ជាតិ
លោក យូ ហុកគ្រី​៖«​ឋានៈ​ជា​អនុប្រធាន​សភា មាន​កិត្តិយស​ខ្ពស់ ដែល​ខ្ញុំ​ត្រូវបំពេញ​ដោយ​ថ្លៃថ្នូរ​»
08, Dec 2017 , 4:56 pm        
រូបភាព
រូបភាព៖ លោក យូ ហុកគ្រី អនុប្រធានទី១នៃរដ្ឋសភា ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២0១៧
រូបភាព៖ លោក យូ ហុកគ្រី អនុប្រធានទី១នៃរដ្ឋសភា ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២0១៧
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក យូ ហុកគ្រី តំណាងរាស្ត្រ​ថ្មី​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្តែង​ការពេញចិត្ត​ចំពោះ​តំណែង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ដែល​នៅ​ទំនេរ​ជាង​២​ឆ្នាំ​មកហើយ បន្ទាប់ពី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ម្ចាស់​ដើម ត្រូវបាន​ដកចេញ កាលពី​ចុងឆ្នាំ​២0១៥​។ លោក យូ ហុកគ្រី យល់ថា ការទទួល​តំណែង​នេះ គឺធ្វើឡើង​ទៅតាម​ច្បាប់​។



​បន្ទាប់ពី​រដ្ឋសភា បោះឆ្នោត​ឲ្យ​ធ្វើជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក យូ ហុកគ្រី បាន​ឡើង​ថ្លែង​សារ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ ចាត់ទុក​តួនាទី​ជា​អនុប្រធាន​នៃ​រដ្ឋសភា ជា​តួនាទី​ដែលមាន​កិត្តិយស​ឧត្តុង្គឧត្តម ដែល​ខ្ញុំ​ត្រូវបំពេញ​ដោយ​សេចក្តីថ្លៃថ្នូរ ឲ្យ​អស់ពី​សមត្ថភាព ចំណេះដឹង បទពិសោធ និង​ការងារ​របស់ខ្ញុំ​។  បញ្ហា​ប្រឈម ដែល​យើងខ្ញុំ​ត្រូវ​ប្តូរផ្តាច់ គឺ​ការបម្រើ​ប្រជារាស្ត្រ​និង​សង្គម ដើម្បី​ការអភិវឌ្ឍ​»​។

​ក្រោយ​ចាក​ចេញពី​កិច្ចប្រជុំ លោក យូ ហុកគ្រី បាន​ប្រាប់​ក្រុមអ្នកកាសែត​បន្ថែមថា លោក មិន​ទោមនស្ស​ឡើយ ចំពោះ​ការ​សើចចំអក​និង​ការរិះគន់​របស់​សាធារណជន​មួយចំនួន​។ លោក ចាត់ទុក​ការរិះគន់​ទាំងនោះ ថា​ជា​សិទ្ធិ​បញ្ចេញមតិ​ក្នុងសង្គម​ប្រជា​ធិ​បតេ​យ្យ​៕


Tag:
 យូ ហុកគ្រី​
© រក្សាសិទ្ធិដោយ thmeythmey.com