពី​កន្លែង​រស់នៅ​របស់​កូនក្ដី​លោក​ដែរ ព្រោះ​បាន​បាត់​ដំណឹង​សូន្យឈឹង​តាំងពី​ខែសីហា​មកម្ល៉េះ​។​

​ដោយឡែក នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២៦ ខែកញ្ញា បាន​បង្ហើប​ថា លោក​បានដឹង​ពី​កន្លែង​លាក់ខ្លួន​របស់លោក​ស្រី យី​ង​ឡាក់ ហើយ ប៉ុន្តែ​លោក​រង់ចាំ​ដល់ពេល​តុលាការ​ប្រកាស​សាលដីកា​សិន​ទើប​លោក​បញ្ចេញ​ព័ត៌មាន​នេះ​។ ជាមួយគ្នានេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ក៏​នឹង​សម្រេចចិត្តថា​នឹង​លុបចោល​លិខិតឆ្លងដែន​របស់លោក​ស្រី យី​ង​ឡាក់ ឬ​អត់ នៅក្រោយ​ការប្រកាស​របស់​តុលាការ​កំពូល​ដូចគ្នា​ដែរ​។​

​សវនាការ​កំបាំងមុខ​រយៈពេល​ជិត​បួន​ម៉ោង​ថ្ងៃទី​២៧ ខែកញ្ញា ធ្វើឡើង​មួយខែ​ក្រោយ​ការពន្យារពេល​សវនាកា​រ​លើកទីមួយ​ថ្ងៃទី​២៥ ខែសីហា​។ លោកស្រី យី​ង​ឡាក់ បាន​រត់គេចខ្លួន​មុន​ការប្រកាស​សាលដីកា ដែល​ធ្វើ​ឲ្យ​តុលាការ​សម្រេចចិត្ត​ផ្អាក​សវនាការ និង​ចេញ​សាលដីកា​ចាប់ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​ស្ត្រី​រូបនេះ​ដែរ​។ ចាប់ពីពេលនោះ របប​យោធា​ក៏​ចាប់ផ្ដើម​ប្រតិបត្តិ​ការរុករក​លោក​ស្រី ដែល​គេ​ជឿថា រត់​ទៅ​ជួប​បងប្រុស ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅ​ទីក្រុង​ឌូ​បៃ​។ 

​អវត្តមាន​ចំពោះមុខ​តុលាការ​នៅពេលនេះ ទំនងជា​ប៉ះពាល់​ដល់​សិទ្ធិ​ជំទាស់​សាលដីកា​របស់លោក​ស្រី​។ យ៉ាងណាមិញ ក្រុម​មេធាវី​របស់លោក​ស្រី ក៏​មិនទាន់​សម្រេចចិត្ត​បែបណា​ដែរ ហើយ​ទំនងជា​ពិភាក្សា​ជាមួយ​កូនក្ដី​របស់ខ្លួន​សិន​៕


Tag:
 ​ថៃ​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់
© រក្សាសិទ្ធិដោយ thmeythmey.com