សុខភាព
អន្តរជាតិ
សេវាកម្ម​ធ្វើ​ឲ្យ​លិង្គ​ស នៅ​ថៃ ដែលមាន​អតិថិជន​ខ្មែរ​ផងដែរ​នោះ រង​ការព្រមាន​
10, Jan 2018 , 10:19 pm        
រូបភាព
ដោយ: ធីតា
​ក្រសួងសុខាភិបាល​ថៃ បាន​ព្រមាន​ពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ចំពោះ​បុរស​ដែល​ទទួល​សេវាកម្ម​ដ៏​ចម្លែក​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក​។  មិនមែនជា​សេវាកម្ម​កែ​សម្ផស្ស​ដើម្បី​ឲ្យ​ស្បែក មុខ ឬ​ធ្មេញ​ស​ស្អាត​នោះឡើយ តែ​ជា​សេវាកម្ម​សម្រាប់​បុរស​ដែល​ចង់​ឲ្យ​លិង្គ​របស់ខ្លួន​ស​។



​នា​រយៈពេល​៤​ខែ​កន្លងមកនេះ មន្ទីរពេទ្យ Lelux ដែល​ស្ថិតនៅក្នុង​ទីក្រុង​បាងកក បាន​បើក​សេវាកម្ម​​ថ្មី​បំផុត​មួយ​សម្រាប់​បុរស​ដែលចង់​បាន​លិ​ង្គ​ពោរពេញ​ទៅដោយ​ការទាក់ទាញ​។ លោក Popol Tansakul ប្រធាន​ទីផ្សារ​នៃ​មន្ទីរពេទ្យ បាន​រៀបរាប់​ប្រាប់ BBC ថា វា​ជា​សេវាកម្ម​ធ្វើ​ឲ្យ​លិង្គ​ស ដែលមាន​តម្លៃ​ជា​កញ្ចប់​ចំនួន​៦៥០​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​៥​ដង​។​

​បើតាម​ការបញ្ជា​ក់រប​ស់លោក Popol គ្លីនិក​របស់លោក​ទទួល​បាន​អតិថិជន​ចន្លោះ​ពី​២០ ទៅ​៣០​នាក់​ក្នុង​មួយខែ ដែល​ក្រៅពី​ជនជាតិ​ថៃ ក៏មាន​អតិថិជន​ពី​ប្រទេស​មី​យ៉ាន់​ម៉ា កម្ពុជា និង​ហុងកុង​ផងដែរ​។ «​អតិថិជន​ភាគច្រើន គឺ​បុរស​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា ដោយ​ពួកគាត់​ចង់​ឲ្យ​គ្រប់ផ្នែក​នៃ​រាងកាយ​របស់ខ្លួន​ស្រស់ស្អាត​ទាំងអស់​»​។ នេះ​ជាការ​ពន្យល់​របស់លោក Popol​។​



​បន្ទាប់ពី​បាន​ពិនិត្យឃើញ​ការផ្សព្វផ្សាយ​សេវា​កម្មនេះ តាម​ឃ្លី​ប​វីដេអូ​មួយ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ បានចេញ​សារ​ព្រមាន​ពី​គ្រោះថ្នាក់​ដែល​អាច​កើត​ចំពោះ​អតិថិជន ដូចជា​ការឈឺចាប់ ការ​រលាក ឬ​ស្លាកស្នាម រួមទាំង​ផលប៉ះពាល់​លើ​ប្រព័ន្ធ​បន្ត​ពូជ និង​ការ​រួមភេទ​។​

​លោក​វេជ្ជបណ្ឌិត Thongchai Keeratihuttayakorn មន្ត្រី​ក្រសួងសុខាភិបាល បាន​ព្រមាន​ថា​៖ «​ការបាញ់​ឡាស៊ែរ​ដើម្បី​ឲ្យ​លិង្គ​ស មិនមែនជា​រឿង​ចាំបាច់​ដែល​ត្រូវធ្វើ​នោះឡើយ ដោយ​ក្រៅពី​ចំណាយលុយ​អត់​ប្រយោជន៍ វា​ថែមទាំង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ជាង​វិជ្ជមាន​ទៀតផង​»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អតិថិជន​មួយចំនួន​ដែល​បានទទួល​សេវា​កម្មនេះ បាន​រៀបរាប់​ប្រាប់ BBC ទាំង​រីករាយ​ចំពោះ​អ្វីដែល​ពួកគេ​បានធ្វើ​។ ពួកគេ​អះអាងថា ខ្លួន​មាន​ទំនុកចិត្ត និង​រីករាយ​ជាង​មុន​៕



Tag:
 កែ​សម្ផស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com