អន្តរជាតិ
ឌូ​ទើ​តេ ប្តឹង​ដកតំណែង​ប្រធាន​ស្ថាប័ន​ប្រឆាំង​ពុករលួយ​ដែល​ស៊ើប​រឿង​ទ្រព្យសម្បត្តិ​របស់លោក​
05, Oct 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ហ្វីលីពីន ប្រកាស​ដាក់ពាក្យ​ប្តឹង​ដកហូត​ប្រធាន​ស្ថាប័ន​ពុករលួយ បន្ទាប់ពី​ប្រធាន​ស្ថាប័ន​នេះ​ហ៊ាន​ស៊ើបអង្កេត​ករណី​សង្ស័យ​ដែលថា​លោក​មាន​លុយ​លាក់​រាប់ពាន់​លាន​ប៉ឺ​សូ​នោះ​។  លោក​អះអាងថា លោក​បានប្រកាស​ទ្រព្យសម្បត្តិ​ត្រឹមត្រូវ​តាមច្បាប់​មុន​ក្លាយជា​ប្រធានាធិបតី ហើយ​វា​គ្មាន​រឿង​ដូចដែល​គេ​ចោទ​ឡើយ​។



​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រកាស​ចេញ​វិធាន​ការប្តឹង​ដកតំណែង​ប្រធាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ហ្វីលីពីន​លោកស្រី Conchita Carpio-Morales នៅ​ថ្ងៃ​ពុធ​ទី ៤ ខែតុលា​។ ការអះអាង​បែបនេះ​ធ្វើឡើង បន្ទាប់ពី​លោកស្រី​ប្រធាន​ស្ថាប័ន​ខាងលើ​បើក​ការស៊ើបអង្កេត​រឿង​ទ្រព្យសម្បត្តិ​ដែល​ប្រធានាធិបតី​លាក់ទុក​មិន​ព្រម​ប្រកាស​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ឌូ​ទើ​តេ បាន​បញ្ជាក់ថា លោក​នឹងដាក់​ពាក្យ​ប្តឹង​ដកហូត​តំណែង​លោកស្រី Morales នៅពេល​ខាងមុខ​។ លោក​ហាក់ដូចជា​ខឹងសម្បារ​នៅពេលដែល​ស្ថាប័ន​ប្រឆាំង​ពុករលួយ  បញ្ជាក់​កាលពី​ខែ​មុន​ថា គេ​កំពុង​ត្រួតពិនិត្យ​ការចោទប្រកាន់​នានា​ពាក់ព័ន្ធ​ទ្រព្យសម្បត្តិ​របស់លោក​។ គេ​ចោទថា លោក ឌូ​ទើ​តេ មិនបាន​ប្រកាស​ទ្រព្យសម្បត្តិ​ឲ្យ​បាន​ពេញលេញ​តាមច្បាប់​ទាមទារ​មុនពេល​លោក​ក្លាយជា​ប្រធានាធិបតី​ឡើយ​។

​លោក ឌូ​ទើ​តេ​បន្ត​ដូច្នេះ​៖ «​ចុងក្រោយ គេ​ត្រឹម​រកឃើញថា វា​គ្មាន​ការលក់​ទុកទ្រព្យ​សម្បត្តិ​ដូច​កាល​ចោទប្រកាន់​ឡើយ​»​។ លោក ឌូ​ទើ​តេ បន្ថែមថា លោក​ក៏​ចង់ឃើញ​ប្រធាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​នេះ​ប្រកាស​ទ្រព្យសម្បត្តិ​ខ្លួន​ជា​សាធារណៈ ហើយ​លាលែង​ពី​តំណែង​ដែរ​។

​នៅ​ហ្វីលីពីន ប្រធានាធិបតី អនុ​ប្រធានាធិបតី ចៅក្រម​តុលាការ​កំពូល ប្រធាន​ស្ថាប័ន​ធម្មនុញ្ញ និង​ប្រធាន​ស្ថាប័ន​ប្រឆាំង​ពុករលួយ ត្រូវ​ឆ្លងកាត់​នីតិវិធី​ដកហូត​តំណែង​នៅពេល​មាន​ករណី​ចោទប្រកាន់​ពាក់ព័ន្ធ​បទល្មើស​ក្បត់ជាតិ ពុករលួយ ស៊ីសំណូក និង​សកម្មភាព​ទាំងឡាយណា​ដែល​បង្ក​ផលប៉ះពាល់​រដ្ឋធម្មនុញ្ញ​របស់​រដ្ឋ​ផង​។​

​ទោះ​មាន​គំរាម​របស់​ប្រធានាធិបតី​ដូច្នេះ​ក្តី កាលពី​ថ្មីៗ​នេះ ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់ថា ស្ថាប័ន​ប្រឆាំង​ពុករលួយ​មិនត្រូវ​រង​ការគំរាមកំហែង​ឡើយ ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ ហើយ​ស្ថាប័ន​នេះ​នៅ​បន្ត​ការស៊ើបអង្កេត​ករណី​ពុករលួយ​តាម​សិទ្ធិអំណាច​ដែល​ផ្តល់​ឲ្យ​ដោយ​រដ្ឋធម្មនុញ្ញ​ផង​។​

​ក្រៅពី​យក​ប្រធាន​ស្ថាប័ន​ប្រឆាំង​ពុករលួយ​ជាស​ត្រូវ ប្រធានាធិបតី ឌូ​ទើ​តេ ក៏បាន​ចង់​ដកហូត​តំណែង​ប្រធាន​តុលាការ​កំពូល​លោកស្រី  Maria Lourdes Sereno ព្រោះ​លោក​អះអាងថា​ប្រធាន​ស្ថាប័ន​យុត្តាធិការ​កំពូល​របស់​រដ្ឋ​នេះ​លម្អៀង​ទៅរក​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ដែល​ប៉ង​ទម្លាក់​លោក​ពី​តំណែង​៕ 


Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​តើ​ទេ​
  Conchita Carpio-Morales
© រក្សាសិទ្ធិដោយ thmeythmey.com