អន្តរជាតិ
ប្រធាន​អាស៊ាន​សិង្ហ​បុរី​៖«​យើង​នឹង​ជួយ​ដោះស្រាយ​បញ្ហា​អាស៊ាន មិនមែន​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​អាក្រក់​ឡើយ
02, Feb 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​បានបញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១ ខែកុម្ភៈ​ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន សិង្ហ​បុរី​នឹង​ព្យាយាម​ដើរតួនាទី​ជា​អ្នក​ជួយ​សម្របសម្រួល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ហើយ​សិង្ហ​បុរី​មិន​ព្យាយាម​គេច​ពី​បញ្ហា ហើយក៏​មិន​ធ្វើ​ឲ្យ​ស្ថានការណ៍​អាក្រក់​ជាង​មុន​ដែរ​។​



«​យើង​មិនមែន​ធ្វើ​ឲ្យ​តែ​ល្អមើល​ឡើយ ហើយ​យើង​ក៏​មិន​ព្យាយាម​គេច​ពី​បញ្ហា​ប្រឈម​ដូចគ្នា​។ យើង​មិន​ត្រឹមតែ​លើកឡើង ឬ​បង្ហាញថា​វា​ជា​បញ្ហា​ឡើយ យើង​ក៏​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដែរ​»​។ ប្រមុខ​ការទូត​សិង្ហ​បុរី វី​វៀន បា​ឡា​គ្រី​ស្នាន់ (Vivian Balakrisnan) ថ្លែង​ដូច្នេះ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន Straits Times មុន​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​។​

«​បើទោះបីជា​យើង​មិនអាច​រក​ដំណោះស្រាយ​បាន​ពេញលេញ​ក្តី យ៉ាងហោចណាស់​យើង​មិន​ធ្វើ​ឲ្យ​វា​អាក្រក់​ជាង​មុន​ដែរ​។ យ៉ាងហោចណាស់ យើង​ព្យាយាម​ស្វែងរក​ជំហាន​ដំបូង​ដែល​អាច​ឲ្យ​យើង​អាចធ្វើ​ឲ្យ​ស្ថាន​ការ​ប្រសើរឡើង​ដែរ​»​។ លោក បា​ឡា​គ្រី​ស្នាន់ បន្ថែម​ដូច្នេះ​។​

​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​បញ្ហា​រសើប​សម្រាប់​អាស៊ាន ប៉ុន្តែ​លោក បា​ឡា​គ្រី​ស្នាន់ កត់សម្គាល់ថា ស្ថានភាព​ជម្លោះ​បច្ចុប្បន្ន​ស្ងប់ស្ងាត់​ច្រើន​ហើយ ហើយ​ភាគី​នឹង​ចាប់ផ្តើម​ពិភាក្សា​លើ​ការបង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC)​ដែរ​។

​ប៉ុន្តែ​សម្រាប់​លោក អាស៊ាន​មិនចាំបាច់​កំណត់​កាលបរិច្ឆេទ​ចុងក្រោយ​សម្រាប់​ការបង្កើត​ក្រម​នេះឡើយ ព្រោះ​ទំនាក់ទំនង​រវាង​អាស៊ាន និង​ចិន​មាន​ប្រយោជន៍​ធំធេង​ណាស់ ហើយ​គេ​មិនគួរ​មើល​ទំនាក់ទំនង​នេះ​តាម​ក្រសែរ​ភ្នែក​ជម្លោះ​ឡើយ​។​

​ការពិភាក្សា​បង្កើត​ក្រម​ប្រតិបត្តិ​នឹងត្រូវ​ចាប់ផ្តើម​ពិភាក្សា​ជា​ផ្លូវការ​នៅ​ឆ្នាំនេះ ក្រោយ​ភាគី​ពាក់ព័ន្ធ​អាស៊ាន និង​ចិន​បាន​ឯកភាពគ្នា​លើ​ក្របខណ្ឌ​ក្រម​ប្រតិបត្តិ​នេះហើយ​កាលពី​ឆ្នាំមុន​។​
​ពាក់ព័ន្ធ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា និង​ជម្លោះ​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន (Rakhine) លោក បា​ឡា​គ្រី​ស្នាន់ ក៏បានផ្តល់​យោបល់​ថា វា​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​ដោះស្រាយ ហើយ​ការប្រើ​ឧ​គ្ឃោ​សន​សព្ទ​នយោបាយ​ដើម្បី​ទិតៀន​ភាគី​ណាមួយ​នោះ​មិនមែនជា​ដំណោះស្រាយ​ឡើយ​។

​ក្នុង​កម្រិត​យុទ្ធសាស្ត្រ  ប្រមុខ​ការទូត​សិង្ហ​បុរី​ខាង​អះអាងថា អាស៊ាន​ប្រឈម​បញ្ហា​ធំ​បួន​ក្នុងនោះ​មានការ​ផ្លាស់ប្តូរ​តុល្យភាព​អំណាច​,​បដិវត្តន៍​បច្ចេកវិទ្យា​, ពាណិជ្ជកម្ម​សេរី និង ការ​ឯកភាពគ្នា​ក្នុងចំណោម​សមាជិក​អាស៊ាន​។​

​បច្ចុប្បន្ន មហាអំណាច​ដូចជា​អាមេរិក ឥណ្ឌា និង​ចិន​ជាដើម​កំពុង​ប្រកួតប្រជែង​គ្នា​ដើម្បី​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​នៅក្នុង​តំបន់ ហើយ​អាស៊ាន​ស្ថិតនៅក្នុង​ក្រសែរ​ភ្នែក​របស់​មហាអំណាច​ទាំងនោះ​ដូចគ្នា​។​

​លោក បា​ឡា​គ្រី​ស្នាន់ ផ្តល់យោបល់​ថា វា​ជា​រឿង​ចាំបាច់​ដែល​អាស៊ាន​ត្រូវ​ពង្រឹង​ឯកភាពគ្នា​ដោយ​ឈរលើ​គោល​ការ​ឯក​ច្ឆ័​ន ដើម្បី​ដោះស្រាយ​បញ្ហា រួមទាំង​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​ទាំង​នោះដែរ​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ អាស៊ាន​មិនត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ជ្រើស​រើសយក​ភាគី​ណាមួយ​ជា​ខ្នងបង្អែក​ឡើយ​៕


Tag:
 សិង្ហ​បុរី​
  អាស៊ាន​
  Vivian Balakrisnan
© រក្សាសិទ្ធិដោយ thmeythmey.com